ជាតិ
ពលករ​ខ្មែរ​ពី​បន្ទាយមានជ័យ និង​កំពង់ធំ​៣២​នាក់ ត្រូវបាន​ប៉ូលិស​ថៃ​ឃាត់ខ្លួន
16, Aug 2017 , 9:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ពលករ​ខ្មែរ​៣២​នាក់ ត្រូវបាន​តម្រួត​ថៃ និង​កម្លាំង​អន្តោប្រវេសន៍​ឃាត់ខ្លួន​នៅ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ខណៈ​ពួកគេ​កំពុង​ឆ្លងដែន​ដោយ​ខុសច្បាប់​ចូល​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ តាមរយៈ​មេខ្យល់​ខ្មែរ​។



​ពលករ​ខ្មែរ ដែលមាន​ស្រុកកំណើត​នៅ​ខេត្តបន្ទាយមានជ័យ និង​ខេត្តកំពង់ធំ ចំនួន​៣២​នាក់ ត្រូវបាន​តម្រួត​ថៃ ឃាត់ខ្លួន​នៅ​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ ពាក់ព័ន្ធ​នឹង​ការចូល​ទឹក​ថៃ​គ្មាន​លិខិតស្នាម​ត្រឹមត្រូវ​។ នេះ​បើតាម​គេហទំព័រ​អគ្គ​ស្នង​ដ្ឋា​ន​នគរបាលជាតិ​ចុះផ្សាយ​នៅ​ថ្ងៃទី​១៦ ខែសីហា​។  

​បើតាម​គេហទំព័រ​ខាងលើ ពួកគេ​ទាំង​៣២​នេះ ត្រូវបាន​មេខ្យល់​ខ្មែរ​សន្យា​ផ្តល់​ការងារ​នៅ​រាជធានី​បាងកក ជា​ថ្នូរ​នឹង​ប្រាក់​៣​ពាន់​បាត​។ បន្ទាប់មក ពួកគេ​បាន​ជិះឡាន​ម៉ាក​ទួរីស​មួយគ្រឿង សំដៅទៅ​រាជធានី​បាងកក ប៉ុន្តែ ត្រូវ​តម្រួត​ថៃ​ចាប់ខ្លួន​នៅ​ខេត្ត​ស្រះកែវ​ទឹកដី​ថៃ​។ 

​លោក អ៊ុ​ស្មាន ស៊ូ​ឡុង អ្នកបើកបរ​រថយន្ត​ពាក់​ស្លាក​លេខ បាងកក ៣២.០៨៤១ ជា​ជនជាតិ​ថៃ​រស់នៅ​ខេត្ត​ប៉ា​តានី ដែល​ប៉ង​បុក​បា​រ៉ា​ស់​នគរបាល​ថៃ បាន​អះអាងថា លោក​គ្រាន់តែ​ជា​អ្នកស៊ីឈ្នួល​បើកឡាន​ប៉ុណ្ណោះ​។ នេះ​បើតាម​គេហទំព័រ​ខាងលើ ដោយ​បន្ត​សរសេរថា ពលករ​ខ្មែរ​ទាំង​៣២​នាក់ ដែលមាន​ប្រុស​១៩​នាក់ ស្រី​១៣​នាក់ មានបំណង​ទៅធ្វើ​ការ​នៅ​រាជធានី​បាងកក ដោយសារ មាន​មេខ្ស​ល់​ខ្មែរ​ម្នាក់​ធានា​រក​ការងារ​ឲ្យ​ធ្វើជា​ថ្នូរ​នឹង​ប្រាក់​៣​ពាន់​បាត​ក្នុង​ម្នាក់ៗ​។  

​សូមបញ្ជាក់ថា បច្ចុប្បន្ន ពលករ​ខ្មែរ​ទាំង​៣២​នាក់ និង​អ្នកបើកបរ ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែសីហា ត្រូវបាន​តម្រួត​ជំនាញ​ថៃ បញ្ជូនទៅ​អធិការដ្ឋាន​ស្រុក​អារញ្ញ​ប្រាក់​ថេត​៕        


Tag:
 ពលករ​ខ្មែរ​
 ​ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com