អន្តរជាតិ
អាមេរិក​ឈប់​បង្រៀន​ប្រទេស​ផ្សេង​«​រឿង​ប្រជាធិបតេយ្យ​» ជា​ដំណឹង​ល្អ​សម្រាប់​មេដឹកនាំ​ផ្តាច់ការ​?
02, Aug 2017 , 10:39 pm        
រូបភាព
រូបភាព៖ Atlantic
រូបភាព៖ Atlantic
​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក រិច ធី​ល័​រ​សិន ពិចារណា​លុបចោល​ចំណុច​ពាក់ព័ន្ធ​ការ​«​លើកកម្ពស់​ប្រជាធិបតេយ្យ​»​ពី​បេសកកម្មរ​របស់​ក្រសួងការបរទេស​អាមេរិក​។ វា​មានន័យថា អាមេរិក​នឹង​លែង​ខ្វល់ខ្វាយ ឬ​លែង​បង្រៀន​ប្រទេស​ដទៃ​ពាក់ព័ន្ធ​បញ្ហា​ប្រជាធិបតេយ្យ​ហើយ​។ អ្នកជំនាញ​និង​ក្រុម​សិទ្ធិមនុស្ស​បារម្ភ​ខ្លាំង​ពី​ការផ្លាស់ប្តូរ​នេះ ព្រោះ​ការលើកស្ទួយ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ជា​ចំណុច​ស្នូល​នៃ​នយោបាយ​ការបរទេស​អាមេរិក​យូរអង្វែង​មកហើយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​ការផ្លាស់ប្តូរ​នេះ​ក្លាយជា​ដំណឹង​ល្អ​សម្រាប់​បណ្តា​ប្រទេស​ដែលមាន​ការ​បំពារបំពាន​ឬ​គាបសង្កត់​រឹតត្បិត​សិទ្ធិសេរីភាព​នៅ​ទូទាំង​ពិភពលោក​ថែមទៀត​ផង​។



​ថ្ងៃ​សុក្រ​ទី ២៨ កក្កដា​សប្តាហ៍​មុន ក្រសួងការបរទេស​អា​មេ​រិ​ក​ផ្ញើ​អត្ថបទ​ព្រាង​សេចក្តីថ្លែងការណ៍​ស្តីពី​បេសកកម្ម​ក្រសួងការបរទេស​ទៅកាន់​មន្ត្រីក្រោមឱវាទ​របស់ខ្លួន​ដើម្បី​ស្នើសុំ​យោបល់​។ អ្នកសារព័ត៌មាន Washington Post លោក Josh Rogin ក៏​ទទួលបាន​សារ​អេឡិចត្រូនិក​ផ្ទៃក្នុង​ក្រសួងការបរទេស​អាមេរិក​នេះដែរ ហើយ​លោក​បាន​បញ្ជាក់ថា សេចក្តីថ្លែងការណ៍​ថ្មី​ពាក់ព័ន្ធ​ប្រតិបត្តិការ​និង​បេសកកម្ម​ក្រសួងការបរទេស​មានការ​ផ្លាស់ប្តូរ​ចំណុច​ស្នូល​ដែល​ទាក់ទិន​នឹង​ការលើកស្ទួយ​ប្រជាធិបតេយ្យ​។
​    ​
​បើតាម​សេចក្តីព្រាង​ដែល​ចុះផ្សាយ​ដោយសារ​ព័ត៌មាន Washington Post គោលបំណង​របស់​ក្រសួងការបរទេស​អាមេរិក​គឺ​៖ «​យើង​លើកស្ទួយ​សន្តិសុខ វិបុលភាព​និង​ប្រយោជន៍​ប្រជាជន​អាមេរិក​នៅ​ទូទាំង​ពិភពលោក​»​។ ចំណែក​បេសកកម្ម​នៃ​ស្ថាប័ន​នេះ​គឺ «​ដឹកនាំ​គោលនយោបាយ​ការបរទេស​អាមេរិក​តា​មរយៈ​ការតស៊ូ​មតិ​ជា​សាកល ធ្វើ​សកម្មភាព និង​ផ្តល់ជំនួយ​ដើម្បី​ជំរុញ​ឲ្យ​ពិភពលោក​មាន​សុវត្ថិភាព សន្តិសុខ និង​វិបុលភាព​ជាង​មុន​»​។​

​វា​មិនមាន​ពាក្យ​ណាមួយ​និយាយ​ពី​«​ការលើកស្ទួយ​ប្រជាធិបតេយ្យ និង​យុត្តិធម៌​»​ដូច​មុន​ឡើយ​។ យ៉ាងណាមិញ សេចក្តីព្រាង​នេះ​ត្រូវបាន​គេ​ចែកចាយ​ទៅកាន់​បណ្តា​មន្ត្រី​ពាក់ព័ន្ធ​តាំងពី​ថ្ងៃ​សុក្រ​ដើម្បី​ពិគ្រោះ​យោបល់​ក្រែង​មានការ​កែតម្រូវ ហើយ​គេ​អាច​កែប្រែ​ចំណុច​នានា​បានជា​បន្តបន្ទាប់​មុននឹង​កំណត់​យក​វា​ជា​ផ្លូវការ​។​

១.​អាមេរិក​ឈប់​តាំងខ្លួន​ជា​អ្នក​ជួយ «​លើកស្ទួយ​ប្រជាធិបតេយ្យ​ពិភពលោក​»?

​ដូច​បានបញ្ជាក់​ខាងលើ​ស្រាប់ បើតាម​ឯកសារ​ដែល​គេ​ទទួលបាន ការលើកស្ទួយ​ប្រជាធិបតេយ្យ និង​យុត្តិធម៌​លែងមាន​នៅក្នុង​បេសកកម្ម​របស់​ក្រសួងការបរទេស​អាមេរិក​ទៀតហើយ​។ វា​ជា​រឿង​មួយ​ច​ម្លែ​ង​និង​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល​ដែរ ព្រោះ​ការលើកស្ទួយ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​យុត្តិធម៌​ដែលជា តម្លៃ​ស្នូល និង​ចំណុច​អាទិភាព​នៃ​នយោបាយ​ការបរទេស​តាំងពី​យូរអង្វែង​មកហើយ​។ វា​បានន័យថា អាមេរិក​កំពុង​ដើរ​ថយក្រោយ លែង​ខ្វាយខ្វល់​ពី​បញ្ហា​ប្រឈម​នៃ​លទ្ធិប្រជាធិបតេយ្យ និង​បញ្ហា​សិទ្ធិមនុស្ស​មនុស្ស​ដូច​មុន​ហើយ​។​
 
​បើ​ប្រៀបធៀប​សេចក្តីថ្លែងការណ៍​ស្តីពី​បេសកកម្ម​ក្រសួងការបរទេស​កាល​ជំនាន់​មុនៗ​រួមទាំង​ក្រោម​អាណត្តិ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា វា​មាន​ចំណុច​ផ្ទុយគ្នា​។ សេចក្តីថ្លែងការណ៍​បេសកកម្ម​ឆ្នាំ​២០១៦ បញ្ជាក់​ដូច្នេះ​ថា​៖« បេសកកម្ម​ក្រសួងការបរទេស​គឺ​ចូលរួម​បង្កើត និង​ថែរក្សា​សន្តិភាព វិបុលភាព យុត្តិធម៌ និង​ប្រជាធិបតេយ្យ​នៅលើ​ពិភពលោក និង​ជំរុញ​ឲ្យ​មាន​ស្ថិរភាព និង​ការអភិវឌ្ឍ​ដែលជា​ប្រយោជន៍​សម្រាប់​ប្រជាជន​អាមេរិក និង​ប្រជាជន​នានា​ទូទាំង​ពិភពលោក​»​។​

​តាំងពី​ឡើងកាន់តំណែង​ខែមករា គេ​កម្រ​លឺ​លោក ដូ​ណា​ល់ ត្រាំ ប្រឹង​និយាយ​តែ​ពី​គោលនយោបាយ​ដ​ម្ក​ល់​ប្រយោជន៍​អាមេរិក​ជាធំ និង​បង្កើត​ទំនាក់ទំនង​ជាមួយ​បណ្តា​មេដឹកនាំ​ផ្តាច់ការ​នៅលើ​ពិភពលោក​ថែម​ទៀតផង​។  លោក ត្រាំ កម្រ​និយាយ​ពី​បញ្ហា​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ណាស់ ហើយ​ថ្ងៃ​ស្បថ​ចូលកាន់​តំណែង​លោក​បាន​បញ្ជាក់ថា «​អាមេរិក​មិន​ស្វះស្វែង​បង្ខំ​ឲ្យ​អ្នកដទៃ​ធ្វើ​អ្វី​តាម​ខ្លួន​ឡើយ​»​ជាពិសេស​ប្រជាធិបតេយ្យ​តែម្តង​។ គេ​ធ្លាប់​លឺ​ម្តង​ដែរ​កាលពី​ខែមិថុនា ពេល​លោក ដូ​ណា​ល់ ត្រាំ និយាយ​ពី​បញ្ហា​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​នៅ​គុយបា ហើយ​លោក​ថែមទាំង​បាន​លុបចោល​គោលនយោបាយ​មួយចំនួន​របស់លោក អូ​បា​ម៉ា​ផង ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋ​ការី​ប៊ី​ន គុយបា នេះ​។​

២. មេដឹកនាំ​ផ្តាច់ការ​ត្រេកអរ​ពេល​អាមេរិក​ឈប់​តាំងខ្លួន​ជា​អ្នក​សាប​ព្រួស​«​ប្រជាធិបតេយ្យ​»?

​យ៉ាងណាក៏ដោយ ការផ្លាស់ប្តូរ​ចំណុច​ស្នូល​នៃ​បេសកកម្ម​របស់​ក្រសួងការបរទេស​ដោយ​ឈប់​ផ្តោតលើ​ការលើកស្ទួយ​ប្រជាធិបតេយ្យ​នេះ​មិនមែនជា​រឿង​សាមញ្ញ ហើយ​វា​ក៏​មិនមែនជា​រឿង​ចៃដន្យ​ដែរ​។ វា​មានការ​ព្រមាន​ថា អ្វីដែល​អាមេរិក​កំពុង​ធ្វើ​នឹង​ក្លាយជា​គ្រោះថ្នាក់​សម្រាប់​ចលនា​គាំទ្រ​ប្រជាធិបតេយ្យ​ទូទាំង​សក​លោក​ផងដែរ​។​

​ក្រោយ​លេចលឺ​ព័ត៌មាន​ដែលថា ក្រសួងការបរទេស​អា​មេ​រិ​ក​ឈប់​ផ្តោតលើ​ការគាំទ្រ​ប្រជាធិបតេយ្យ អតីតមន្ត្រី​ជាន់ខ្ពស់​ក្នុង​រដ្ឋបាល​អាមេរិក​នាំគ្នា​ប្រតិកម្ម​ខ្លាំងៗ​ជា​បន្ទាប់​។ អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​រង​ទទួលបន្ទុក​យុទ្ធសាស្ត្រ​ប្រជាធិបតេយ្យ​សាកល​ក្រោម​អាណត្តិ​លោក ច​ច ដា​បិ​ល​យូ​ប៊ូ​ស លោក Elliott Abrams បាន​លើកឡើងថា ការផ្លាស់ប្តូរ​នេះ​ជា​កំហុសឆ្គង​មួយ​ដ៏​ធំ​។​

​លោក​បញ្ជាក់​ដូច្នេះ​៖ «​ការផ្លាស់ប្តូរ​នេះ​ជា​កំហុសឆ្គង​ធ្ងន់ធ្ងរ​មួយ​ដែល​ត្រូវ​កែតម្រូវ​។ បើសិន​មិន​កែ​ត​ម្រ​ទេ សារ​នេះ​នឹង​ក្លាយជា​ការលើកទឹកចិត្ត​ដ៏​ធំ​មួយ​សម្រាប់​មេដឹកនាំ​ផ្តាច់ការ​នៅលើ​ពិភពលោក​នេះ​»​។​
 
​ចំណែក​លោក Tom Malinowski  អតីត​ឧបការី​រង​រដ្ឋមន្ត្រី​បរទេស​អាមេរិក​ទទួល​បន្ទុក​ប្រជាធិបតេយ្យ ជំនាន់​លោក បា​រ៉ា​ក់ អូ​បា​ម៉ា យល់ឃើញថា លោក ត្រាំ គិត​ស្រដៀង​គ្នា​នឹង​មេដឹកនាំ​ផ្តាច់ការ​ដូចជា​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​ដែរ​ពាក់ព័ន្ធ​បញ្ហា​ប្រជាធិបតេយ្យ​។

«​ការមើលឃើញ​ពិភពលោក​របស់​មេដឹកនាំ​អាមេរិក​មិន​ខុសពី​លោក ពូ​ទីន​ឡើយ​។ លោក​គិតថា​មហាអំណាច​ត្រូវ​គិតតែ​ម្យ៉ាង​គឺ​ការពារ​ខ្លួន និង​បង្កើន​អំណាច​ផ្ទាល់ខ្លួន មិនមែន​លើកស្ទួយ​ប្រជាធិបតេយ្យ​ឡើយ​។ ការលុបចោល​ចំណុច​ការពារ​ប្រជាធិបតេយ្យ​ដែលជា​តម្លៃ​សកល​នោះ វា​ប្រៀបដូចជា​ការជំរុញ​ឲ្យ​ប្រជាជន​នៅ​ទូទាំង​ពិភពលោក​ឈប់​គាំទ្រ​គោលនយោបាយ​ការបរទេស​របស់​យើង​ដូចគ្នា​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Tom Malinowski ដែល​ស្រង់​សម្តី​ដោយសារ​ព័ត៌មាន Washington Post​។


Tag:
 រិច ធី​ល័​រ​សិន​
  ដូ​ណា​ល់ ត្រាំ​
  Josh Rogin
© រក្សាសិទ្ធិដោយ thmeythmey.com