ជាតិ
USAID ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ប្តូរ​ការសម្រេច រឿង​បិទ​NDI
29, Aug 2017 , 9:03 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ USAID ចង់​ឲ្យ​រដ្ឋាភិបាល​ប្តូរ​ការសម្រេច បើកផ្លូវ​ឲ្យ NDI បន្តសកម្មភាព​នៅ​កម្ពុជា​ទៀត។ អ្នកនាំពាក្យ ឆ្លើយ​យ៉ាងខ្លី​ថា រដ្ឋាភិបាល​កម្ពុជា មិនអាច​ធ្វើតាម​សំណើ​នេះ​ទេ។


 
ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​បង្ហាញ​ការសោកស្តាយ​យ៉ាងខ្លាំង ដែល​រដ្ឋាភិបាល​កម្ពុជា សម្រេច​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ។ លោក ក្លេ​តុ​ន ម៉ាក​ក្លេ​ស្គី (Clayton M. McCleskey) អ្នកនាំពាក្យ​ស្តីទី​ផ្នែក​ការដោះលែង​បន្ទាន់ នៃ​អង្គការ USAID បានចេញ​សេ​ក្តី​ថ្លែងការណ៍​នេះ។
 
តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ខាងលើ USAID បាន​លើក​ថា NDI មាន​វត្តមាន​លើទឹក​ដី    កម្ពុជា​រយៈពេល២៥ឆ្នាំ​ហើយ ដោយ​បានធ្វើ​កិច្ចការ​ជាច្រើន​ជាមួយ​គណបក្សកាន់អំណាច និង​គណបក្ស​ផ្សេងទៀត រួមទាំង​ប្រជាពលរដ្ឋ និង​ក្រុម​សង្គម​ស៊ីវិល ដើម្បី​គាំទ្រ​ឲ្យ​មាន​អភិបាលកិច្ច​ល្អ។ នៅក្នុង​សេចក្តីថ្លែងការណ៍ USAID ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ផ្លាស់ប្តូរ​សេចក្តីសម្រេច​ឡើងវិញ ក្នុង​ការបិទ NDI។ 
 
សេចក្តីថ្លែងការណ៍​នោះ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា៖«យើង សូម​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ច្រាន​ចោលការ​ម្រេច​ចិត្ត​របស់ខ្លួន ហើយ​ឱ្យ NDI បន្តសកម្មភាព​ឡើងវិញ ដើម្បី​ធានា​ការបោះឆ្នោតជាតិ ក្នុង​ឆ្នាំ២០១៨ ដោយ​ផ្តល់​សំឡេង​ស្មើគ្នា ដល់​ប្រជាជន​កម្ពុជា​គ្រប់រូប»។
 
លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ឆ្លើយតប​ថា រដ្ឋាភិបាល​កម្ពុជា មិនអាច​ធ្វើបាន​នោះទេ ចំពោះ​សំណើ​របស់ USAID ខាងលើ។ លោក សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា៖«រដ្ឋាភិបាល​សម្រេច​ហើយ ត្រូវតែ​អនុវត្ត។ ទៅ​មិន​រួច​ទេ ដែល​ឲ្យ​យើង​ធ្វើតាម​សំណើ​នេះ។ 
 
អ្នកនាំពាក្យ​រូបនេះ បាន​ប្រាប់​សារព័ត៌មានថ្មីៗថា កម្ពុជា មាន​អធិបតេយ្យភាព​របស់ខ្លួន ក្នុងការ​សម្រេច​លើ​អ្វីមួយ។ ដូច្នេះ លោក ក៏​ស្នើឡើង​ថា អង្គការ​អន្តរជាតិ​នានា គួរតែ​គោរព​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​ដែរ ។ 
 
សូម​រម្លឹកថា កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ក្រសួងការបរទេស​ក​ម្ពុ​ជា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការបិទ​NDI។ ការធ្វើ​ខុសច្បាប់​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ច្បាប់​ស្តីពី​សារពើពន្ធ គឺជា​ហេតុផល​ដែល​រដ្ឋាភិបាល សម្រេច​បិទ NDI៕
 
 

Tag:
 USAID
 NDI
 ផៃ ស៊ី​ផាន
© រក្សាសិទ្ធិដោយ thmeythmey.com