អន្តរជាតិ
ឥណ្ឌូណេស៊ី​ចាប់​ជនជាតិ​ចិន ១៤៨​នាក់ ដែល​ឆបោក​លុយ​តាម​ទូរស័ព្ទ​បាន ៤៥០​លាន​ដុល្លារ​
01, Aug 2017 , 9:39 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
ដោយ:
​ប៉ូលិស​ឥណ្ឌូណេស៊ី​ចាប់ខ្លួន​និង​ឃុំខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន ១៥៣​នាក់ ដែល​ឆបោក​លុយ​បាន​សរុប​៤៥០ លាន​ដុល្លារ​។ ជនសង្ស័យ​ទាំងនេះ​បាន​ឆបោក​ជនរងគ្រោះ​តាមរយៈ​ទូរស័ព្ទ​ដោយ​លើកឡើង​ពី​បញ្ហា​ផ្លូវច្បាប់​ដែល​ជនរងគ្រោះ​ប្រឈម ហើយ​ក្រុម​ជនល្មើស​នេះ​បានទាមទារ​ឲ្យ​ជនរងគ្រោះ​បង់ប្រាក់​ឲ្យ ប្រសិនជា​ចង់​បិទបាំង​អំពើ​ល្មើសច្បាប់​របស់ខ្លួន​នោះ​។​



​ថ្ងៃ​ចន្ទ​ទី​៣១​ខែកក្កដា ជនសង្ស័យ​១៥៣​នាក់​ដែល​ភាគច្រើន​ជា​ជន​ជាតិចិន​លាក់ខ្លួន​នៅ​ឥណ្ឌូណេស៊ី​ត្រូវ​ចាប់ខ្លួន​ដោយសារ​ឆបោក​លុយ​ពី​ជន​ជាតិចិន​ដូចគ្នា​។ អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​អះអាងថា ក្រុម​ជនសង្ស័យ​ឆ្លើយឆ្លង​ជាមួយ​ជនរងគ្រោះ​តាមរយៈ​ទូរស័ព្ទ ដោយ​ប្រាប់​ពី​អំពើ​ល្មើសច្បាប់​ដែល​ជនរងគ្រោះ​បាន​ប្រព្រឹត្ត ហើយ​បើសិនជា​ពួកគេ​ចង់​បិទបាំង​អំពើ​ល្មើសច្បាប់​របស់ខ្លួន ពួកគេ​ត្រូវតែ​បង់ប្រាក់​ឲ្យ​ជនសង្ស័យ​ទាំងនេះ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប៉ូលិស​ឥណ្ឌូណេស៊ី​បញ្ជាក់ ក្នុងចំណោម​ជនសង្ស័យ​១៥៣​នាក់​មាន​ជនជាតិ​ចិន ១៤៨​នាក់ រីឯ​៥​នាក់​ទៀត​ជា​ជនជាតិ​ឥណ្ឌូណេស៊ី​។ ជនសង្ស័យ​ទាំងនោះ​ត្រូវ​ប៉ូលិស​ឥណ្ឌូណេស៊ី​ចាប់ខ្លួន​ក្នុងពេល​មានការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​នៅ​ក្រុង Surabaya រួមទាំង​កោះ Batam និង​Bali ផងដែរ​។​

«​នេះ​ជា​រឿងក្ដី​បោកប្រាស់​តាម​ទូរស័ព្ទ ហើយ​ព័ត៌មាន​នេះ​យើង​ទទួលបាន​ពី​ទីភ្នាក់ងារ​ប៉ូលិស​ចិន​។​ដូច្នេះហើយ​នេះ​ជាការ​ស្រាវជ្រាវ​រួម​រវាង​ប៉ូលិស​ឥណ្ឌូណេស៊ី និង​ប៉ូលិស​ចិន​»​។ អ្នកនាំពាក្យ​ប៉ូលិស​ឥណ្ឌូណេស៊ី​លោក Argo Yuwono បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​។​

​លោក​Yuwono បាន​ពន្យល់​បន្ថែមទៀត​ថា អ្នក​ឆបោក​ជា​ជន​ជាតិចិន ហើយ​ឯ​អ្នករងគ្រោះ​ក៏​ជា​ជន​ជាតិចិន​ដែរ​។ គ្រាន់តែ​ជនសង្ស័យ​ឆបោក​តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ​នេះ​ធ្វើ​សកម្មភាព​នៅ​ឥណ្ឌូណេស៊ី​តែប៉ុណ្ណោះ​។ ជនរងគ្រោះ​ទាំងអស់​សុទ្ធតែជា​មន្ត្រីជាន់ខ្ពស់ និង​អ្នកជំនួញ​មានទ្រព្យ​ស្ដុកស្ដម្ភ​ចិន ហើយ​ចាប់តាំងពី​ដើមឆ្នាំ​មក​ជនសង្ស័យ​បោក​បាន​ប្រាក់​ចំនួន ៤៥០​លាន​ដុល្លារ​ឯណោះ​។​

​ជនសង្ស័យ​ក្លែងបន្លំ​ខ្លួន​ជាម​ន្ត្រី​អគ្គ​រដ្ឋអាជ្ញា ឬ​ប៉ូលិស ហើយ​បាន​ទូរស័ព្ទ​ប្រាប់​ទៅ​ជនរងគ្រោះ​ពី​អំពើ​ល្មើសច្បាប់​ពួកគេ​បាន​ប្រព្រឹត្ត​។ ប៉ុន្តែ​ពួកគេ​ប្រាប់ថា រឿងក្ដី​នេះ​អាច​ច​ចារ​គ្នា​បាន បើសិនជា​ជនរងគ្រោះ​បង់ប្រាក់​ឲ្យ​នោះ​។​

​គួរ​បញ្ជាក់ដែរថា ជនសង្ស័យ​ជនជាតិ​ចិន​ទាំងនេះ​ឆ្លងដែន​ចូល​ឥណ្ឌូណេស៊ី​ដោយ​ប្រើប្រាស់​ទិដ្ឋាការ​ជា​អ្នកទេសចរ ហើយ​ជនសង្ស័យ​មួយចំនួនធំ​នឹងត្រូវ​ប្រគល់​ទៅ​ឲ្យ​ក្រសួងអន្តោប្រវេសន៍ ហើយ​ពួកគេ​ក៏​ប្រហែលជា​នឹង​ត្រូវគេ​បញ្ជូនទៅ​ស្រុក​ចិន​វិញ​៕


Tag:
 ឥណ្ឌូណេស៊ី​
  ចិន​
  Argo Yuwono
© រក្សាសិទ្ធិដោយ thmeythmey.com