អន្តរជាតិ
តុលាការថៃកាត់ក្ដីឲ្យអតីតនាយករដ្ឋមន្ត្រី ស៊ុមឆៃ ឈ្នះក្ដីលើសំណុំរឿងបង្ក្រាបបាតុករ អតីតនាយករដ្ឋមន្ត្រីថៃ ស៊ុមឆៃ វង្សសាវ៉ាត ស្វាគមន៍អ្នកគាំទ្រនៅខាងមុខតុលាការកំពូល (រូបភាព Reuters)
× តុលាការកំពូលថៃ នៅថ្ងៃទី២ ខែសីហានេះ បានសម្រេចឲ្យអតីតនាយករដ្ឋមន្ត្រីថៃ ស៊ុមឆៃ វង្សសាវ៉ាត (Somchai Wongsawat) និងអតីតមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលរបស់លោកបីនាក់ទៀត ឈ្នះក្ដីក្នុងសំណុំរឿងអំពើហិង្សាពេលបំបែកបាតុកម្មរបស់ក្រុមអាវលឿងកាលពីឆ្នាំ២០០៨ ។ តុលាការថៃរកឃើញថា ចំណាត់ការរបស់រដ្ឋាភិបាល គឺជារឿងត្រឹមត្រូវដើម្បីរក្សាស្ថិរភាពសង្គម ព្រោះបាតុកម្មរបស់ក្រុមអាវលឿង ធ្វើឡើងដោយហិង្សាដែលត្រូវតែបង្ក្រាប។
តុលាការថៃ បានសម្រេចទម្លាក់ចោលចោទការប្រកាន់ប្រឆាំងអតីតនាយករដ្ឋមន្ត្រី ស៊ុមឆៃ វង្សសាវ៉ាត ឧបនាយករដ្ឋមន្ត្រី ឆាវ៉ាលីត យុងឆៃយុទ្ធ និងមេប៉ូលិសពីរនាក់ទៀត លើករណីបំពានអំណាច ពេលរដ្ឋាភិបាលចេញបញ្ជាឲ្យបង្ក្រាបក្រុមបាតុករអាវលឿងដែលចូលកាន់កាប់អាគាររដ្ឋសភា។ នេះ គឺជាជ័យជម្នះដ៏កម្ររបស់ខ្សែស្រឡាយអតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ជាមួយរបបសឹកថៃដែលព្យាយាមជីកឬសគល់ត្រកូលស៊ីណាវ៉ាត់។
លោក ស៊ុមឆៃ និងលោក ឆាវ៉ាលីត រងការចោទប្រកាន់ថាបានបញ្ជាឲ្យប៉ូលិសបង្ក្រាបក្រុមបាតុករអាវលឿងដោយហិង្សា ពេលលោកដឹកនាំរដ្ឋាភិបាល។ មនុស្សពីរនាក់បានស្លាប់ និងរាប់រយនាក់រងរបួស ពេលប៉ូលិសប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកបាតុករដែលកំពុងត្រួតត្រាអាគាររដ្ឋសភាក្នុងទីក្រុងបាងកកអំឡុងខែតុលា ឆ្នាំ២០០៨។ ពេលនោះ លោក ស៊ុមឆៃ កំពុងថ្លែងទៅកាន់កិច្ចប្រជុំពីគោលនយោបាយរដ្ឋាភិបាលរបស់លោក។
យោងតាមសារព័ត៌មាន The Nation តុលាការរកឃើញថា បាតុកម្មរបស់ក្រុមសម្ព័ន្ធភាពដើម្បីប្រជាធិបតេយ្យ ឬក្រុមអាវលឿង ដែលចូលគ្រប់គ្រងរដ្ឋសភា ធ្វើឡើងដោយហិង្សា ព្រោះបាតុករបានប្រើប្រាស់អាវុធដែលបង្កគ្រោះថ្នាក់។ យោងតាមហេតុផលនេះ តុលាការកំពូលយល់ថាចំណាត់ការរបស់មេប៉ូលិសជាតិថៃក្នុងការបង្ក្រាបបាតុកម្ម គឺជាស្របច្បាប់ដើម្បីធានាសុវត្ថិភាពក្នុងសង្គម និងការពារទ្រព្យសម្បត្តិរដ្ឋ។
តុលាការកំពូលថៃសម្រេចទៀតថា លោក ស៊ុមឆៃ ដែលជាប្អូនថ្លៃលោក ថាក់ស៊ីន និងមេប៉ូលិសទាំងពីរ មិនបានដឹងពីគ្រោះថ្នាក់នៃការប្រើប្រាស់ឧស្ម័នឡើយ ហើយក៏គ្មានភស្តុតាងបង្ហាញថាទង្វើរបស់ប៉ូលិសមានគោលដៅធ្វើឲ្យក្រុមបាតុកររងរបួសដែរ។ ដោយទាត់ចោលការចោទប្រកាន់របស់គណៈកម្មការប្រឆាំងអំពើពុករលួយ តុលាការក៏សម្រេចថា ជនជាប់ចោទទាំងបួននាក់មិនបានប្រព្រឹត្តកំហុសអ្វីឡើយក្នុងពេលបំពេញភារកិច្ចរបស់ខ្លួន។
ពេលនេះ ខ្សែស្រឡាយម្នាក់របស់លោក ថាក់ស៊ីន បានរួចខ្លួនហើយ។ ប៉ុន្តែប្អូនបង្កើតរបស់លោក គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែលត្រូវជាប្អូនថ្លៃលោក ស៊ុមឆៃ ដែរនោះ កំពុងស្ថិតក្នុងដៃតុលាកានៅឡើយ ជុំវិញការធ្វេសប្រហែសបណ្ដាលឲ្យរដ្ឋខាតបង់ប្រាក់រាប់លានដុល្លារក្នុងកម្មវិធីទិញស្រូវតម្លៃថោក។ ម្សិលមិញ លោកស្រី យីងឡាក់ ទើបផ្ដល់សក្ខីកម្មចុងក្រោយនៅមុខតុលាការ មុនការសម្រេចក្ដីត្រូវធ្វើឡើងនៅដំណាច់ខែសីហា៕
Tag:
ថៃ
Somchai Wongsawat
© រក្សាសិទ្ធិដោយ thmeythmey.com