ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជាតិ​សរសៃ​គួរតែ​ញ៉ាំ​ប៉ុណ្ណា​ទើប​ល្អ​? ហើយ​ច្រើនពេក​មាន​បញ្ហា​ដែរ​ទេ​?
04, Aug 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ដោយយោង​ទៅតាម​សមាគមន៍​ជំងឺ​បេះដូង​អាមេរិក​បាន​ឲ្យ​ដឹងថា តម្រូវការ​របប​អាហារ​នៃ​ជាតិ​សរសៃ​របស់​មនុស្ស​ធំ​គឺ ២៥​ក្រាម​ក្នុង​មួយថ្ងៃ​សម្រាប់​របប​អាហារ ២០០០​កាឡូរី​។ រឿងនេះ​ក៏​អាស្រ័យ​ទៅតាម​អាយុ ឬ​ភេទ​ដែរ​ដូចជា​៖



•    ស្ត្រី​អាយុ​ក្រោម ៥០​ឆ្នាំ​៖ ២១ ទៅ​២៥​ក្រាម​ក្នុង​មួយថ្ងៃ​
•    បុរស​អាយុ​ក្រោម ៥០​ឆ្នាំ​៖ ៣០ ទៅ​៣៨​ក្រាម​ក្នុង​មួយថ្ងៃ​

​សម្រាប់​ក្មេង​អាយុ​ចន្លោះ ១ ទៅ​១៨​ឆ្នាំ គួរតែ​ញ៉ាំ​ជាតិ​សរសៃ​ពី ១៤ ទៅ​៣១​ក្រាម​ក្នុង​មួយថ្ងៃ​។ ទោះបីជា​ញ៉ាំ​ច្រើនជាង​នេះ​ក៏​វា​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បាន​ច្រើន​ដែរ​។​

​ជាតិ​សរសៃ​ដើរតួនាទី​សម្រាប់​ជួយ​ដល់​ការរំលាយ​អាហារ​ដ៏​សំខាន់​មួយ ប៉ុន្តែ​រាងកាយ​មិនអាច​ទទួលបាន​ជីវជាតិ​មួយ​បានល្អ​ដូច​វីតាមីន D កាលស្យូម និង​ជីវជាតិ​ផ្សេងៗ​ទៀតឡើយ​។ យក​ល្អ​គួរតែ​ញ៉ាំ​ជាតិ​សរសៃ​ឲ្យ​បាន​ចំនួន​ត្រឹមត្រូវ​ទើប​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើការ​កាន់តែ​ល្អ​។​

​អត្ថប្រយោជន៍​ល្អៗ​ចំពោះ​សុខភាព​នៅពេល​ទទួលទាន​ជាតិ​សរសៃ​បាន​គ្រប់គ្រាន់​៖
•    ជួយ​ដល់​ការ​ស្រក​ទម្ងន់​
•    បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល និង​ជាតិ​ស្ករ​ក្នុង​ឈាម​
•    បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​សរសៃឈាម​ដូចជា ដាច់​សរសៃឈាម​ខួរក្បាល ជំងឺ​បេះដូង និង​ផ្សេងៗ​ទៀត​
•    បង្ការ​ជំងឺ​ទឹកនោមផ្អែម​
•    បង្កើន​សុខភាព​ពោះវៀន និង​ការរំលាយ​អាហារ​
•    ផ្តល់​សុខភាព​ដល់​បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន​

​ទោះបីជា​យ៉ាងណាក៏ដោយ បើសិនជា​អ្នក​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​ច្រើនជាង ៧០​ក្រាម​ក្នុង​មួយថ្ងៃ រាងកាយ​អាច​នឹង​ចាប់ផ្តើម​ប្រាប់ថា​មាន​អ្វីមួយ​ខុស​ប្រក្រតី​ហើយ​ដូចជា​៖
•    ផោម​ច្រើន​
•    ហើមពោះ​
•    ទល់លាមក​
•    រាករូស​
•    ឈឺពោះ​បែប​រមួល​។​

​បញ្ហា​មួយ​ដែល​សំខាន់​ដែល​កើតឡើង​ចំពោះ​រឿង​ការ​នៅពេល​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​ច្រើន​គឺ វា​ទៅ​តោង​ជាតិ​រ៉ែ​សំខាន់ៗ​ដូចជា កាលស្យូម ជាតិ​ដែក និង​ស័​ង្គ​សី​មិន​ឲ្យ​បឺត​ស្រូប​ចូលទៅក្នុង​ខ្លួន​ឡើយ​។ ដូច្នេះ​ចូរ​កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​សរសៃ​វិញ​បើសិនជា​អ្នកមាន​អាកា​រៈទាំង​អស់​ខាងលើនេះ​។​

​បើសិនជា​អ្នក​កំពុង​តែមាន​អាកា​រៈ​ធ្ងន់ធ្ងរ​វិញ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ ករណី​កម្រ​នោះ​គឺថា ការ​ញ៉ាំ​ជាតិ​សរសៃ​ច្រើនពេក​អាច​បង្ក​ឲ្យ​ស្ទះ​ពោះវៀន​បាន​៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com