អន្តរជាតិ
ស៊ី ជិនភីង៖ ចិនស្រឡាញ់សន្តិភាព តែមិនចុះញ៉មការបំពានអធិបតេយ្យឡើយ
× ប្រធានាធិបតីចិន ស៊ី ជិនភីង នៅថ្ងៃទី១ ខែសីហា បានប្រកាសថា ចិនមិនអនុញ្ញាតឲ្យអ្នកមកបំបែកបំបាក់ទឹកដីរបស់ខ្លួន ទោះជាចិនជាប្រទេសស្រឡាញ់សន្តិភាពក៏ដោយ។ លោក ស៊ី ជិនភីង និយាយបែបនេះក្នុងពិធីអបអរខួបទី៩០ ថ្ងៃកំណើតកងទ័ពរំដោះប្រជាជនចិននៅក្នុងរដ្ឋធានីប៉េកាំង។ នៅមុននេះ លោក ស៊ី ជិនភីង ទើបចូលរួមក្នុងពិធីព្យុហាយាត្រាយោធានៅតំបន់ស្វយ័ត Inner Mongolia ដែលនៅទីនោះលោកនិយាយថា ពិភពលោកគ្មានសុវត្ថិភាពទេ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានធ្វើឲ្យពិភពលោក និងតំបន់អាស៊ីរញ្ជួយខ្លាំងតាមរយៈការប្រកាន់ជំហរតឹងរ៉ឹងលើជម្លោះទឹកដីនៅសមុទ្រចិនខាងត្បូង និងខាងកើត ក៏ដូចជាការធ្វើទំនើបកម្មកងទ័ពផងនោះ។ យ៉ាងណាក្ដី ប្រធានាធិបតីចិន ស៊ី ជិនភីង ដែលកំពុងក្ដោបអំណាចពេញដៃ បានប្រកាសថា ចិនមិនមានគោលដៅធ្វើឲ្យគេឯងខ្លាចឡើយ ប៉ុន្តែចិនក៏មិនអនុញ្ញាតឲ្យអ្នកណាមកប៉ះពាល់ផលប្រយោជន៍របស់ខ្លួនដែរ។
ថ្លែងសុន្ទរកថាចំពោះមុខមន្ត្រីយោធា និងស៊ីវិលក្នុងវិមានប្រជាជនចិននៅថ្ងៃទី១ ខែសីហា លោក ស៊ី ជិនភីង ដែលជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិនដែរនោះនិយាយថា ប្រជាជនចិនស្រឡាញ់សន្តិភាព ហើយចិនមិនមានបំណងពង្រីកទឹកដី ឬប្រកាន់ជំហរធ្វើឲ្យគេភ័យឡើយ ប៉ុន្តែចិនមានទំនុកចិត្តក្នុងការកម្ចាត់សត្រូវទាំងអស់។ បើតាមទីភ្នាក់ងារព័ត៌មាន Xinhua លោក ស៊ី បញ្ជាក់ថា ចិនមិនអាចឲ្យនរណា ឬអង្គការណា បំបែកបំបាក់បូរណ៌ភាពទឹកដីបានដែរ។
ឆ្លៀតពេលអបអរថ្ងៃកំណើតកងទ័ពចិន លោក ស៊ី ជិនភីង ក៏បានលើកឡើងពីការរីកចម្រើនសមត្ថភាពរបស់កងទ័ពចិនក្នុងរយៈពេល៥ឆ្នាំចុងក្រោយក្រោមអាណត្តិដឹកនាំរបស់លោក។ កងទ័ពចិនត្រូវបានកែទម្រង់ និងអភិវឌ្ឍយ៉ាងខ្លាំងនៅរយៈពេលចុងក្រោយ ដោយរចនាសម្ព័ន្ធពីមុនត្រូវបានផ្លាស់ប្ដូរ និងបង្កើតជាអង្គភាពទ័ពថ្មីៗជាច្រើម ហើយទំនើបកម្មផ្នែកយោធាក៏ត្រូវបានជំរុញយ៉ាងខ្លាំងផងដែរ។ លោក ស៊ី អះអាងថា កែទម្រង់នេះគឺដើម្បីសម្របខ្លួនតាមស្ថានការណ៍ពិភពលោក។
លើសពីនោះ ប្រធានាធិបតីចិនរូបនេះ ក៏បានរំឭកកងទ័ពពីសិទ្ធិអំណាចរបស់បក្សកុម្មុយនីស្តចិនលើរចនាសម្ព័ន្ធគ្រប់គ្រងកងទ័ពផងដែរ។ លោក ស៊ី ជិនភីង ប្រធានគណៈកម្មការយោធាមជ្ឈិមសង្កត់ធ្ងន់ថា ដើម្បីកងទ័ពកាន់តែខ្លាំង បក្សត្រូវតែស្ថិតនៅពីលើកងទ័ព ហើយកងទ័ពរំដោះប្រជាជនចិន ត្រូវតែគោរពតាមបញ្ជារបស់បក្ស។ នេះជាលើកទីពីរក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកដែលលោក ស៊ី ជិនភីង ប្រាប់កងទ័ពឲ្យស្មោះត្រង់នឹងបក្សកុម្មុយនីស្តរបស់លោក។
ជាការពិត ដូចការលើកឡើងរបស់លោក ស៊ី ជិនភីង ចិនជាប្រទេសស្រឡាញ់សន្តិភាព ព្រោះចិនមិនបានធ្វើសង្គ្រាមច្រើឆ្នាំមកហើយ។ ប៉ុន្តែការងើបឡើងដោយកម្រោលរបស់ចិន និងការគំរាមប្រើកម្លាំងទ័ពដើម្បីការពារទឹកដី ពិតជាធ្វើឲ្យប្រទេសផ្សេងបារម្ភ។ ចិនមានជម្លោះទឹកដីយ៉ាងច្រើនៅជុំវិញខ្លួនដូចជានៅសមុទ្រចិនខាងត្បូងជាមួយរដ្ឋអាស៊ាន បញ្ហាព្រំដែនជាមួយឥណ្ឌា និងការដណ្ដើមកោះជាមួយជប៉ុនជាដើម៕
Tag:
ចិន
ស៊ី ជិនភីង
តៃវ៉ាន់
សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com