អន្តរជាតិ
តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​លោកស្រី យីងឡាក់ ដែលមិនព្រម​បង្ហាញខ្លួនថ្ងៃប្រកាស​សាល​ដីកា
25, Aug 2017 , 9:49 am        
រូបភាព
ដោយ: ថ្មីៗ
 ចៅក្រមតុលាការកំពូលថៃ​បាន​ប្រកាស​ថា តុលាការ​សម្រេច​ចេញ​ដីកាចាប់​ខ្លួន​អតីត​នាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត់ ព្រោះ​លោកស្រី​មិន​ព្រម​បង្ហាញ​ខ្លួន​ថ្ងៃប្រកាស​សាល​ដីការ​របស់​ខ្លួនថ្ងៃ​ ២៥​ ខែ​សីហា​នេះ។ ​ចំណែក​ថ្ងៃ​​ប្រកាស​សាល​ដីការពាក់ព័ន្ធ​សំណុំ​រឿង​ពុក​រលួយលោកស្រីនឹង​ត្រូវ​លើក​ពេល​ទៅ​ថ្ងៃ ២៧ ខែ​កញ្ញា​ខាងមុខ​នេះ។ នេះ​បើតាម​ទីភ្នាក់ងារព័ត៌មាន AFP។


តុលាការកំពូលថៃបាន​សម្រេច​ចេញដីកា​ចាប់ខ្លួនលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ​បន្ទាប់​ពីលោកស្រីមិនព្រម​បង្ហាញ​ខ្លួនក្នុងថ្ងៃកាត់ក្តីសំណុំ​រឿង​លោកស្រី​នៅថ្ងៃ​សុក្រនេះ។ ថ្ងៃ​ប្រកាសសាល​ដីកានេះ​ដែរ​នឹង​ត្រូវ​ពន្យារពេលរហូត​ដល់ថ្ងៃ ២៧ ខែកញ្ញាឯណោះ។ មូលហេតុ​នៃអវត្តមានរបស់​អតីតនាយករដ្ឋមន្ត្រី​មកពីត្រកូលស៊ីណា​វ៉ាត់​នេះនៅតែមិន​ច្បាស់​លាស់។ 

បើតាម​ការចុះ​ផ្សាយ​របស់សារព័ត៌មានថៃ The Nation មេធាវី​ការពារ​លោកស្រី​បាន​ប្រាប់​ចៅ​ក្រម​តុលាការ​កំពូល​ថា លោកស្រី យីងឡាក់ ធ្លាក់​ខ្លួន​ឈឺ។ ដូច្នេះ​ហើយ​ទើប​បានជា​លោកស្រី​មិនអាចបង្ហាញខ្លួន​កើត។ ប៉ុន្តែ​ចៅក្រម​មិនជឿសម្តីមេធាវី​ថា លោកស្រី យីងឡាក់ កំពុងមានជំងឺឡើយ។​

តាម​ពិត​ទៅ លោកស្រី យីងឡាក់ ដែលត្រូវ​ក្រុមយោធា​ទម្លាក់ពី​តំណែង​ដោយរដ្ឋប្រហារ​កាលពីខែឧសភាឆ្នាំ​​ ២០១៤ នេះ​ត្រូវ​តុ​លាការ​​ចោទ​ប្រកាន់ពាក់ព័ន្ធសំណុំរឿង​ធ្វេសប្រហែស​ធ្វើ​ឲ្យ​មានការ​ខាតបង់​ថវិកាជាតិ​ច្រើនសន្ធឹកដោយសារ​ការអនុវត្ត​គោលនយោបាយ​ស្រូវ​អង្ករ​។ ​ហើយ​ដើម​ឡើយ តុលាការ​កំពូលក៏ត្រៀម​ប្រកាសសាលដីកាលោកស្រី ​យី​ង​ឡាក់ នេះនៅ​ថ្ងៃទី​២៥ សីហា​ដែរ។ ក្នុងករណី​ដែលគេរកឃើញ​ថា លោកស្រីមានកំហុស អតីត​នាយករដ្ឋមន្ត្រី​រូបនេះប្រឈមនឹងការជាប់​ពន្ធ​នាគារ និងត្រូវគេហាមចូលប្រឡូក​ក្នុង​វិស័យ​នយោបាយ​​ពេញ​មួយជីវិតផង។ 

មុនថ្ងៃ​ប្រកាស​សាលដីកា​នេះដែរ រដ្ឋាភិបាល​ថៃ ក៏បាន​ត្រៀម​ពង្រាយ​កម្លាំង​សន្តិសុខ​ប្រមាណ​បួន​ពាន់​នាក់​ដើម្បី​រក្សា​សណ្តាប់ធ្នាប់​នៅ​តុលាការ ក៏ដូចជា​ការពារ​បញ្ហានានាកើតមានឡើង ខណៈ ក្រុម​អ្នកគាំទ្រ​លោកស្រី យី​ង​ឡាក់ ប្រមាណ​ជាង​បី​ពាន់​នាក់ ក៏​នឹងមាន​វត្តមាន​ប្រមូលផ្តុំ​គ្នា​នៅថ្ងៃប្រកាសសាលដីការ​ផងដែរ។ ប៉ុន្តែម្សិលមិញ​លោកស្រី​ បាន​អំពាវនាវឲ្យ​អ្នកគាំទ្រ​លោកស្រី​កុំជួបជុំគ្នា ដើម្បី​សុវត្ថិភាពផ្ទាល់ខ្លួន៕ 

© រក្សាសិទ្ធិដោយ thmeythmey.com