អន្តរជាតិ
សមាជិក​ព្រឹទ្ធសភា​អាមេរិក​៖ បើ​សង្គ្រាម​ផ្ទុះ​នៅ​ឧបទ្វីប​កូរ៉េ អ្នកស្លាប់​នៅ​ទីនោះ មិនមែន​នៅ​អាមេរិក​ទេ​
03, Aug 2017 , 11:37 am        
រូបភាព
សមាជិកព្រឹទ្ធសភាអាមេរិកបក្សសាធារណរដ្ឋ លោក Lindsey Graham (រូបភាព AFP)
សមាជិកព្រឹទ្ធសភាអាមេរិកបក្សសាធារណរដ្ឋ លោក Lindsey Graham (រូបភាព AFP)
​សមាជិក​ព្រឹទ្ធសភា​អាមេរិក លោក Lindsey Graham និយាយថា ជម្រើស​ផ្នែក​យោធា​នៅតែ​ស្ថិតក្នុង​ការពិចារណា​ក្នុងការ​ទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង និង​បញ្ចប់​មហិច្ឆតា​របស់លោក គីម ជុង​អ៊ុន ។ សមាជិក​ព្រឹទ្ធសភា​អាម​រិ​ក​រូបនេះ​បញ្ជាក់ថា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ មិនបាន​បោះបង់​ជម្រើស​យោធា​នេះ​ទេ ប៉ុន្តែ​លោក ត្រាំ ក៏​មិន​ចង់ឃើញ​សង្គ្រាម​ផ្ទុះឡើង​នៅ​ឧបទ្វីប​កូរ៉េ​ដែរ ព្រោះ​មហន្តរាយ​ពិតជា​ពិបាក​ស្មាន​ណាស់​។​



​ក្រោម​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ជម្រើស​ផ្នែក​យោធា​ប្រឆាំង​កូរ៉េខាងជើង​បាន​កើនឡើង​ខ្ពស់ ដ្បិត​លោក ត្រាំ ហាក់​មិន​ពេញចិត្ត​ការចរចា និង​ទណ្ឌកម្ម​របស់​អង្គការសហ ប្រជាជាតិ​ដែល​លោក​យល់ថា មិនមាន​ប្រសិទ្ធភាព​រារាំង​កូរ៉េខាងជើង​ពី​ការបន្ត​កម្មវិធី​នុយក្លេអ៊ែរ​បាន​។ មន្ត្រី​សំខាន់​របស់លោក និង​សមាជិក​ព្រឹទ្ធសភា​ខ្លះ ដែលមាន​ជំហរ​តឹង​រ៉ឺ​ង បាន​គាំទ្រ​គំនិត​ក្នុងការ​ប្រើប្រាស់​កម្លាំងយោធា​ដើម្បី​បញ្ចប់​មហិច្ឆតា​របស់​កូរ៉េខាងជើង​ដែរ​។​

​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ NBC នៅ​ថ្ងៃទី​១ ខែសីហា លោក Lindsey Graham សមាជិក​ព្រឹទ្ធសភា​អាមេរិក​មកពី​រដ្ឋ North Carolina និយាយថា ជម្លោះ​រវាង​អាមេរិក និង​កូរ៉េខាងជើង ទំនង​ចៀស​មិន​ផុត​ទេ បើ​កូរ៉េខាងជើង​នៅតែ​បន្ត​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ដែល​អាច​បាញ់​ដល់​ទឹកដី​អាមេរិក​នោះ​។ លោក Graham និយាយទៀតថា លោក ត្រាំ បាន​ប្រាប់​ពី​លោក​បំណង​ក្នុងការ​ប្រើប្រាស់​យោធា​កម្ទេច​កូរ៉េខាងជើង ព្រោះ​លោក​មិន​អនុញ្ញាត​ឲ្យ​មាន​មី​ស៊ី​ល​ហោះ​មក​ទឹកដី​អាមេរិក​ទេ​។​

​សមាជិក​ព្រឹទ្ធសភា​មកពី​បក្ស​សាធារណរដ្ឋ​រូបនេះ​បាន​រំឭក​សម្ដី​លោក ត្រាំ ថា​៖ «​ប្រសិនបើ​មាន​សង្គ្រាម​ដើម្បី​បញ្ឈប់​លោក គីម ជុង​អ៊ុន សង្គ្រាម​នឹង​ផ្ទុះឡើង​នៅ​ឧបទ្វីប​កូរ៉េ​។ ប្រសិនបើ​មាន​ស្លាប់​មែន ក៏​ស្លាប់​នៅ​ទី​នោះដែរ មិនមែន​ស្លាប់​នៅលើ​ទឹកដី​អាមេរិក​ទេ​»​។ លោក Graham បន្ថែមថា សម្ដី​នេះ​អាច​ជាការ​បង្ករឿង តែ​នៅពេល​អ្នក​កាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក អ្នក​ត្រូវតែ​ការពារ​ប្រជាជន​អាមេរិក​។​

​បើតាម​ការលើកឡើងរ​ប​ស់លោក Graham ជម្រើស​ផ្នែក​យោធា​នៅតែ​អាច​បោះបង់​បាន ព្រោះ​កូរ៉េខាងជើង​មិនបាន​បង្ហាញ​ឆន្ទៈ​បញ្ឈប់​ការ​ភិ​វ​ឌ្ឍ​មី​ស៊ី​ល​របស់ខ្លួន​ទេ មានតែ​បង្កើន​សមត្ថភាព​កាន់តែខ្លាំង​ឡើង​ដើម្បី​គំរាម​អាមេរិក​។ សង្គ្រាម​ពិតជា​រឿង​អាច​កើតឡើង​ដោយ​ចៀស​មិន​ផុត បើ​កូរ៉េខាងជើង​នៅតែ​ចចេស​រឹងរូស ព្រោះនេះ​ជាការ​បង្ខំ​ឲ្យ​លោក ត្រាំ ជ្រើសរើស​រវាង​សន្តិសុខ​តំបន់ និង​សន្តិសុខ​របស់​អាមេរិក​ផ្ទាល់​។​

​សូមបញ្ជាក់ថា គ្រាន់តែ​ខែកក្កដា​មួយ កូរ៉េខាងជើង​បាន​សាកល្បង​មី​ស៊ី​ល​រំលង​ទ្វីប​ដល់​ទៅ​ពីរលើក ហើយ​គេ​ជឿថា មី​ស៊ី​ល​នោះ​មាន​សមត្ថភាព​វាយប្រហារ​គោលដៅ​ជាច្រើន​របស់​អាមេរិក​។ បន្ទាប់​ពីនេះ ប្រមុខ​យោធា​អាមេរិក Joseph Dunford ក៏បាន​ជជែក​គ្នា​ពី​ជម្រើស​ផ្នែក​យោធា​ប្រឆាំង​កូរ៉េខាងជើង​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង​ដែរ​។ កូរ៉េខាងជើង​ចាត់ទុក​ការបាញ់​នេះ គឺជា​ជោគជ័យ និង​ជាការ​ព្រមាន​អាមេរិក​ផងដែរ​៕

Tag:
 អាមេរិក​
  ឧបទ្វីប​កូរ៉េ​
  Lindsey Graham
© រក្សាសិទ្ធិដោយ thmeythmey.com