អន្តរជាតិ
រដ្ឋ​អារ៉ាប់​បួន​ត្រៀម​ពិភាក្សា​ជាមួយ​កាតា បើ​កាតា ស្មោះត្រង់ និង​ព្រម​គោរព​លក្ខខណ្ឌ​ដែល​ខ្លួន​ទាមទារ​
01, Aug 2017 , 7:39 pm        
រូបភាព
ដោយ:
​រដ្ឋ​ឈូង​សមុទ្រ​ទាំង​បួន​ដែល​បាន​ផ្តាច់ទំនាក់ទំនង និង​ហ៊ុមព័ទ្ធ​កាតា​ដោយ​ចោទប្រកាន់ថា កាតា ជា​អ្នកផ្តល់​ហិរញ្ញវត្ថុ​ដល់​ក្រុម​ភេរ​វករ អះអាងថា​ខ្លួន​ចាប់ផ្តើម​កិច្ចសន្ទនា​ទ្វេភាគី​ជាមួយ​កាតា បើ​កាតា​សម្ដែង​ភាពស្មោះត្រង់​ដោយ​បំពេញ​នូវ​លក្ខខណ្ឌ​ទាំង​ដប់​បី​។ ប៉ុន្តែ​កាតា​អះអាងថា លក្ខខណ្ឌ​ដែល​រដ្ឋ​ឈូង​សមុទ្រ​ដាក់​ឲ្យ គឺជា​ការបំពានច្បាប់​អន្តរជាតិ​។​



​រដ្ឋមន្ត្រីការបរទេស​បា​រ៉ែ​ន អា​រ៉ា​ប៊ី​សា​អូឌីត អេ​ហ្ស៊ី​ប និង​អារ៉ាប់​រួម​អេ​មី​រ៉ាត់ បាន​ជួបប្រជុំ​កាលពី​ចុង​សប្តាហ៍​មុន​នៅ​រាជធានី ម៉ា​ណា​ម៉ា ក្នុង​គោលបំណង​ដោះស្រាយ​ភាព​តានតឹង​នៅក្នុង​តំបន់​។ រដ្ឋមន្ត្រីការបរទេស​រដ្ឋ​ឈូង​សមុទ្រ​ទាំង​បួន​បាន​លើកឡើងថា ប្រសិនជា​កាតា​សម្ដែង​ភាពស្មោះត្រង់​ដោយ​បំពេញ​នូវ​លក្ខខណ្ឌ​ទាំង​១៣​ដែល​ខ្លួន​ទាមទារ ពួកគេ​នឹង​ផ្តើម​កិច្ចសន្ទនា​ទ្វេភាគី​ជាមួយ​កាតា​ភ្លាម​។​

​រដ្ឋមន្ត្រីការបរទេស​បា​រ៉ែ​ន​លោក Sheikh Khalid bin Ahmed al-Khalifa បាន​និយាយ​ក្នុង​សន្និសីទកាសែត​រួម​ក្រោយ​កិច្ចប្រជុំ​ដូច្នេះ​ថា​៖«​ពួកយើង​មិន​បន្ថែម​ទណ្ឌកម្មសេដ្ឋកិច្ច​ទៅលើ​កាតា​នោះទេ ហើយ​កិច្ចសន្ទនា​ទ្វេភាគី​នឹង​រៀបចំឡើង ពេលណា​កាតា​សម្ដែង​ភាពស្មោះត្រង់​ដោយ​ឈប់​ឧបត្ថម្ភ​ហិរញ្ញវត្ថុ​ដល់​ក្រុម​ភេរ​វករ ឈប់​លូកលាន់​រឿង​ផ្ទៃក្នុង​ប្រទេស​ដទៃ និង​បំពេញ​នូវ​លក្ខខណ្ឌ​ទាំង​១៣​ដែល​រដ្ឋ​ឈូង​សមុទ្រ​បានដាក់​ឲ្យ​»​។​

​រដ្ឋមន្ត្រីការបរទេស​អា​រ៉ា​ប៊ី​សា​អូឌីត​លោក Adel al-Jubeir បាន​បន្ថែមថា ប្រទេស​ទាំង​បួន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​អនុវត្ត​លក្ខខណ្ឌ និង​អនុវត្ត​គោលការណ៍​នានា ប្រសិនជា​កាតា​ប្ដេជ្ញា​បំពេញ​នូវ​លក្ខខណ្ឌ​ដែល​បានដាក់​ឲ្យ​។​ប៉ុន្តែ​លោក​ឃើញថា កាតា​មិនបាន​យកចិត្តទុកដាក់​នឹង​លក្ខខណ្ឌ​ឡើយ​។​ប្រទេស​ទាំង​បួន​ក៍បាន​រួមបញ្ចូល​នូវ​គោលការណ៍​ទាំង​ប្រាំមួយ​ដែល​ពួកគេ​មានបំណង​ឲ្យ​កាតា​ទទួលយក​។​

​ដោយឡែក រដ្ឋមន្ត្រីការបរទេស​កាតា​លោក Sheikh Mohammed bin Abdulrahman al-Thani បាន​បដិសេដ​របាយការណ៍​កាលពី​ថ្ងៃអាទិត្យ​របស់​រដ្ឋ​ឈូង​សមុទ្រ​ទាំង​បួន​។ លោក​បាន​អះអាងថា លក្ខខណ្ឌ​របស់​រដ្ឋ​ឈូង​សមុទ្រ​គឺជា​ការបំពានច្បាប់​អន្តរជាតិ​។​

«​កិច្ចប្រជុំ​កាលពី​ថ្ងៃអាទិត្យ​គ្មាន​ចក្ខុវិស័យ​ច្បាស់លាស់​នោះទេ វា​គ្រាន់តែ​ជា​គោលនយោបាយ​រឹងរូស​មួយ​របស់​រដ្ឋ​ឈូង​សមុទ្រ និង​ជាការ​បដិសេដ​ទទួលស្គាល់​ការពិត ដែលថា​លក្ខខណ្ឌ​របស់​ពួកគេ បំពាន​ច្បាប់​អន្តរជាតិ​»​។ នេះ​ជា​សម្ដី​របស់លោក Sheikh Mohammed bin Abdulrahman al-Thani​ដែល​បាន​ប្រាប់​ទៅ​ប៉ុស្ដិ៍​ទូរទស្សន៍ Al Jazeera​។​

​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​៣០​ខែកក្កដា ទីភ្នាក់ងារ​ព័ត៌មាន al-Hayat បាន​ស្រង់​សម្ដី​ពី​ប្រភព​រដ្ឋ​ឈូង​សមុទ្រ​ដែល​មិនមាន​អត្តសញ្ញាណ​ថា រដ្ឋ​ទាំង​បួន​មានបំណង​ដាក់ទណ្ឌកម្ម​ដែល​អាច​ប៉ះពាល់​លើ​សេដ្ឋកិច្ច​កាតា​បន្តិច​ម្ដងៗ​។​

​គួរ​បញ្ជាក់ដែរថា កូ​វ៉ែត​ធ្លាប់​ទទួលបាន​ការគាំទ្រ​ពី​បណ្ដា​ប្រទេស​មហាអំណាច​លោកខាងលិច​ឲ្យ​ដើរតួ​ជា​អាជ្ញាកណ្ដាល​ជួយ​សម្រុះសម្រួល​និង​ដោះស្រាយ​ជម្លោះ​រដ្ឋ​ឈូង​សមុទ្រ  ប៉ុន្តែ​ចំណាត់ការ​នេះ​មិនបាន​ទទួលជោគជ័យ​នោះទេ​៕


Tag:
 កាតា​
  អា​រ៉ា​ប៊ី​សា​អូឌីត​
  Sheikh Khalid bin Ahmed al-Khalifa
© រក្សាសិទ្ធិដោយ thmeythmey.com