អន្តរជាតិ
មហា​យក្ស​ចិន​សន្យា​ជួយ​ហ្គំ​ប៊ី ដែល​ព្រម​បោះបង់ចោល​តៃវ៉ាន់ ហើយ​រត់​មករក​ខ្លួន​
02, Aug 2017 , 5:16 pm        
រូបភាព
ដោយ:
​ក្រុង​ប៉េកាំង​បានប្រកាស​ផ្តល់ជំនួយ​គាំទ្រ​ដល់​ហ្គំ​ប៊ី ក្រោយ​រដ្ឋ​អាហ្វ្រិក​ខាងលិច​នេះ​សុខចិត្ត​ផ្ដាច់ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ ហើយ​ងាក​មក​ស្ដារ​សម្ព័ន្ធភាព​ជាមួយ​ចិន​វិញ​ឆ្នាំមុន​។ ចិន​សន្យា​ជួយ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត វិស័យ​កសិកម្ម ទេសចរណ៍ និង​វិស័យ​សំខាន់ៗ​ផ្សេងទៀត​ផងដែរ​។



 រដ្ឋាភិបាល​ហ្គំ​ប៊ី​ថ្មី​ដែល​គ្រប់គ្រង​បន្ត​ពី​អតីត​ប្រធានាធិបតី Yahya Jammeh បានបញ្ចប់​ទំនាក់ទំនង​ជា​ផ្លូវការ​ជាមួយ​តៃវ៉ាន់​ដែលជា​មិត្ត​ចាស់​របស់ខ្លួន ហើយរ​ត់ទៅ​ស្តារ​ចំណងមិត្តភាព​ជាមួយ​ម​ហា​យក្ស​ចិន​វិញ​កាលពី​ឆ្នាំមុន​។ វា​ជា​ថ្នូរ​នឹង​ការសន្យា​របស់​ក្រុង​ប៉េកាំង​ដែលថា ខ្លួន​នឹង​ផ្តល់ជំនួយ​ឧបត្ថម្ភ​ជាច្រើន​ផ្នែក​ដល់​ហ្គំ​ប៊ី​ផង​។

​ថ្ងៃ​អង្គារ ទី​១ ខែសីហា រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី (Wang Yi) បាន​ប្រាប់​ទៅ​រដ្ឋមន្ត្រីការបរទេស​ហ្គំ​ប៊ី​លោក Ousainou Darboe ដែល​បំពេញ​ទស្សនកិច្ច​នៅ​ចិន​ថា ចិន​នឹង​ផ្ដល់​ជួយ​គាំទ្រ​ហ្គំ​ប៊ី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​កសិកម្ម វិស័យ​ទេសចរណ៍ និង​វិស័យ​ផ្សេងៗ​ទៀត​ដែរ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន  Reuters លោក វ៉ាង យី បាន​ពោល​ឡើង​ដូច្នេះ​ថា​៖«​ចិន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ហ្គំ​ប៊ី​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​កសិកម្ម  ទេសចរណ៍ និង​ផ្នែក​ផ្សេងៗ​ទៀត​ដែរ​»​។​

​បច្ចុប្បន្ន​ក្រុមហ៊ុន​ចិន​ក៏​កំពុងតែ​ប្រជែង​ជាមួយ​ក្រុមហ៊ុន​បារាំង​ដើម្បី​ដណ្ដើម​គ្នា​ជួយ​ហ្គំ​ប៊ី​សង់​កំពង់ផែ​Atlantic ក្នុង​ក្រុង​បង់​ហ្ស៊ុ​ល ដែល​វា​នឹង​ក្លាយជា​គូប្រជែង​កំពង់ផែ​ក្រុង​ដា​កា ប្រទេស សេ​ណេ​ហ្កា​ល់​។​

​លោក វ៉ាង យី បាន​បន្ថែមទៀតថា ការសហការ​ឡើងវិញ​រវាង​ហ្គំ​ប៊ី និង​ចិន​មិន​ត្រឹមតែ​ស្ដារ​ទំនាក់ទំនង​ប្រទេស​ពីរ​នេះ​ឲ្យ​ល្អ​ដូច​មុន​តែប៉ុណ្ណោះ​ទេ ថែមទាំង​ផ្ដល់ឱកាស​ច្រើន​ចំពោះ​កិច្ចសហប្រតិបត្តិការ​ទៀ​ត​ផង​។ ម្យ៉ាងវិញទៀត ជំនួយ​នេះ​អាច​និយាយបានថា វា​ជាការ​ផ្លាស់ប្ដូរ​ដ៏​ធំ​មួយ​នៃ​រចនាសម្ព័ន្ធ​នៅ​ហ្គំ​ប៊ី ចាប់តាំងពី​មានការ​គ្រប់គ្រង​របស់​មេដឹកនាំ​ផ្តាច់ការ Yahya Jammeh អស់​រយៈពេល ២០​ឆ្នាំ កន្លងមក​។​

 រដ្ឋមន្ត្រីការបរទេស​ហ្គំ​ប៊ី​វិញ​បាន​អះអាងថា ហ្គំ​ប៊ី​នឹង​គោរព​«​គោលនយោបាយ​ចិន​តែមួយ​» និង​ទន្ទឹងរង់ចាំ​ការសហការ​ជាមួយ​ចិន​គ្រប់​វិស័យ​។ ទោះជា​យ៉ាងនេះ​ក្ដី តៃវ៉ាន់​ក៏បាន​ប្រឹងប្រែង​ទាក់ទង និង​បញ្ចុះបញ្ចូល​ឲ្យ​រដ្ឋាភិបាល ហ្គំ​ប៊ី​ថ្មី ផ្លាស់ប្ដូរ​គោលនយោបាយ​ដែរ​។​

​សូម​រម្លឹក​បន្តិច​ថា ប្រទេស​សៅ​តូ​ម៉េ និង​ប្រាំង​ស៊ី​ប​ក៏បាន​ផ្ដាច់ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់​ដូច​ហ្គំ​ប៊ី​ដែរ​។​បច្ចុប្បន្ន​តៃវ៉ាន់​នៅសល់តែ​បូ​គី​ណា​ហ្វា​សូ និង​ស្វា​ស៊ី​ឡង់​ប៉ុណ្ណោះ​ដែលជា​សម្ព័ន្ធមិត្ត​នៅ​អាហ្វ្រិក​។​

​តាមពិតទៅ ចិន​បានដាក់​សម្ពាធ​លើ​តៃវ៉ាន់​ចាប់តាំងពី​ពេល​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen ឡើងកាន់តំណែង​កាលពី​ឆ្នាំមុន​មកម្ល៉េះ​។​ចិន​បានបញ្ជាក់​យ៉ាងច្បាស់​ថា ចិន​មិនដែល​គាំទ្រ និង​ពេញចិត្ត​តៃវ៉ាន់​ឡើយ​៕


Tag:
 តៃវ៉ាន់​
  ចិន​
  ហ្គំ​ប៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com