អន្តរជាតិ
AMM៖ អាស៊ាន​មិន​ហ៊ាន​ប្រើ​ភាសា​ធ្ងន់​បន្ទោស​ចិន​ដែល​បន្ត​វាតទី​នៅ​សមុទ្រ​ចិន​ខាងត្បូង​
01, Aug 2017 , 10:59 pm        
រូបភាព
កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន (ASEAN Ministerial Meeting) នឹងត្រូវ​រៀបចំឡើង​នៅក្នុង​ក្រុង​ម៉ានីល នៅ​សប្តាហ៍​នេះ​។ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នឹង​ក្លាយជា​ប្រធានបទ​សំខាន់​ក្នុង​វេទិកា​កិច្ចប្រជុំ​នេះដែរ ប៉ុន្តែ​អាស៊ាន​មិន​យក​ឱកាស​នេះ​ទិតៀន ឬ​ដាក់​សម្ពាធ​ចិន​ពាក់ព័ន្ធ​យោ​ធូប​នីយកម្ម​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។ បើតាម​សេចក្តីព្រាង​សេចក្តីថ្លែងការណ៍​រួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបទេស​អាស៊ាន​ដែល​អ្នកសារព័ត៌មាន​ទទួលបាន រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ខ្លះ​ត្រឹម​បង្ហាញ​ការបារម្ភ​ចំពោះ​ស្ថានការណ៍​សមុទ្រ​ចិន​ខាងត្បូង តែ​ស្វាគមន៍​ការសម្រេចបាន​គ្រោងឆ្អឹង​នៃ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​ដែរ (A Framework for a Code of Conduct)​។​



​ហ្វីលីពីន​ដែល​ធ្វើជា​ប្រធាន​អាស៊ាន​ឆ្នាំ ២០១៧​នេះ កំពុង​ត្រៀមខ្លួន​ទទួល​ស្វាគមន៍​បណ្តា​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​បណ្តា​រដ្ឋមន្ត្រី​ប្រទេស​ជា​ដៃគូ​ជាច្រើន​នាក់​ផ្សេងទៀត​ដែល​នឹង​មក​ចូលប្រជុំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី ៥០ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ចាប់ពី​ថ្ងៃ ២ ដល់​ថ្ងៃ ៨ ខែសីហា​ខាងមុខ​។ គេ​រំពឹងថា បញ្ហា​ភេរវកម្ម បញ្ហា​សមុទ្រ​ចិន​ខាងត្បូង រួមជាមួយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​នឹង​ក្លាយជា​ប្រធានបទ​សំខាន់​និង​ក្តៅគគុក​ក្នុង​វេទិកា​តំបន់​នេះ

​មុន​កិច្ចប្រជុំ​មកដល់ គេ​ឃើញ​មានការ​បញ្ចេញ​សេចក្តីថ្លែងការណ៍​រួម​របស់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ផងដែរ​ឲ្យ​អ្នកសារព័ត៌មាន​បានឃើញ​ដែរ ប៉ុន្តែ​សេចក្តីថ្លែងការណ៍​នោះ​មិនមាន​ការប្រើប្រាស់​ភាសា​ដែល​ទិតៀន ឬ​រិះគន់​មហា​យក្ស​ចិន​ដែល​បន្ត​វាតទី​និង​ធ្វើ​យោ​ធូប​នី​កម្ម​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។​
 
១. សេចក្តីថ្លែងការណ៍​រួម​មិន​និយាយ​ពី​យោ​ធូប​នីយកម្ម​សមុទ្រ​ចិន​ខាងត្បូង​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន Kyodo សេចក្តីព្រាង​សេចក្តីថ្លែងការណ៍​រួម​ដែល​នឹងត្រូវ​ចេញ​រួមគ្នា​ដោយ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ក្រោយ​ចប់​ប្រជុំ​នោះ​ត្រឹម​កត់សម្គាល់​ការបារម្ភ​របស់​រដ្ឋមន្ត្រី​អាស៊ាន​មួយចំនួន​ពាក់ព័ន្ធ​ការវិវត្ត​នៃ​ស្ថានការណ៍​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។ ប៉ុន្តែ​គ្មាន​ឡើយ​ការមិន​មានការ​បញ្ជាក់​ឈ្មោះ​ចិន​ចំៗ និង​សកម្មភាព​យោ​ធូប​នីយកម្ម​តំបន់​ជម្លោះ​ឡើយ​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ ដូចដែល​ប្រធាន​អាស៊ាន​ហ្វីលីពីន​ធ្លាប់បាន​លើកឡើង​ដែរ  គ្មាន​ឡើយ​ការបញ្ចូល​ចំណុច​ពាក់ព័ន្ធ​សាលក្រម​តុលាការ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ក្រុងឡាអេ​ដែល​សម្រេច​ឲ្យ​ចិន​ចាញ់ក្តី​ហ្វីលីពីន កាលពី​ខែកក្កដា​ឆ្នាំ ២០១៦​នោះ​។
 
​តាមពិតទៅ​ចិន បានទាមទារ​យក​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ស្ទើរតែ​ទាំងស្រុង ហើយ​មហា​យក្ស​នេះ​ក៏បាន​បន្តធ្វើ​យោ​ធូប​នីយកម្ម​តំបន់​ជម្លោះ​ដែល​ខ្លួន​កាន់កាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​ដែរ​។ យោងតាម​សារព័ត៌មាន​ថៃ បាងកក​ប៉ុស្តិ៍ ចិន​បាន​កាន់កាប់​កោះ​ជាច្រើន និង​បន្ត​សាងសង់​កោះ​សិប្បនិម្មិត​នៅ​តំបន់​ចំនួន ប្រាំពីរ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ អ្វីដែល​គួរ​ឲ្យ​បារម្ភ​នោះ​ចិន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​បម្រើ​ប្រយោជន៍​ស៊ីវិល​និង​យោធា​ក្នុងនោះ​មាន​សង់​ផ្លូវ​យន្តហោះ​, ដំឡើង​ឧបករណ៍​បាញ់​មី​ស៊ី​ល និង​សម្ភារៈ​យោធា​ផ្សេងទៀត​នៅ​ទីតាំង​មួយចំនួន ថ្វីបើ​មាន​គេ​ជំទាស់​ក៏ដោយ​។​

​មិន​ត្រឹមតែ​មិន​រិះគន់​ចិន​ប៉ុណ្ណោះ​ទេ សេចក្តីថ្លែងការណ៍​រួម​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​មានការ​ស្វាគមន៍​ការឯកភាព​គ្នា​ទទួលយក​ក្របខណ្ឌ​នៃ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង (A Framework for South China Sea Code of Conduct) កាលពី​ខែឧសភា​ផងដែរ​។  នៅក្នុង​កិច្ចប្រជុំ​ខាងមុខ រដ្ឋមន្ត្រី​អាស៊ាន​និង​ចិន​ក៏​នឹង​សម្រេច​អនុម័ត​យក​ក្របខណ្ឌ​នៃ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​ជា​ផ្លូវការ​ដែរ ដើម្បី​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការឈាន​ទៅ​ពិភាក្សាគ្នា​ទៀត​ដើម្បី​បង្កើត​ក្រម​ប្រតិបត្តិ​ពេញលេញ​មួយ​ដែលមាន​អនុភាព​គតិយុត្តិ​ត្រឹមត្រូវ​ដើម្បី​គ្រប់គ្រង​និង​ដោះស្រាយ​ជម្លោះ​។
 
​មកដល់​ពេលបច្ចុប្បន្ន​នេះ អាស៊ាន​និង​ចិន ចំណាយពេល​អស់ ១៥​ឆ្នាំ​ទៅហើយ​ដើម្បី​រៀបចំ​ក្រម​ប្រតិបត្តិ​នេះ បន្ទាប់ពី​ភាគី​ទាំងសងខាង​ឯកភាពគ្នា​ទទួលយក​សេចក្តីថ្លែងការណ៍​ស្តីពី​សកម្មភាព​ភាគី​នៅ​សមុទ្រ​ចិន​ខាងត្បូង (DOC) នា​ឆ្នាំ ២០០២​នោះ​។​


Tag:
 AMM
  អាស៊ាន​
  COC
  ហ្វីលីពីន​
  សមុទ្រ​ចិន​ខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com