អន្តរជាតិ
អាជ្ញាធរថៃរឹបអូសបានសត្វពង្រូល១៣៦ក្បាល និងស្រការបស់វាទម្ងន់ ៤៥០គីឡូក្រាម រូបភាព៖ សារព័ត៌មាន New Straits Times
× ក្រោយពេលទទួលបានព័ត៌មានថាសត្វពង្រូលជាច្រើនក្បាល និងស្រកាត្រូវឈ្មួញនាំចេញពីម៉ាឡេស៊ីមកកាន់ប្រទេសថៃ អាជ្ញាធរថៃបានចុះអន្តរាគមន៍ស្ទាក់ចាប់ និងរឹបអូសបានសត្វពង្រូលចំនួន១៣៦ក្បាល និងស្រការបស់វាទម្ងន់ ៤៥០ គីឡូក្រាមនៅថ្ងៃព្រហស្បតិ៍ទី៣១ខែសីហា។
នាយកដ្ឋានគយថៃបានរឹបអូសសត្វពង្រូល១៣៦ក្បាល រួមទាំងស្រកាទម្ងន់៤៥០គីឡូក្រាមផងដែរដែលមានតម្លៃរហូតដល់ ៧ម៉ឺន ៥ពាន់ដុល្លារអាមេរិកឯណោះ។ ការចុះបង្ក្រាប និងរឹបអូសសត្វព្រៃនេះ ធ្វើឡើងក្រោយគេទទួលបានដំណឹងថា សត្វពង្រូលរួមទាំងស្រកាច្រើនគីឡូត្រូវបានឈ្មួញនាំចេញពីម៉ាឡេស៊ី។
ទីភ្នាក់ងារព័ត៌មាន Reuters បានស្រង់សម្ដីប្រធាននាយកដ្ឋានពន្ធថៃលោក Kulit Sombatsiriដូច្នេះថា៖«ការជួញដូរសត្វពង្រូលនៅតែកើតមាន នោះក៏ដោយសារតែពពួកសត្វនេះលក់បានថ្លៃ ហើយគេត្រូវការច្រើន»។
ភាគច្រើន គេត្រូវការពពួកសត្វនេះយកទៅធ្វើអាហារពិសេស ឬយកទៅធ្វើថ្នាំដើម្បីព្យាបាលជំងឺហឺត និងសន្លាក់ឆ្អឹងជាដើម។
គួរបញ្ជាក់ផងដែរថា សត្វពង្រូលរស់នៅតែក្នុងតំបន់អាស៊ី និងអាហ្វ្រិកប៉ុណ្ណោះ។ ហើយចិននិងវៀតណាមជាប្រទេសដែលត្រូវការពពួកសត្វនេះខ្លាំងជាងគេ។ លើសពីនេះទៅទៀត ការជួញដូរប្រភេទសត្វជិតផុតពូជរួមទាំងសត្វពង្រូលផងនោះជាញឹកញាប់តែងតែឆ្លងកាត់ថៃមុន ទើបគេដឹកជញ្ជូនបន្តទៅប្រទេសដទៃទៀតក្នុងតំបន់អាស៊ី។
គួរបញ្ជាក់ដែរថា តាំងពីដើមឆ្នាំនេះ អាជ្ញាធរថៃរឹបអូសបានសត្វពង្រូលជាច្រើនក្បាលសរុបទាំងអស់ មានទម្ងន់សរុប ២,៩ តោន។ ដោយឡែក សត្វពង្រូលទាំង១៣៦ក្បាលដែលត្រូវបានអាជ្ញាធរថៃរឹបអូសកាលពីថ្ងៃព្រហស្បតិ៍កន្លងមក ត្រូវបានគេយកទៅដាក់នៅតំបន់អភិរក្សក្រោមការថែទាំរបស់នាយករដ្ឋជាតិថៃទទួលបន្ទុកអភិរក្សដំណាំនិងសត្វព្រៃ៕
Tag:
សត្វពង្រូល
នាយកដ្ឋានពន្ធគយថៃ
Kulit Sombatsiri
© រក្សាសិទ្ធិដោយ thmeythmey.com