អន្តរជាតិ
ហ្វីលីពីន​៖ ឧក្រិដ្ឋជន​គ្រឿងញៀន ៣២ នាក់​ស្លាប់​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​ត្រឹម​មួយថ្ងៃ​
16, Aug 2017 , 10:19 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
ដោយ:
​ឧក្រិដ្ឋជន​គ្រឿងញៀន ៣២ នាក់​បាន​ស្លាប់​នៅ​ថ្ងៃ​ចន្ទ​ទី ១៤ ខែសីហា ក្នុងអំឡុងពេល​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្ត Bulacan​។ អាជ្ញាធរ​តំបន់​បាន​និយាយថា ចាប់​តាំង​សង្គ្រាម​គ្រឿងញៀន​ចាប់ផ្តើម​នៅ​ខែមិថុនា​ឆ្នាំមុន​មក វា​ជា​ថ្ងៃ​ដែល​ឧក្រិដ្ឋជន​និង​ឈ្មួញ​គ្រឿងញៀន​ស្លាប់​ច្រើនជាងគេបង្អស់​។​



​ប្រធាន​នាយកដ្ឋាន​ប៉ូលិស​ខេត្ត Bulacan លោក Romeo M. Caramat Jr បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ទី​១៤ ខែសីហា​ថា ប្រតិបត្តិ​ការបង្ក្រាប​គ្រឿង​ញៀន​ជា​បន្តបន្ទាប់​នៅ​ថ្ងៃ​ចន្ទ​ទី ១៤ ខែសីហា​នោះ​ចាប់ខ្លួន​ឧក្រិដ្ឋជន​គ្រឿងញៀន​ចំនួន​១០៩ នាក់ និង​បណ្តាល​ឲ្យ​មនុស្ស ៣២​នាក់ ផ្សេងទៀត​ស្លាប់​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ប្រចាំ​តំបន់​ខាងលើ​បាន​បកស្រាយ​ថា ចំនួន​អ្នកស្លាប់​ច្រើន​បែបនេះ ដោយសារ ឧក្រិដ្ឋជន​ទាំងនេះ​បាន​តដៃ​ជាមួយ​ប៉ូលិស ហើយ​ប៉ូលិស​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួន​ប៉ុណ្ណោះ​។ លោក​ទទួលស្គាល់ថា វា​ជា​ប្រតិបត្តិការ​មួយ​ក្នុងចំណោម​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​ដែល​បង្ក​ឲ្យ​ឧក្រិដ្ឋជន​ស្លាប់​ច្រើន​បំផុត​មិន​ធ្លាប់មាន​។

​មន្ត្រី​រូបនេះ​បាន​ថ្លែង​ដូច្នេះ​ថា​៖« យើង​ចង់​ប្រើប្រាស់​យុទ្ធសាស្ត្រ​បំភ័យ​បែបនេះ​ចំពោះ​ឧក្រិដ្ឋជន​គ្រឿងញៀន​។ ពួកគេ​ផ្សេងតៀត​នឹង​គិត​ឡើងវិញ​ថា​តើ​គួរ​បន្ត​លក់​គ្រឿងញៀន​ទៀត​ឬ​អត់​។ យើង​ដឹងថា យើង​មិន​បានធ្វើ​អ្វី​ខុស​ឡើយ​គ្រាន់តែ​បង្ក្រាប​ឧក្រិដ្ឋជន​គ្រឿងញៀន​នោះ​»​។​

​យ៉ាងណាក៏ដោយ ការសម្លាប់​ឧក្រិដ្ឋជន​គ្រឿងញៀន​ច្រើនសន្ធឹក​នេះ​កើតឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ប្រធានាធិបតី​រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​សារភាពថា លោក​មិនអាច​គ្រប់គ្រង​គ្រឿងញៀន​ឡើយ ទោះ        សង្គ្រាម​គ្រឿងញៀន​របស់លោក​បានសម្លាប់​មនុស្ស​ជាង​៧​ពាន់​នាក់​។

​ដោយឡែក ក្នុង​កំណត់ត្រា​ប៉ូលិស ចាប់តាំងពី​សង្គ្រាម​គ្រឿងញៀន​របស់​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ចាប់ផ្តើម​នៅ​ខែមិថុនា​ឆ្នាំ ២០១៦ មក ឧក្រិដ្ឋជន​គ្រឿងញៀន ៣២៦៤ នាក់​ហើយ​ត្រូវបាន​សម្លាប់​ដោយ​មន្ត្រី​អនុវត្ត​ច្បាប់​។ ចំណែក ឧក្រិដ្ឋជន​ជាង ពីរពាន់​នាក់​ទៀត​ស្លាប់​ដោយសារ​ឃាតកម្ម​ទាក់ទង​នឹង​បញ្ហា​គ្រឿងញៀន​រួមមាន​ទាំង ការបាញ់សម្លាប់​ដោយ​ជនប្រដាប់អាវុធ​ខុសច្បាប់​លាក់​អត្តសញ្ញាណ​ជាដើម​។​

​ទាក់ទិន​នឹង​សង្គ្រាម​គ្រឿងញៀន​ហ្វីលីពីន​នេះ ក្រុម​សិទ្ធិមនុស្ស​ទាមទា​រ​ការស្រាវជ្រាវ​ឲ្យ​បាន​លម្អិត​ពី​តួនាទី​របស់​មន្ត្រី​រដ្ឋាភិបាល​ដែល​អាចពាក់ព័ន្ធ​នឹង​ការសម្លាប់​រង្គាល​មនុស្ស​ក្នុង​សង្គ្រាម​គ្រឿងញៀន​នេះ ព្រោះ​អត្រា​នៃ​ចំនួន​មនុស្ស​ស្លាប់​កើនឡើង​ច្រើន​៕


Tag:
 Bulacan
  Romeo M. Caramat
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com