អន្តរជាតិ
មហា​យក្ស​ចិន​គ្រហឹម​ដាក់​អង់គ្លេស​ដែល​គ្រោង​បញ្ជូន​នាវា​ដឹក​យន្តហោះ​ទៅ​សមុទ្រ​ចិន​ខាងត្បូង​
02, Aug 2017 , 8:59 am        
រូបភាព
ដោយ:
​មហា​យក្ស​ចិន​ចេញមុខ​ទិតៀន​អង់គ្លេស និង​ជំទាស់​ដាច់ខាត​ចំពោះ​បំណង​បញ្ជូន​នាវា​ដឹក​យន្តហោះ​ពីរ​គ្រឿង​មក​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​ល្បាត និង​ធានា​សេរីភាព​នាវាចរណ៍​នៅក្នុង​តំបន់​ជម្លោះ​នោះ​។ ក្រុង​ប៉េកាំង​បញ្ជាក់ថា ខ្លួន​មិន​ពេញចិត្ត​ឡើយ ពេលដែល​រដ្ឋ​ក្រៅ​តំបន់​មួយចំនួន​នៅតែ​ចចេស​កកូរកកាយ​បញ្ហា​ក្នុង​តំបន់​ជម្លោះ​នេះ​។​



​ក្រសួងការបរទេស​ចិន​បាន​រិះគន់​អង់គ្លេស​ដែលមាន​គម្រោង​បញ្ជូន​នាវា​ដឹក​យន្តហោះ​ពីរ​គ្រឿង​ទៅកាន់​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ក្នុង​គោលបំណង​ចូលរួម​ធានា​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​។ តាមពិតទៅ ចេតនា​នេះ​គឺ​ដើម្បី​ធ្វើ​ឲ្យ​ចិន​ពិបាក​ពង្រីក​ដែនដី​ទឹក​ក្នុង​តំបន់​ជម្លោះ​ដែលជា​ផ្លូវទឹក​យុទ្ធសាស្ដ្រ​នេះឡើយ​។​

«​ប្រទេសក្រៅ​តំបន់​មួយចំនួន​នៅតែ​ចចេស​រឹងរូស ព្យាយាម​លូកដៃ​កកូរកកាយ​បញ្ហា​ក្នុង​តំបន់​ជម្លោះ​ដែលមាន​ស្ថានភាព​ស្ងប់​សុខ​មួយរយៈ​ហើយ​នោះ​»​។ នេះ​ជា​សម្ដី​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Lu Kang ដែល​ឆ្លើយតប​ទៅនឹង​សំនួរ អ្នកសារព័ត៌មាន​ពាក់ព័ន្ធ​សម្តី​មន្ត្រី​អង់គ្លេស​។​

​អ្នកនាំពាក្យ​រូបនេះ​បាន​បន្តទៀតថា  ទោះ​ប្រទេស​ណាក៏ដោយ ជា​សកម្មភាព​ល្បាត​ក៏ដោយ និង​ប្រើប្រាស់​ហេតុផល​អ្វី​ក៏ដោយ ការជ្រៀតជ្រែក​ចូលក្នុង​រឿង​ផ្ទៃក្នុង​តំបន់​ប្រទេស​ដទៃ និង​បង្ក​ឲ្យ​មាន​ភាពវឹកវរ និង​វិបត្តិ​មនុស្សជាតិ​នោះ​នឹងធ្វើ​ឲ្យ​ប្រទេស​ក្នុង​តំបន់​ប្រុងប្រយ័ត្ន​ខ្ពស់​។​

​ដោយឡែក ក្នុង​កិច្ចប្រជុំ​ថ្នាក់ខ្ពស់​រវាង​លោក​រដ្ឋ​មន្ត្រីការទូត​អង់គ្លេស​Boris Johnson​និង​សម​ភាគី​អូស្ដ្រាលី​អ្នកស្រី​Julie Bishop លោក​Johnson បាន​បញ្ជាក់ថា រឿង​ដំបូងបង្អស់​ដែល​អង់គ្លេស​ត្រូវធ្វើ​គឺ​បញ្ជូន​នាវា​ដឹក​យន្តហោះ​ខ្នាត​ធំ​ទៅកាន់​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។ ការបញ្ជូន​នាវា​នេះ​បង្ហាញ​ពី​ការគាំទ្រ​ប្រព័ន្ធគ្រប់គ្រង​ផ្អែកលើ​ច្បាប់​អន្តរជាតិ និង​ការការពារ​សេរីភាព​នាវាចរណ៍​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ដែលជា​ផ្លូវទឹក​ដ៏​សំខាន់​សម្រាប់​ពាណិជ្ជកម្ម​ពិភពលោក​នោះ​។​

​ទោះជា​យ៉ាងនេះ​ក្ដី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អង់គ្លេស​លោក Michael Fallon បាន​អះអាងថា អង់គ្លេស​មិនទាន់​សម្រេច​នៅឡើយ​ទេ​ពាក់ព័ន្ធ​គម្រោង​ដាក់ពង្រាយ​នាវាចម្បាំង​ខ្លួន​ទៅកាន់​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នោះ​។​

​គួរ​បញ្ជាក់ដែរថា កន្លងមក​ចិន​មិន​ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​វត្តមាន​នាវា​កងទ័ពជើងទឹក អាមេរិក ជប៉ុន អូស្ដ្រាលី និង​ប្រទេស​ដទៃទៀត​ក្នុង​ផ្លូវ​ទឹកសមុទ្រ​ចិន​ខាងត្បូង​ដោយ​ប្រទេស​ទាំងនេះ​អះអាងថា  ការប្រើប្រាស់​ផ្លូវទឹក​សមុទ្រ​ចិន​ខាងត្បូង​ជាការ​អនុវត្ត​សេរីភាព​នាវាចរណ៍​សមុទ្រ​។​ជា​រៀងរាល់ឆ្នាំ ទំហំ​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ​ដែល​ឆ្លងកាត់​តាមផ្លូវ​ទឹ​សមុទ្រ​ចិន​ខាងត្បូង​ទៅវិញទៅមក​មាន​រហូត​ដល់ ៥ ទ្រី​លាន​ដុល្លារ​អាមេរិក​ឯណោះ​៕


Tag:
 ចិន​
  អង់គ្លេស​
  សមុទ្រ​ចិន​ខាងត្បូង​
  Lu Kang
  Boris Johnson
© រក្សាសិទ្ធិដោយ thmeythmey.com