សុខភាព
អន្តរជាតិ
ជនជាតិ​អាល្លឺម៉ង់​ម្នាក់​ផលិត​សាច់សត្វ​ឲ្យ​ទៅជា​ភេសជ្ជៈ​សម្រាប់​អ្នក​ពិបាក​ទំពារ និង​អ្នកដើរ​តាមផ្លូវ​
02, Aug 2017 , 9:39 pm        
រូបភាព
ដោយ: ធីតា
​អ្នកលក់​សាច់សត្វ​ជនជាតិ​អាល្លឺម៉ង់​ម្នាក់ បាន​ច្នៃប្រឌិត​យក​សាច់សត្វ​កិន​ទៅជា​ភេសជ្ជៈ​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​មនុស្ស​ចាស់ ជាពិសេស​អ្នក​ដែលមាន​បញ្ហា​លើ​ការ​ទំពារ​ចំណីអាហារ​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​អាល្លឺម៉ង់ Die Welt​។​



​លោក Peter Klassen អ្នក​កាប់សាច់​លក់​ជន​ជាតិ ជនជាតិ​អាល្លឺម៉ង់ បាន​រកឃើញ​ដំណោះស្រាយ​ដ៏​ល្អប្រសើរ​មួយ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​សាច់ ប៉ុន្តែ​មិនមាន​ធ្មេញ​ទំពារ​គ្រប់គ្រាន់​។ លោក​បាន​ច្នៃ​សាច់សត្វ​ទាំងនោះ ឲ្យ​ទៅជា​ភេសជ្ជៈ ដោយ​រក្សា​រសជាតិ និង​គុណភាព​ដូចដើម​។​

​កាសែត​អាល្លឺម៉ង់ បាន​អះអាងថា លោក Klassen នឹង​ដាក់លក់​ភេសជ្ជៈ​ពី​សាច់សត្វ​ចំនួន​បី​ប្រភេទ​ចាប់​ខែកញ្ញា ខាងមុខ​ក្នុងនោះ​រួមមាន Butcher Beef, Beef Bombay និង Royal Chicken​។ «​វា​ជា​ប្រភេទ​ម្ហូបអាហារ​ទឹក​សម្រាប់​មនុស្ស​ដែល​កំពុងធ្វើដំណើរ ក៏ដូចជា​វិចិត្រករ អ្នក​នៅតាម​ផ្លូវ ឬ​អត្ត​ព​លិ​ក​ជាដើម ជាពិសេស​មនុស្ស​ចាស់​»​។ លោក Klassen បានបញ្ជាក់​យ៉ាង​ដូច្នេះ​។​



​បុរស​ជនជាតិ​អាល្លឺម៉ង់​រូបនេះ បាន​អះអាងថា ខ្លួន​វិនិយោគ​ទឹកប្រាក់​ក្នុង​រង្វង់​១​លាន​អឺរ៉ូ លើ​អាជីវ​កម្មនេះ ដោយ​វា​មិន​តម្រូវ​ឲ្យ​មាន​ទីតាំង​ធំ​ពេក​នោះឡើយ​។ លោក Klassen បាន​បញ្ជាក់ថា លោក​បាន​ចរចា​ត្រូវរ៉ូវ​គ្នា​ហើយ​ជាមួយ​ដៃគូ​ចែកចាយ​នៅ​លុច​សំបួរ បែលហ្ស៊ិក និង​បារាំង ហើយ​លោក​រំពឹងថា វា​នឹង​ក្លាយជា​តម្រូវការ​នៅលើ​ពិភពលោក​។​

​បច្ចុប្បន្ន លោក​អាច​ផលិត​បាន​ចំនួន​១​ម៉ឺន​ដប​ក្នុង​១​សប្តាហ៍ ហើយ​មាន​គម្រោង​ពង្រីក​ឲ្យ​បាន​៣​ម៉ឺន​ដប​ក្នុង​សប្តាហ៍​។ ភេសជ្ជៈ​ពី​សាច់សត្វ​របស់លោក Klassen អាច​រក្សាទុក​បាន​១​ឆ្នាំ​៕




Tag:
 ភេសជ្ជៈ
© រក្សាសិទ្ធិដោយ thmeythmey.com