ជាតិ
EU ផ្ដល់អាហារូបករណ៍១០០ភាគរយ ដល់និស្សិតកម្ពុជា៤៣នាក់ ទៅសិក្សានៅអឺរ៉ុប
×
សហភាពអឺរ៉ុប ផ្ដល់អាហារូបករណ៍១០០ភាគរយ ដល់និស្សិត និងបុគ្គលិកសិក្សា ចំនួន៤៣នាក់ ទៅសិក្សានៅតាមប្រទេសនៃតំបន់អឺរ៉ុប តាមរយៈកម្មវិធីសិក្សា Erasmus+ ។ កម្មវិធីនេះសំដៅគាំទ្រដល់ទំនើបកម្ម និងការធ្វើជាតូបនីយកម្មវិស័យអប់រំ ថ្នាក់ឧត្តមសិក្សានៅក្នុងបណ្ដាប្រទេសជាដៃគូរបស់សហភាពអឺរ៉ុប។
អាហារូបករណ៍ Erasmus+ សម្រាប់និស្សិតកម្ពុជា ដែលត្រូវបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់រយៈពេលចន្លោះពី០៦ ទៅ២៤ខែ ។ ចំណែកគ្រូឧទ្ទេសនាមវិញ មានរយៈពេលពី៥ថ្ងៃ ទៅ០៦ខែ សម្រាប់ទស្សនកិច្ច នៅតាមបណ្ដាប្រទេសសមាជិកសហភាពអឺរ៉ុប ចំនួន១៣ប្រទេសរួមមាន៖ ប្រទេសអូទ្រីស ប៊ែលស្ស៊ិក សាធារណរដ្ឋឆែក ដាណឺម៉ាក ហ្វាំងឡង់ បារាំង អ៊ីតាលី លីទុយអានី ប៉ូឡូញ ព័រទុយហ្គាល់ រ៉ូម៉ានី អេស្ប៉ាញ និងប្រទេសស៊ុយអ៊ែត។
និស្សិតដែលបានអាហារូបករណ៍សិក្សា នៅសហភាពអឺរ៉ុបទាំង១៣ប្រទេស លើមុខវិជ្ជាផ្សេងៗគ្នា ដូចជា កសិកម្ម ជីវៈវិទ្យា ធុរកិច្ច វិទ្យាសាស្ត្រកុំព្យូទ័រ អប់រំ សេដ្ឋកិច្ច បរិស្ថាន វិស្វកម្ម វិចិត្រសិល្បៈ បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ សារព័ត៌មាន គណិតវិទ្យា ភាសា ច្បាប់ វិជ្ជសាស្ត្រសត្វ សិល្បៈនៃប្រព័ន្ធផ្សផ្វផ្សាយនិងវប្បធម៌ជាដើម។
ជាមួយគ្នានេះកម្មវិធីអាហារូបករណ៍ Erasmus+ ក៏បានជ្រើសរើសនិស្សិតនិងបុគ្គលិកសិក្សាពីអឺរ៉ុបចំនួន២៧នាក់ ឲ្យមកសិក្សា និងបង្រៀននៅតាមសាកលវិទ្យាល័យចំនួន៦ នៅកម្ពុជាវិញផងដែរ។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោក ចច អេដហ្គា បាននិយាយថា អាហារូបករណ៍សហភាពអឺរ៉ុបទាំងនេះ គឺជាការបំពេញបន្ថែមទៅលើការគាំទ្រដ៏សំខាន់របស់សហភាពអឺរ៉ុប ដល់វិស័យអប់រំនៅកម្ពុជា។ថ្លែងក្នុងសន្និសីទសាព័ត៌មានកាលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ នៅសហភាពអឺរ៉ុបអគ្គរដ្ឋទូតរូបនេះ បាននិយាយដូច្នេះថា៖ ចាប់តាំងពីឆ្នាំ២០០៣មកសហភាពអឺរ៉ុបបានផ្ដល់ជំនួយគាំទ្រផ្នែកហិរញ្ញវត្ថុទៅខាងក្រសួងអប់រំ ដើម្បីពង្រឹងទាក់ទងនិងវិស័យអប់រំ និងកំណែទម្រង់ផ្សេងៗមួយចំនួនទៀត ដើម្បីមានលទ្ធភាពក្នុងការធ្វើការងារនោះដោយខ្លួនឯង។ នេះគឺជារឿងសំខាន់ដែលសហភាពអឺរ៉ុបចង់គាំទ្រដោយផ្ទាល់ទៅដល់រដ្ឋាភិបាលកម្ពុជា ជាជាងធ្វើការពីរស្របគ្នាជាមួយរដ្ឋាភិបាល»។
ចាប់តាំងពីឆ្នាំ២០០៥ និង២០១៦មក កម្មវិធីអាហារូបកណ៍ Erasmus+ និង Erasmus Mundus ដែលឧបត្ថម្ភមូលនិធិដោយសហភាពអឺរ៉ុប បានផ្ដល់អាហាររូបករណ៍ដល់និស្សិត និងបុគ្គលិកសិក្សាកម្ពុជាប្រមាណ៦០០នាក់មកហើយ ដើម្បីទៅសិក្សា និងបង្រៀននៅតាមបណ្ដាប្រទេសនានានៅអឺរ៉ុប។
ក្រៅពីផ្ដល់អាហារូបករណ៍ដល់និស្សិត និងបុគ្គលិកសិក្សាកម្មវិធី Erasmus+ ក៏បានផ្ដល់ហិរញ្ញប្បទានដល់ការកសាងសមត្ថភាពនៅកម្រិតឧត្តមសិក្សាផងដែរ។ កម្មវិធីនេះសំដៅគាំទ្រដល់ទំនើបកម្ម និងការធ្វើតូបនីយកម្មវិស័យអប់រំ ថ្នាក់ឧត្តមសិក្សានៅក្នុងបណ្ដាប្រទេសជាដៃគូរបស់សហភាពអឺរ៉ុប។ ក្នុងនោះស្ថាប័នអប់រំ អង្គការ និងស្ថាប័នអប់រំឧត្តមសិក្សាកម្ពុជាចំនួន១៦ ដែលបានចុះកិច្ចព្រមព្រៀងជាមួយកម្មវិធីអាហារូបករណ៍ Erasmus+ បានទទួលអត្ថប្រយោជន៍ពីគម្រោងនេះ។ កម្មវិធី Erasmus+ បង្កើតឡើងនៅឆ្នាំ១៩៨៧ ដើម្បីផ្លាស់ប្ដូរសិស្ស និងនិស្សិតទៅសិក្សា នៅក្នុងបណ្ដារដ្ឋដែលជាសមាជិកចំនួន១១ប្រទេសទៅវិញទៅមក៕
Tag:
EU
និស្សិត
អាហារូបករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com