អន្តរជាតិ
ហ្វីលីពីន​ពង្រាយ​កម្លាំង​ជាង​១​ម៉ឺន​នាក់ ការពារ​សុវត្ថិភាព​ប្រតិភូ ១៧០០​នាក់​ចូលរួម​ប្រជុំ​អាស៊ាន​
02, Aug 2017 , 9:59 pm        
រូបភាព
រូបភាព៖ Rappler
រូបភាព៖ Rappler
ដោយ:
​ហ្វីលីពីន​ប្ដេជ្ញា​ពង្រឹង​សន្តិសុខ​និង​ទប់ស្កាត់​រាល់​ចលនា​ភេរវកម្ម​ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​សុវត្ថិភាព​បណ្តា​មន្ត្រីជាន់ខ្ពស់​ដែល​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន និង កិច្ចប្រជុំ​ពាក់ព័ន្ធ​ដែល​នឹង​រៀបចំឡើង​ចាប់ពី​ថ្ងៃទី ២​ដល់​៨ ខែសីហា ក្នុង​ទីក្រុង​ម៉ានីល​។ ប្រតិភូ​ពិសេស​ដែល​នឹង​មក​ចូលរួម​ប្រជុំ​មាន រដ្ឋមន្ត្រីការបរទេស​មកពី​ប្រទេស​ចំនួន ២៧ និង​មន្ត្រី​ថ្នាក់ខ្ពស់​ជាច្រើនរូប​ទៀតផង​។​



​កាលពី​ថ្ងៃ​អង្គារ ក្នុង​សន្និសីទ​សារព័ត៌មាន​វិមាន​ប្រធានាធិបតី ប្រធានការិយាល័យ​ប៉ូលីស​ក្រុង​ម៉ានីល លោក Oscar Albayalde បាន​បញ្ជាក់ថា ហ្វីលីពីន​រៀបចំ​ពង្រឹង​សន្តិសុខ​ឲ្យ​តឹងរ៉ឹង​ចាប់តាំងពី​ឆ្នាំមុន​មកម្ល៉េះ ហើយ​លោក​ជឿជាក់ថា វា​នឹង​ជួយ​ធានា​ឲ្យ​បាន​នូវ​សុវត្ថិភាព​សម្រាប់​បណ្តារ​ដ្ឋ​មន្ត្រី​និង​ប្រតិភូ​បរទេស​គ្រប់រូប​ដែល​មក​ចូលរួម​ប្រជុំ​។​

​កងសន្តិសុខ​ប្រមាណ ១៣ ពាន់​នាក់​រួមជាមួយ​កងកម្លាំង​ចំនួន ១២៨៦​នាក់​ផ្សេងទៀត​មកពី​ទីភ្នាក់ងារ​ផ្សេងៗ​នឹងត្រូវ​ដាក់ពង្រាយ​ក្នុងអំឡុងពេល​សប្ដាហ៍​នៃ​កិច្ចប្រជុំ​។ ក្រុម​សន្តិសុខ​ភាគច្រើន​នឹងត្រូវ​ដាក់ពង្រាយ​នៅ​តំបន់ Pasay, Parañaque និង Makati​។ មូលហេតុ​មកពី​ប្រតិភូ​បរទេស​ដែលមាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​នឹង​សម្រាក​នៅ​សណ្ឋាគារ​មួយចំនួន​ក្នុង​តំបន់​ខាងលើ ហើយ​កិច្ចប្រជុំ​អាស៊ាន​ក៏​នឹង​រៀបចំ​ក្នុង​តំបន់​ខាងលើ​ដូចគ្នា​ដែរ​។​

​អាជ្ញាធរ​អភិវឌ្ឍន៍​ក្រុង​ម៉ានីល​នឹង​ទទួលបន្ទុក​មើលថែទាំ​និង​អនុវត្ត​បទបញ្ញត្តិ​ពាក់ព័ន្ធ​ការធ្វើ​ចរាចរណ៍​ហើយ​និង​ការបិទផ្លូវ​។ ចំណែកឯ​ប៉ូលិស​វិញ ត្រូវ​ធានា​ឲ្យ​បាន​ថា វា​នឹង​គ្មាន​សកម្មភាព​ស្រដៀង​នឹង​អំពើ​ភេរវកម្ម​កើតឡើង​នោះទេ​ក្នុងអំឡុងពេល​សប្ដាហ៍​នៃ​កិច្ចប្រជុំ​នេះ​។​

​លោក Albayalde បាន​រម្លឹក​ផងដែរ​ពី​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​សង្កាត់ Quiapo ដែល​កើតឡើង​អំឡុង​សប្ដាហ៍​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣០ កាលពី​ខែមេសា​កន្លងមក​។​
​ក្រុមប៉ូលិស​កំពុងតែ​ឃ្លាំមើល​ក្រុម​មួយចំនួន​ក្នុង​ទីក្រុង​ម៉ានីល​ដែល​ពួកគេ​អាចធ្វើ​សកម្មភាព​វាយប្រហារ​បាន ជាពិសេស​ប្រជាជន​ហ្វីលីពីន​ប្តូរ​ទៅកាន់​សាសនា​ឥស្លាម រួមទាំង​អតីត​សមាជិក​ក្រុម​ឃាតករ Alex Boncayao Brigade ៕

​លើសពីនេះទៅទៀត ប៉ូលិស​ក៏បាន​ឃ្លាំមើល​តំបន់​ទីប្រជុំ​ចម្រុះ​ពូជសាសន៍​មួយចំនួន​ដែល​សម្បូរ​ដោយ​ឧក្រិដ្ឋជន​ដូចជា​សង្កាត់ Maharlika Village​ក្នុង​Taguig Quiapo និង​Baseco​នៅ​ទីក្រុង​ម៉ានីល​៕


Tag:
 ហ្វីលីពីន​
  Oscar Albayalde
  ភេរវកម្ម​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com