អន្តរជាតិ
ភ្នាក់ងារ​សម្ងាត់​សុំ​លុយ​សភា​បន្ថែម ព្រោះ​ការចំណាយ​ការពារ ត្រាំ និង​គ្រួសារ អស់​ច្រើនពេក
22, Aug 2017 , 8:39 pm        
រូបភាព
​ចំនួន​ទឹកប្រាក់​សម្រាប់​ការចំណាយ​លើ​ការការពារ​សុវត្ថិភាព​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​ក្រុមគ្រួសារ​របស់លោក ជិត​អស់ហើយ បើតាម​ទីភ្នាក់ងារ​សម្ងាត់​ដែល​ទទួលបន្ទុក​ការពារ​ប្រធានាធិបតី​អាមេរិក​។ ទីភ្នាក់ងារ​សម្ងាត់​អាមេរិក​ប្រកាស​នៅ​ថ្ងៃទី​២១ ខែសីហា ថា ខ្លួន​មាន​ប្រាក់​នៅ​សេសសល់​សម្រាប់​ប្រតិបត្តិការ​នៅត្រឹម​ខែកញ្ញា​ប៉ុណ្ណោះ ហើយ​ហួស​ពី​កាលបរិច្ឆេទ​នេះ​ទៅ គឺ​សមាជិក​ទាំងអស់​ត្រូវធ្វើ​ការ​ដោយ​គ្មាន​ប្រាក់ខែ​ឡើយ បើ​សភា​មិន​អន្តរាគមន៍​ទេនោះ​។​



​ចាប់តាំងពី​ការចូល​កាន់តំណែង​នៅ​ថ្ងៃទី​២០ ខែមករា​មក​នោះ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​ក្រុមគ្រួសារ​របស់លោក បាន​ក្លាយជា​បន្ទុក​ដ៏​ធំ​របស់​ភ្នាក់ងារ​សម្ងាត់​ដែលមាន​ភារកិច្ច​ចាំ​ការពារ​ថ្នាក់ដឹកនាំ​កំពូល​របស់​អាមេរិក​។ ភា្ន​ក់​ងារ​សម្ងាត់​អាមេរិក​បាន​ចំណាយ​ប្រា​ក់លើ​ការការពារ​លោក ត្រាំ និង​ក្រុមគ្រួសារ ច្រើនជាង​ប្រធានាធិបតី​មុនៗ​របស់​អាមេរិក​។ មក​ត្រឹម​ខែសីហា​នេះ ភ្នាក់ងារ​សម្ងាត់​ប្រកាសថា ទឹកប្រាក់​ចំណាយ​សម្រាប់​ការការពារ​លោក ត្រាំ ក្នុង​ឆ្នាំ​២០១៧ គឺ​ជិត​អស់ហើយ​។​

​យោងតាម​សារព័ត៌មាន Washington Post ភ្នាក់ងា​សម្ងាត់​អាមេរិក​និយាយថា ខ្លួន​នៅមាន​ប្រាក់​សម្រាប់​ការចំណាយ​ពេញ​មួយខែ​កញ្ញា​ទៀត ហើយ​បើ​ហួស​ពី​នោះ​ទៅ បុគ្គលិក​របស់ខ្លួន​មួយ​ភាគបី​នឹងត្រូវ​ធ្វើការ​ដោយ​គ្មាន​ប្រាក់ខែ​តែម្ដង​។ លោក Randolph “Tex” Alles នាយក​ទីភ្នាក់ងារ​សម្ងាត់​បាន​និយាយថា ក្រុមការងារ​របស់លោក​បានធ្វើការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សន្តិសុខ​មាតុភូមិ រដ្ឋបាល​ប្រធានាធិបតី ត្រាំ និង​សភា ដើម្បី​ស្វែងរក​ដំណោះស្រាយ​ផ្លូវច្បាប់​មួយ​។​

​តាមពិតទៅ ចំនួន​ទឹកប្រាក់​របស់​ភ្នាក់ងារ​សម្ងាត់​ដែល​ផ្ដល់​ដោយ​រដ្ឋ​អាច​ប្រើប្រាស់​ពេញ​មួយឆ្នាំ​២០១៧ ប៉ុន្តែ​ទឹកប្រាក់​នេះ​បែរជា​អស់​មុន​កាលកំណត់​ទៅវិញ​។ នេះ​ក៏​ព្រោះតែ​ភ្នាក់ងារ​សម្ងាត់​ត្រូវការពារ​លោក ត្រាំ និង​ក្រុមគ្រួសារ​របស់លោក​ទាំង​អស់​ដែល​គ្នា​ជាង​៤០​នាក់ ហើយ​ដែល​តែង​ធ្វើដំណើរ​ទេសចរណ៍ ឬក៏​ការធ្វើ​ពាណិជ្ជកម្ម​យ៉ាង​ញឹកញាប់​។ លើសពីនោះ ភ្នាក់ងារ​សម្ងាត់​ក៏ត្រូវ​ការពារ​អនុ​ប្រធានាធិបតី ម៉ៃ ផេ​នស៍ និង​គ្រួសារ​ទៀតផង​។​

​លោក ត្រាំ តែង​ចំណាយពេល​ចុង​សប្ដាហ៍​ទៅ​សម្រាក​នៅឯ​រមណីយដ្ឋាន Mar-a-Lago នៅឯ​រដ្ឋ Florida និង​ទៅលេង​វាយ​ហ្គោល​នៅ​រដ្ឋ New Jersey ជាដើម ហើយ​ដែល​តម្រូវ​ឲ្យ​ភ្នាក់ងារ​សម្ងាត់​តាម​ការពារ​លោក​ជានិច្ច​។ វត្តមាន​លោក ត្រាំ នៅ Florida ជា​ញឹកញាប់ មិន​ត្រឹម​បង្ក​ការមិនសប្បាយចិត្ត​ពី​សំណាក់​ប្រជាជន​ឡើយ តែ​មន្ត្រី​ក្នុងស្រុក​ក៏ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ទៀតផង ជាពិសេស​កង​ឆ្មាំ​ការពារ​ឆ្នេរ​ដែល​ត្រូវ​ល្បាត Mar-a-Lago ២៤​ម៉ោង​លើ​២៤​ម៉ោង​ផងដែរ​។​

​ការចំណាយ​ខាងលើ​មិនទាន់​គិតដល់​ថ្លៃ​ការពារ​កូនៗ​ធំ​ទាំង​បួន​របស់លោក ត្រាំ ឬក៏​ភ្ញៀវ​របស់លោក ត្រាំ ផង​។ លើសពីនេះ ភ្នាក់ងារ​សម្ងាត់​ក៏ត្រូវ​ចំណាយ​លើ​បុគ្គលិក​ដែល​កើនឡើង​ផងដែរ ព្រោះ​ការងារ​បាន​កើនឡើង​ច្រើន​តាំងពី​លោក ត្រាំ ក្លាយជា​ប្រធានាធិបតី​មក​។ លោក Alles បញ្ជាក់ថា ចំនួន​បុគ្គលិក​បម្រើការ​នៅ​ភ្នាក់ងារ​ពិសេស​បាន​កើន​ឡើងដល់​ទៅ​៨០០​នាក់ ដែល​នេះ​ក៏​ជា​ចំណែក​មួយ​នាំ​ឲ្យ​ថវិកា​សម្រាប់​ការការពារ​អស់​មុន​កំណត់​ដែរ​៕ 


Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com