អន្តរជាតិ
ប៉ូលិស​អ៊ីរ៉ាក់​រកឃើញ​លុយ​ជាង​៦​ម៉ឺន​ដុល្លារ​នៅផ្ទះ​ស្ត្រី​សុំទាន​ម្នាក់​ដែល​ទើប​ទទួលមរណភាព​
01, Aug 2017 , 10:19 pm        
រូបភាព
ដោយ: ធីតា
​នា​ប្រតិបត្តិ​ការឆែកឆេរ​ផ្ទះ​ស្ត្រី​ចំណាស់​សុំទាន​ម្នាក់​ដែល​ទើប​ទទួលមរណភាព​នៅ​ទីក្រុង Nadjaf ចម្ងាយ​ប្រមាណ​១៦០​គីឡូម៉ែត្រ ភាគខាងត្បូង​ទីក្រុង​បា​ដា​ដ ប៉ូលិស​បាន​រក​រូប​បិ​យ​បណ្ណ​ជាច្រើន​ប្រភេទ​។ តាម​របាយការណ៍​ដែល​ចុះផ្សាយ​ដោយ Sputnik News ទឹកប្រាក់​សរុប​មាន​ជាង​៦៤០០០​ដុល្លារ​អាមេរិក​។​



​ស្ត្រី​ចំណាស់​ម្នាក់ ត្រូវបាន​គេ​ដឹង​ជាទូទៅ​ថា ជា​អ្នក​ប្រកប​របរ​សុំ​ទៅ​នៅ​ទីក្រុង Nadjaf នៃ​ប្រទេស​អ៊ីរ៉ាក់​។ កាលពី​ចុង​សប្តាហ៍​កន្លងមក គាត់​បានទទួល​មរណភាព​នៅក្នុង​ផ្ទះជួល​។ ប៉ូលិស​ក្រុង Nadjaf បាន​ចុះទៅ​ដល់ផ្ទះ​ស្ត្រី​រូបនោះ ក្រោយ​ទទួលបាន​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​។​

​នៅពេល​ឆែកឆេរ​ផ្ទះ សមត្ថកិច្ច​ក្រុង Nadjaf បាន​រកឃើញ​លុយ បណ្ណធ​នាគារ និង​គ្រឿងអលង្កា​ជាច្រើន​ដែល​ច្រក​ទុក​នៅក្នុង​ថង់​ប្លា​ស្ទិ​ក​។ យោងតាម​មន្ត្រីប៉ូលិស​ម្នាក់ លុយ​ទាំងអស់​ដោយ​គិត​ជា​ដុល្លារ​អាមេរិក សរុប​ជាង​៦៤០០០​ដុល្លារ​អាមេរិក​។​



​ក្នុងចំណោម​ទឹកប្រាក់​ប្រមាណ​៦៤០០០​ដុល្លារ​អាមេរិក​នោះ មាន​រូបិយ​បណ្ណ Dinar អ៊ីរ៉ាក់​ផ្ទាល់​ចំនួន ៧២ ៣២២ ០០០ ក្រៅពីនោះ​មាន​៥៦២​ដុល្លារ​អាមេរិក  ៩០​រី​យ៉ា​ល់​អា​រ៉ា​ប៊ី​សា​អូឌីត ១១៩​ផោន​លី​បង់ ១០​អឺរ៉ូ ៣០០ Dinar គូ​វែ​ត ៤៤០​រី​យ៉ា​ល់​អ៊ីរ៉ង់ ៧០​អា​ហ្វ​ហ្គា​នី​រប​ស់អា​ហ្វ​ហ្គា​នី​ស្ថាន ៣២០​រូពី​ប៉ា​គី​ស្ថាន រួមទាំង​រូបិយ​បណ្ណ និង​គ្រឿងអលង្ការ​មាស​ជាច្រើន​ទៀត​។​

​ការសុំ​ទាន បានក្លាយ​ជា​របរ​ដ៏​ពេញនិយម​សម្រាប់​ស្ត្រី និង​កុមារ នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ដែល​ញាំញី​ដោយ​សង្គ្រាម ជាពិសេស​នៅ​បា​ដា​ត និង​ក្រុង​ភាគខាងត្បូង​នៃ​ប្រទេស​។ ពួកគេ​ទទួលបាន​ប្រាក់​ពី​សប្បុរសជន​មកពី​ប្រទេស​ផ្សេងៗ​គ្នា​។ បច្ចុប្បន្ន​សមត្ថកិច្ច​យកលុយ​របស់​ស្ត្រី​នោះ​រក្សាទុក ហើយ​សារព័ត៌មាន Sputnik News មិនបាន​ផ្តល់ព័ត៌មាន​លំអិត​ទាក់ទង​នឹង​ចាត់ចែង​លុយ និង​គ្រឿងអលង្កា​ទាំងនោះ​នាពេល​អនាគត​នោះឡើយ​៕


Tag:
 ​អ៊ីរ៉ាក់​
  សុំទាន
© រក្សាសិទ្ធិដោយ thmeythmey.com