ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាកា​រៈ​ភ្លាមៗ​របស់​ជំងឺមហារីក​លើ​មនុស្ស​ប្រុស ដែល​អ្នក​ត្រូវតែ​ចាប់អារម្មណ៍​
02, Aug 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺមហារីក​គឺជា​មូលហេតុ​ដែល​នាំ​ឲ្យ​មនុស្ស​ប្រុស​ពេញវ័យ​ស្លាប់​ច្រើនជាងគេ​នៅ​ទូរ​ទាំង​ពិភពលោក​។ ខណៈពេលដែល​របប​អាហារ​ផ្តល់​សុខភាព​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ក៏ដោយ តែមាន​កត្តា​ផ្សេងៗ​ទៀត​ច្រើនណាស់​ដូចជា ហ្សែ​ន ក៏​ធ្វើ​ឲ្យ​ប្រឈមមុខ​ខ្ពស់​ដែរ​។ នៅពេល​មហារីក​រាលដាល​ទៅ​កន្លែង​ផ្សេង​ហើយ វា​គឺជា​ពេលវេលា​មួយ​ដែល​ពិបាក​ព្យាបាល​បំផុត​។​



​ការយល់ដឹង​អំពី​អាកា​រៈ​ភ្លាមៗ​របស់​ជំងឺ​នេះ​អាចជួយ​អ្នកស្វែងរក​ការព្យាបាល​កាន់តែ​លឿន ដើម្បី​មានឱកាស​ជាសះស្បើយ​កាន់តែ​ខ្ពស់​បាន​។ ជាមួយគ្នានេះដែរ រោគសញ្ញា​ភ្លាមៗ​របស់​ជំងឺមហារីក​លើ​មនុស្ស​ប្រុស​មានដូចជា​៖

​ការប្រែប្រួល​របៀប​នៃ​ការ​បន្ទោបង់​
​ការ​ដែលមាន​បញ្ហា​លើ​ការ​បន្ទោបង់​ម្តងម្កាល​គឺជា​រឿង​ធម្មតា​ទេ ប៉ុន្តែ​ការប្រែប្រួល​ចំពោះ​របៀប​នៃ​ការ​បន្ទោបង់​អាច​បញ្ជាក់​ថា អាចមាន​មហារីក​ពោះវៀនធំ ឬ​ចុង​ពោះវៀនធំ​បាន​។ ការដែល​ឧស្សាហ៍​រាករូស និង​ទល់លាមក អាចជា​សញ្ញា​មួយ​នៃ​ជំងឺមហារីក ជាពិសេស​បើសិនជា​វា​កើតឡើង​ភ្លាមៗ​។ បញ្ហា​ទាំងនេះ​ក៏​អាច​កើតឡើង​ជាមួយនឹង ការ​ឧស្សាហ៍​ផោម និង​ឈឺ​ក្នុង​ពោះ​ដែរ​។​

​ហូរឈាម​តាម​រន្ធ​គូថ​
​ការហូរ​ឈាម​តាម​រន្ធ​គូថ​អាចជា​សញ្ញា​ភ្លាមៗ​នៃ​ជំងឺមហារីក​ចុង​ពោះវៀនធំ​។ រឿង​ដែល​គួរ​បារម្ភ​ជាពិសេស​នោះ​គឺ​ការហូរ​ឈាម​ជាប់​រហូត ឬ​មានការ​កង្វះ​គ្រាប់​ឈាម​ដោយសារតែ​បាត់បង់​ឈាម​តែម្តង​។ អ្នក​ក៏​ប្រហែលជា​អាច​សម្គាល់​ឃើញ​ឈាម​នៅក្នុង​លាមក​ផងដែរ​។​

​ថ្វីបើ​មាន​មូលហេតុ​ផ្សេងៗ​ទៀត​ដែល​នាំ​ឲ្យ​ហូរឈាម​តាម​រន្ធ​គូថ​ក៏ដោយ តែ​អ្នក​ក៏​គួរតែ​ឲ្យ​ពេទ្យ​ពិនិត្យ​ដើម្បី​បំបាត់​ចម្ងល់​ដែរ​។ ការពិនិត្យ​ពោះវៀនធំ​គួរតែ​ចាប់ផ្តើម​នៅពេល​អាយុ ៥០​ឆ្នាំ​ឡើងទៅ​។​

​ប្រែប្រួល​ទឹកនោម​

​ការ​នោម​ដោយ​មិនដឹង​ខ្លួន និង​ការប្រែប្រួល​ចំពោះ​ទឹកនោម​ផ្សេងទៀត​អាច​នឹង​កើតឡើង​នៅពេល​អាយុ​កាន់តែច្រើន​។ យ៉ាងណាមិញ មាន​អាកា​រៈ​ច្រើនណាស់​ដែល​អាច​គិតថា​ជា​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​។ បញ្ហា​ទាក់ទង​នឹង​ទឹកនោម​មានដូចជា​៖
•    លេច​ទឹកនោម​ដោយ​មិ​នឹង​ខ្លួន​
•    មិនអាច​នោម​បាន​ទោះបីជា​ចង់​នោម​ខ្លាំ​ហើយក៏​ដោយ​
•    ត្រូវការ​ប្រឹង​នៅពេល​នោម​

​ឈាម​ក្នុង​ទឹកនោម​
​បើសិនជា​អ្នករក​ឃើញ​មាន​ឈាម​ក្នុង​ទឹកនោម នោះ​អាចជា​សញ្ញា​មួយ​នៃ​ជំងឺមហារីក​ប្លោកនោម​ហើយ​។ មហារីក​ប្រភេទ​នេះ​ច្រើនតែ​កើតមាន​ជា​ញឹកញាប់​ចំពោះ​អ្នក​ជក់បារី​។ សម្រាប់​ការ​រលាក​ក្រពេញ​ប្រូ​ស្តា​ត មហារីក​ក្រពេញ​ប្រូ​ស្តា​ត និង​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​ក៏​អាច​បង្ក​ជា​ឈាម​តាម​ទឹកនោម​ដែរ​។​

​ឈឺ​ខ្នង​ជាប់​
​ការដែល​ឈឺ​ខ្នង​គឺជា​បញ្ហា​ដែល​កើតមាន​ជា​ញឹកញាប់​សម្រាប់​មនុស្ស​ទូទៅ​។ យ៉ាងណាមិញ បើសិនជា​អ្នកមាន​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​រាលដាល​នោះ ឆ្អឹងខ្នង​ជា​ជម្រើស​ដំបូង​គេ​ហើយ​នៃ​ការ​រាលដាល​របស់​ជំងឺមហារីក​មួយ​នេះ ដែលជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ឈឺ​ខ្នង​ជាប់​។​

​ក្អក​ខុសធម្មតា​

​ការដែល​ក្អក​ជាប់​រហូត​គឺជា​សញ្ញា​ភ្លាម​នៃ​ជំងឺមហារីក​សួត​។ បើសិនជា​អ្នក​មិនមាន​អា​ការៈពាក់ព័ន្ធ​បន្ថែម​ដូចជា តឹង​ច្រមុះ ឬ​ក្តៅខ្លួន​ទេ ការ​ក្អក​នោះ​គឺ​មិនមែន​បង្កឡើង​ដោយ​វីរុស ឬ​បាក់តេរី​ឡើយ​។ ការ​ក្អក​ដែលមាន​ស្លេស​ជា​ឈាម​ក៏​ជាប់ទាក់ទង​នឹង​មហារីក​សួត​លើ​មនុស្ស​ប្រុស​ដែរ​។​

​មាន​ដុំ​នៅក្នុង​ពងស្វាស​
​ជំងឺមហារីក​ពងស្វាស​លើ​មនុស្ស​ប្រុស​មិនសូវ​ជា​កើតឡើង​ច្រើន​ដូច​មហារីក​ក្រពេញ​ប្រូ​ស្តា​ត សួត និង​ពោះវៀនធំ​ទេ​។ ប៉ុន្តែ​អ្នក​ក៏​មិនត្រូវ​មិន​ខ្វល់​អំពី​រោគសញ្ញា​របស់​វា​ដែរ ជាពិសេស​នៅពេល​មាន​ដុំ​សាច់​អ្វីមួយ​ខុសធម្មតា​ក្នុង​ពងស្វាស​។​

​អស់កម្លាំង​ខ្លាំង​

​ការ​អស់កម្លាំង​អាចទាក់ទង​នឹង​ជំងឺ​រ៉ាំរ៉ៃ​មួយចំនួន​ដែរ​។ ប៉ុន្តែ​ការ​អស់កម្លាំង​ខ្លាំងក្លា​គឺជា​របៀប​ដែល​រាងកាយ​កំពុងតែ​ប្រាប់​អ្នក​ថា មាន​អ្វីមួយ​កើតឡើង​ខុស​ប្រក្រតី​ហើយ​។ កោសិកា​មហារីក​ដែល​លូតលាស់ និង​បង្កើត​កូនចៅ​ច្រើន វា​នឹងធ្វើ​ឲ្យ​រាងកាយ​មិនអាច​ធន់​នឹង​វា​បានឡើយ​។​

​ការ​អស់កម្លាំង​គឺជា​អាកា​រៈញឹក​ញាប់​មួយ​នៃ​ជំងឺមហារីក​ភាគច្រើន​។ ដូច្នេះ​ចូរ​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម​ទៅ​បើសិនជា​អ្នក​យល់ថា​ខ្លួនឯង​អស់កម្លាំង​ខ្លាំង ហើយ​មិន​បាត់​ទៅវិញ​ទោះបីជា​គេង​លក់​ស្កប់ស្កល​ហើយក៏​ដោយ​។​

​ស្រក​ទម្ងន់​ដោយ​មិនដឹង​មូលហេតុ​
​កាលណា​អាយុ​កាន់តែច្រើន វា​កាន់តែ​ពិបាក​ក្នុងការ​ថែរក្សា​ទម្ងន់​។ ទោះបីជា​យ៉ាងណាក៏ដោយ ការ​ស្រក​ទម្ងន់​ភ្លាមៗ និង​ដោយ​មិនដឹង​មូលហេតុ​អាចជា​សញ្ញា​បញ្ជាក់​អំពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ហើយ​ក្នុងនោះ​ច្រើនតែ​ជា​មហារីក​តែម្តង​។​

​មាន​ដុំ​សាច់​ក្នុង​ដោះ​
​ជំងឺមហារីក​សុដន់​មិនមែន​មានតែ​លើ​មនុស្ស​ស្រី​ឡើយ គឺ​បុរស​ក៏​ជា​បេក្ខជន​មួយ​ដែរ​។ ដូច្នេះ​បើសិនជា​អ្នករក​ឃើញ​មាន​ដុំ​អ្វីមួយ​កើតឡើង​ក្នុង​ដោះ យក​ល្អ​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​ភ្លាម​ទៅ​។​

​ទាក់ទង​នឹង​ចំណុច​នេះដែរ ហ្សែ​ន​អាច​ដើរតួនាទី​ដ៏​សំខាន់​មួយ​ចំពោះ​ជំងឺមហារីក​សុដន់​មនុស្ស​ប្រុស​ដែរ ប៉ុន្តែ​វា​ក៏​មិនមែន​កើតឡើង​ដោយសារតែ​ការប៉ះពាល់​នឹង​កាំរស្មី ឬ​មាន​អ័រម៉ូន​ភេទ​ស្រី​ខ្ពស់​ឡើយ​។ ដុំ​សាច់​ក្នុង​ដោះ​ភាគច្រើន​កើតឡើង​លើ​បុរស​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com