អន្តរជាតិ
ដូ​ណា​ល់ ត្រាំ បណ្តេញ​ប្រធាន​ផ្នែក​ទំនាក់ទំនង​សេត​វិមាន ក្រោយ​តែងតាំង​ប្រហែល ១០ ថ្ងៃ​
01, Aug 2017 , 3:20 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រោយ​កាន់តំណែង​មិនទាន់បាន​ដប់​ថ្ងៃ​ស្រួលបួល​ផង នាយក​ផ្នែក​ទំនាក់ទំនង​ប្រចាំ​សេត​វិមាន​លោក Anthony Scaramucci ត្រូវ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បណ្តេញ​ចេញពី​តំណែង​ទៀត​ថ្ងៃ​ចន្ទ​ទី​៣១ ខែកក្កដា​។ មន្ត្រី​រូបនេះ​បាត់បង់​តំណែង ក្រោយ​មានការ​ផ្លាស់ប្តូរ​នាយក​ខុ​ទ្ទ​ការ​ល័យ​នាយករដ្ឋមន្ត្រី​សប្តាហ៍​មុន ដោយ​ផ្ទេរ​ពី​លោក Reince Priebus ទៅ​ឲ្យ​លោក John Kelly ដែលជា​អតីតរដ្ឋមន្ត្រី​សន្តិសុខ​ផ្ទៃក្នុង​នោះ​។​



​អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី Sarah Huckabee Sanders ដែល​ទើប​ឡើង​ជំនួស​តំណែង​លោក Sean Spicer បានលើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​ចន្ទ​ទី ៣១ ខែ​ក​ក្កថា លោក Anthony Scaramucci លែង​កាន់តំណែង​ជា​ប្រធាន​ផ្នែក​ទំនាក់ទំនង​សេត​វិមាន​ហើយ​។

​លោកស្រី​បានបញ្ជាក់​ដូច្នេះ​ថា​៖ « លោក Scaramucci នឹង​ចាក​ចេញពី​តំណែង​ជានា​យក​ផ្នែក​ទំនាក់ទំនង​ប្រចាំ​សេត​វិមាន​។ លោក Scaramucci យល់ថា វា​ជា​ពេលវេលា​ល្អ​បំផុត​ដែល​ត្រូវ​ផ្តល់ឱកាស​ឲ្យ​ប្រធាន​ផ្នែក​បុគ្គលិក​សេត​វិមាន John Kelly ផ្តើម​ការងារ​ដោយ​រលូន និង​អាច​ពង្រឹង​ក្រុមការងារ​ឲ្យ​បានល្អ​។ យើង​ជូនពរ​គាត់​»​។ 

​នេះ​បញ្ជាក់ថា​លោក​ត្រូវគេ​បណ្តេញចេញ​ក្រោយ​កាន់​ឡើង​តំណែង​មិនបាន​ដប់​ថ្ងៃ​ស្រួលបួល​ផង​។ សូម​រម្លឹក​បន្តិច​លោក ដូ​ណា​ល់ ត្រាំ បានសម្រេច​តែងតាំង​លោក Scaramucci ឲ្យ​ធ្វើជា​នាយក ផ្នែក​ទំនាក់ទំនង​ប្រចាំ​សេត​វិមាន​ថ្ងៃ ២១ ខែកក្កដា ដោយ​ការសម្រេចចិត្ត​នេះ​បង្ក​ឲ្យ​មានរឿង​ចម្រូងចម្រាស​ច្រើន​។ ចម្រូងចម្រាស​ត្រង់​ថា ការលើក​បន្ទុប​លោក Scaramucci ធ្វើ​ឲ្យ​លោក Sean Spicer ជា​អ្នកនាំពាក្យ​សេត​វិមាន​នោះ​បង្ខំចិត្ត​ចាកចេញ​តំណែង​របស់ខ្លួន​ដែរ​។

​ក្រោយ​ចូលកាន់​តំណែង​លោក Scaramucci បាន​ទិតៀន និង​វាយប្រហារ​បណ្តា​មន្ត្រី​នៅក្នុង​សេត​វិមាន​រួមទាំង​អតីត​ប្រធាន​បុគ្គលិក​សេត​វិមាន Reince Priebus ដែល​ទើប​លោក ត្រាំ បណ្តេញចេញ​កាលពី​សប្តាហ៍​មុន និង​មន្ត្រីជាន់ខ្ពស់​ឯទៀត​ផង​។​

​គេ​ដឹងថា លោក Scaramucci មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ត្រាំ និង​ក្រុមគ្រួសារ​។  ហើយ​គេ​មិន​ភ្លេច​ទេ​ថា Ivanka Trump និង​ស្វាមី​ខ្លួន Jare Krushner ជា​អ្នកជំរុញ​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ ជ្រើសរើស Scaramucci ជា​មន្ត្រី​សេត​វិមាន​ផងដែរ​។

​ត្រឡប់មកវិញ ការបណ្តេញ​លោក Scaramucci ពី​តំណែង​ប្រហែល​ដប់​ថ្ងៃក្រោយ​ការតែងតាំង​នេះ អាចជា​ចំណាត់ការ​មួយ​ក្នុង​ការរៀបចំ​សណ្តាប់ធ្នាប់​និង​របៀបរបប​ការងារ​ក្នុង​សេត​វិមាន​ឡើងវិញ​។ ការសម្រេចចិត្ត​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការស្នើសុំ​របស់​ប្រធាន​ផ្នែក​បុគ្គលិក​សេត​វិមាន​ថ្មី​លោក John Kelly ដែល​ទើប​ស្បថ​ចូលកាន់​តំណែង​ដើម​សប្តាហ៍​នេះនោះ​។

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​លោក បាន​ប្រាប់​មន្ត្រីក្រោមឱវាទ​ក្នុង​កិច្ចប្រជុំ​ថា លោក​មាន​ចេ​នា​ដាក់បទបញ្ជា​ថ្មី​និង​រៀបចំ​វិន័យ​តឹងរ៉ឹង​ដែល​មិន​ធ្លាប់មាន​ពីមុន ក្នុង​គោលដៅ​បញ្ចប់​បញ្ហា​ចម្រូងចម្រាស​និង​ចលាចល​ដែល​កើតឡើង​ក្នុង​សេត​រិ​មាន​កន្លងមក​នោះ​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  John Kelly
  Reince Priebus
  Anthony Scaramucci
© រក្សាសិទ្ធិដោយ thmeythmey.com