អន្តរជាតិ
ប្រមុខ​ការទូត​កូរ៉េខាងជើង​៖ នុយក្លេអ៊ែរ​កូរ៉េខាងជើង​ទុក​សម្រាប់​បាញ់​អាមេរិក​និង​បរិវារ​ប៉ុណ្ណោះ
08, Aug 2017 , 2:06 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសកូរ៉េខាជើង រី យ៉ុងហូ (រូបភាព Xinhua)
រដ្ឋមន្ត្រីការបរទេសកូរ៉េខាជើង រី យ៉ុងហូ (រូបភាព Xinhua)
​ទោះជា​រង​សម្ពាធ​ពី​អន្តរជាតិ​យ៉ាង​ក្ដី កូរ៉េខាងជើង​នៅតែ​មានះ​មិន​ព្រម​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ ឬក៏​ឈប់​បាញ់​សាកល្បង​មី​ស៊ី​ល​ឡើយ​។ នៅ​ថ្ងៃទី​៧ ខែសីហា រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង រី យ៉ុង​ហូ (Ri Yong Ho) បានប្រកាស​ក្ដែ​ងៗ​ក្នុង​កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន (ARF) ថា កម្មវិធី​នុយក្លេអ៊ែរ ឬក៏​មី​ស៊ី​ល ក៏​មិនមែន​សម្រាប់​ការចរចា​ដែរ​។ កូរ៉េខាងជើង ក៏​ចោទ​អាមេរិក​ថា​ជា​អ្នកធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​ឧបទ្វីប​មាន​សភាព​ដូច​បច្ចុប្បន្ននេះ​។



​ទណ្ឌកម្ម​ថ្មី​ដែល​ទើប​អនុម័ត​ដោយ​ក្រុមប្រឹក្សាសន្តិសុខ ធ្វើ​ឲ្យ​កូរ៉េខាងជើង​ក្ដៅស្លឹកត្រចៀក​ខ្លាំង និង​គំរាម​សងសឹក​វិញ​ទៀតផង​។ កូរ៉េខាងជើង មិនបាន​ចុះ​ញ៉ម​ទណ្ឌកម្ម​ថ្មី​នេះឡើយ ហើយ​ថែម​ប្រកាស​បង្កើន​សមត្ថភាព និង​ចំនួន​នុយក្លេអ៊ែរ​របស់ខ្លួន ព្រមទាំង​ព្រមាន​សងសឹក​រាប់ពាន់​ដង​លើ​អាមេរិក ដើម្បី​ឆ្លើយតប​នឹង​ទណ្ឌកម្ម​ថ្មី​ដែល​ត្រូវបាន​អនុម័ត​កាលពី​ថ្ងៃទី​៥ ខែសីហា​។ ទណ្ឌកម្ម​ថ្មី​នេះ​មាន​គោលដៅ​ផ្ដាច់​ធនធាន​ហិរញ្ញវត្ថុ​កូរ៉េខាងជើង​ឲ្យ​បាន​មួយ​ពាន់​លាន​ដុល្លារ​។​

​ឆ្លៀតឱកាស​ចូលរួម​កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន ដែលជា​កិច្ចប្រជុំ​កូរ៉េខាងជើង​មាន​វត្តមាន​ជាប្រចាំ រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង រី យ៉ុង​ហូ ក៏បាន​និយាយ​ស្រដៀង​នេះដែរ​។ ពី​រដ្ឋធានី​ម៉ានីល លោក រី យ៉ុង​ហូ បញ្ជាក់ថា កូរ៉េខាងជើង​គ្មាន​បំណង​ប្រើប្រាស់​នុយក្លេអ៊ែរ​ប្រឆាំង​ប្រទេស​ណា​ឡើយ លើកលែងតែ​អាមេរិក​ប៉ុណ្ណោះ​។ ប៉ុន្តែ​លោក​ក៏​បន្ថែមថា ប្រទេស​ណា​ដែល​ចូល​ដៃ​ចូល​ជើង​ជាមួយ​អាមេរិក ក៏​ក្លាយជា​គោលដៅ​របស់​កូរ៉េខាងជើង​ដែរ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AP ចំពោះមុខ​រដ្ឋមន្ត្រីការបរទេស​នៃ​រដ្ឋ​សមាជិក​វេទិកា​តំបន់​អាស៊ាន ដែលមាន​ទាំង​អាមេរិក ចិន ជប៉ុន និង​កូរ៉េខាងត្បូង​ផង​នោះ ប្រមុខ​ការទូត​កូរ៉េខាងជើង​រូបនេះ​ក៏បាន​ទម្លាក់​ការទទួលខុសត្រូវ​លើ​អាមេរិក​ចំពោះ​ស្ថានការណ៍​តានតឹង​ដែល​កំពុង​កើតឡើង​នៅ​ឧបទ្វីប​កូរ៉េ​។ លោក រី យ៉ុង​ហូ ក៏​គំរាម​អាមេរិក​ដែរ​ថា កូរ៉េខាងជើង​ត្រៀម​រួចរាល់​ហើយ​ដើម្បី​ផ្ដល់​មេរៀន​ម៉ឺងម៉ាត់​ឲ្យ​អាមេរិក​ជាមួយនឹង​កម្លាំង​នុយក្លេអ៊ែរ​របស់ខ្លួន​។​

​នុយក្លេអ៊ែរ​កូរ៉េខាងជើង គឺជា​របៀបវារៈ​សំខាន់​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ឆ្នាំនេះ​។ ទាំង​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ទាំង​រដ្ឋមន្ត្រី​ប្រទេស​ដៃគូ សុទ្ធតែ​បាន​ថ្កោលទោស​សកម្មភាព​របស់​កូរ៉េខាងជើង និង​ទទូច​ឲ្យ​កូរ៉េខាងជើង​គោរព​តាម​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ ដើម្បី​រក្សា​ស្ថិរភាព និង​សន្តិភាព​តំបន់​។ យ៉ាងណាក្ដី កូរ៉េខាងជើង​នៅតែ​រឹងទទឹង និង​ប្រកាស​បន្ត​កម្មវិធី​នុយក្លេអ៊ែរ​ដដែល​។​

​ជាការ​ពិត កូរ៉េខាងជើង​ដែល​កំពុង​រុំ​ព័ទ្ធ​ដោយ​ទណ្ឌកម្ម​ជុំជិត​ខ្លួន​ស្រាប់​ផង នឹងរង​ផលប៉ះពាល់​ពី​ទណ្ឌកម្ម​លើក​នេះ​។ ប៉ុន្តែ​ដូច​ការអះអាង​របស់លោក រី យ៉ុង​ហូ កូរ៉េខាងជើង​នឹងមិន​យក​នុយក្លេអ៊ែរ ឬ​មី​ស៊ី​ល ទៅ​ដា​ក់លើ​តុ​ចរចា​ឡើយ ហើយនឹង​ពង្រឹង​ការសាកល្បង​បន្ថែម​ទៀតផង​។ ឯ​អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង​ឯណោះ បានដាក់​លក្ខខណ្ឌ​ឲ្យ​កូរ៉េ​ខាង​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ​សិន ទើប​ការចរចា​អាច​ចាប់ផ្ដើមបាន​៕


Tag:
 ​កូរ៉េខាងជើង​
  អាមេរិក​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com