អន្តរជាតិ
កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់មីស៊ីលពិត ក្រោយកូរ៉េខាងជើងសាកល្បងគ្រាប់បែកអ៊ីដ្រូសែន
× យោធាកូរ៉េខាងត្បូង នៅថ្ងៃទី៤ ខែកញ្ញានេះ បាននិយាយថា ខ្លួនបានធ្វើសមយុទ្ធបាញ់គ្រាប់មីស៊ីលពិត ដើម្បីជាការឆ្លើយតបនឹងការសាកល្បងគ្រាប់បែកអ៊ីដ្រូសែនរបស់កូរ៉េខាងជើង។ កូរ៉េខាងជើងបានប្រកាសពីជោគជ័យក្នុងការសាកល្បងគ្រាប់បែកអ៊ីដ្រូសែននៅថ្ងៃទី៣ ខែកញ្ញា ដែលជាប្រភេទគ្រាប់បែកផលិតនៅក្នុងស្រុក។ ការសាកល្បងនេះ គឺជាផ្នែកមួយនៃកម្មវិធីនុយក្លេអ៊ែររបស់រដ្ឋកុម្មុយនីស្តមួយនេះ ទោះជាត្រូវរងទណ្ឌកម្មពីអន្តរជាតិក្ដី។
កូរ៉េខាងត្បូបានរៀបចំសមយុទ្ធចម្រុះដ៏ប្រញាប់ប្រញាល់មួយនៅថ្ងៃទី៤ ខែកញ្ញា ដោយមានទាំងការបាញ់មីស៊ីលបាលីស្ទិក និងមានការចូលរួមពីកងកម្លាំងអាកាសផង។ សមយុទ្ធនេះត្រូវគេមើលឃើញថាជាការឆ្លើយតបនឹងកូរ៉េខាងជើងដែលទើបសាកល្បងគ្រាប់បែកអ៊ីដ្រូសែនកាលពីម្សិលមិញ។ នេះគឺជាការសាកល្បងគ្រាប់បរមាណូលើកទី៦ ពីសំណាក់កូរ៉េខាងជើង ហើយត្រូវបានអះអាងថា មានអានុភាពខ្លាំងជាងគ្រាប់បែកលើកមុនៗ។
យោងតាមទីភ្នាក់ងារព័ត៌មាន Yonhap មីស៊ីលបាលីស្ទិក Hyunmoo-2A និងមីស៊ីលចម្ងាយឆ្ងាយ SLAM-ER ដែលបំពាក់លើយន្តហោះ F-15K និងមានសមត្ថភាពបាញ់ពីអាកាសទៅគោលដៅលើដី បានបាញ់ចំគោលដៅដែលមានទីតាំងនៅសមុទ្រខាងកើត។ យោធាកូរ៉េខាងត្បូងបញ្ជាក់ថា ចម្ងាយទៅកាន់គោលដៅនៃការសាកល្បងនៅសមុទ្រខាងកើត គឺស្មើនឹងចម្ងាយទៅកាន់ទីតាំងសាកល្បងនុយក្លេអ៊ែរ Punggye-ri របស់កូរ៉េខាងជើង។
ជាមួយគ្នានេះ យោធាកូរ៉េខាងត្បូងក៏និយាយដែរថា ខ្លួនកំពុងរៀបចំចាត់វិធានការរួមគ្នាជាមួយអាមេរិក ដើម្បីសម្ញែងកម្លាំងទ័ពដាក់កូរ៉េខាងជើងវិញផងដែរ។ ជាញឹកញាប់ កូរ៉េខាងត្បូង និងអាមេរិកតែងបង្អួតកម្លាំងយោធារបស់ខ្លួន ពេលកូរ៉េខាងជើងបាញ់មីស៊ីលម្ដងៗ ជាពិសេសការបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B Lancer មួយឬពីរគ្រឿងទៅក្រវែលឧបទ្វីបកូរ៉េ ដោយមានយន្តហោះកូរ៉េខាងត្បូងហោះអមដែរ។
អ្វីគួរឲ្យកត់សម្គាល់នោះ ក្រុងសេអ៊ូលក៏មានគម្រោងបង្កើនទំហំផ្ទុករំសេវរបស់មីស៊ីលធុន Hyunmoo-2A ឲ្យបានទ្វេដង និងបង្កើនចម្ងាយវាយប្រហារគោលដៅផងដែរ ខណៈបច្ចុប្បន្ននេះ មីស៊ីលបាលីស្ទិកនេះអាចបាញ់បានចម្ងាយ៣០០គីឡូម៉ែត្រប៉ុណ្ណោះ។ ក្រោមកិច្ចព្រមព្រៀងទ្វេភាគីឆ្នាំ២០១២ ក្រុងវ៉ាស៊ីនតោនឹងជួយក្រុងសេអ៊ូលក្នុងការអភិវឌ្ឍមីស៊ីលដែលរត់បានចម្ងាយដល់ទៅ៨០០គីឡូម៉ែត្រ និងអាចផ្ទុកបានទម្ងន់៥០០គីឡូក្រាម។
ដោយឡែក កូរ៉េខាងត្បូងក៏នឹងបញ្ចប់ការវាយតម្លៃផលប៉ះពាល់បរិស្ថានជុំវិញការពង្រាយប្រព័ន្ធការពារមីស៊ីល THAAD ផងដែរ។ ក្រសួងបរិស្ថានកូរ៉េខាងត្បូង នៅថ្ងៃទី៤ ខែកញ្ញា ក៏នឹងប្រកាសពីការយល់ព្រមរបស់ខ្លួនលើការពង្រាយប្រព័ន្ធការពារនេះដែរ ដ្បិតការគំរាមកំហែងពីសំណាក់កូរ៉េខាងជើងកំពុងកើនឡើងខ្លាំង តាមរយៈការសាកល្បងគ្រាប់នុយក្លេអ៊ែរ និងការបាញ់មីស៊ីលជាបន្តបន្ទាប់នារយៈពេលចុងក្រោយនេះ៕
Tag:
កូរ៉េខាងត្បូង
កូរ៉េខាងជើង
នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com