ជាតិ
WCS ៖ នៅ​កម្ពុ​ជាមាន​សត្វ​ប្រចៀវ ជិត​១០០​ប្រភេទ
06, Aug 2017 , 10:02 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ ហៅ​កាត់ WCS បាន​រកឃើញថា នៅ​កម្ពុជា​ប្រភេទ​សត្វ​ប្រចៀវ​ពី​៥០​ទៅ​១០០​ប្រភេទ ខណៈ ពិភពលោក​មាន​សត្វ​ប្រចៀវ​រហូត​១១០០​ប្រភេទ​។  សត្វ​ប្រចៀវ ជា​ប្រភេទ​សត្វ​ដែល​ស៊ី​សត្វល្អិត​ជា​អាហារ​។  


​ក្រុម​អ្នកជំនាញ​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS) បាន​ចងក្រង​សៀវភៅ​មួយ​ឈ្មោះថា​៖«​ថនិកសត្វ​នៃ​ប្រទេស​កម្ពុជា​»​។ មាន​ថនិកសត្វ​ជាច្រើន​ប្រភេទ ត្រូវបាន​រកឃើញ និង​ចងក្រង​សម្រាប់​ទុកជា​ឯកសារ​។  
 
​យោងតាម​សៀវភៅ​នោះ នៅលើ​ពិភពលោក​មាន​សត្វ​ប្រចៀវ​១១០០​ប្រភេទ ហើយ​នៅ​កម្ពុជា មាន​សត្វ​ប្រចៀវ​ពី​៥០ ទៅ​១០០ ប្រភេទ ក្នុងនោះ​មាន​សត្វ​ប្រចៀវ​ស៊ី​សត្វល្អិត​ជា​អាហារ​ចំនួន​៣០​ប្រភេទ ដែល​គេ​រកឃើញ​នៅ​កម្ពុជា​។ តាម​ក្រុម​អ្នកស្រាវជ្រាវ​របស់​អង្គការ WCS  ប្រភេទ​សត្វ​ប្រចៀវ​ដែល​បាន​រកឃើញ រួមមាន សត្វ​ប្រចៀវ​ស៊ី​សត្វល្អិត សត្វ​ប្រចៀវ​ដែល​ស៊ីសាច់​ជា​អាហារ និង​សត្វ​ប្រចៀវ​អង្កាម​ជាដើម​។ ពួកវា រស់​នៅតាម​ប្រភេទ ខ្លះ​ចូលចិត្ត​រស់នៅ​តំបន់​រូងភ្នំ ខ្លះ​រស់នៅក្នុង​ព្រៃស្រោង ប្រហោង​ដើមឈើ បំពង់​លូ និង​រស់នៅ​ជា​ហ្វូង​ជាដើម​។    
 
​សត្វ​ប្រចៀវ​ស៊ី​សត្វល្អិត​ជា​អាហារ​នេះ ផ្តល់​ប្រយោជន៍​ជាច្រើន ដែល​ពួកវា​ស៊ី​សត្វល្អិត​ចង្រៃ​ដែល​បំផ្លាញ​ដំណាំ ឬ​សត្វ​មូស​ដែល​តែង​ខាំ​រំខាន​ដល់​មនុស្ស​។ ជា​រៀងរាល់​ល្ងាច សត្វ​ប្រចៀវ​មួយ​ទ្រនំ អាច​ស៊ី​សត្វល្អិត​អស់​រាប់លាន​ក្បាល និង​ជួយ​បង្កា​ជំងឺ​ដល់​មនុស្ស ព្រមទាំង​ផ្តល់​ជាលា​មក ដែលជា​ជីធម្មជាតិ​សម្រាប់​វិស័យ​កសិកម្ម​ផងដែរ​។ នេះ​បើតាម​អ្នកជំនាញ​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​៕     
 





Tag:
 ប្រចៀវ​
  WCS
© រក្សាសិទ្ធិដោយ thmeythmey.com