អន្តរជាតិ
អាមេរិក​-​កូរ៉េខាងត្បូង​ចង់​ពង្រាយ​នាវា​ដឹក​យន្តហោះ​និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​នៅ​ឧបទ្វីប​កូរ៉េ​
04, Sep 2017 , 3:32 pm        
រូបភាព
​សម្ព័ន្ធមិត្ត​អាមេរិក និង​កូរ៉េខាងត្បូង​នឹង​ស្វែងរក​លទ្ធភាព​ក្នុងការ​ពង្រាយ​នាវា​ដឹក​យន្តហោះ និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​នៅ​ឧបទ្វីប​កូរ៉េ​។ គោលដៅ​នៃ​ការពង្រាយ​នេះ គឺ ដើម្បី​ឆ្លើយ​ការសាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​របស់​កូរ៉េខាងជើង​នាពេល​ថ្មីៗ​នេះ​។ ទង្វើ​ក្បាលរឹង​របស់​កូរ៉េខាងជើង បង្ក​ជាការ​ព្រួយបារម្ភ​ជាខ្លាំង​ពី​សំណាក់​កូរ៉េខាងត្បូង និង​អាមេរិក ទោះជា​អាមេរិក​ធ្លាប់​ព្រមាន​ចាត់វិធានការ​ញយ​ដង​ក្ដី​។​



​ការប្រកាស​ជោគជ័យ​ក្នុងការ​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​នៅ​ថ្ងៃទី​៣ ខែកញ្ញា បានបង្ហាញ​ពី​ការរីកចម្រើន​ជឿនលឿន​ក្នុង​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង និង​ជាស​ញ្ញា​ប្រាប់ថា កូរ៉េខាងជើង​នឹងមិន​បោះបង់​មហិច្ឆតា​អភិវឌ្ឍ​អាវុធ​ប្រល័យ​លោក​របស់ខ្លួន​ទេ​។ កូរ៉េខាងត្បូង និង​អាមេរិក​ឯណេះ ក៏​ប្រឹងប្រែង​រក​វិធី​ទប់ស្កាត់ និង​បង្ហាញ​ឥទ្ធិពល​យោធា​តបត​វិញ​ក្នុងន័យ​បង្ខំ​ឲ្យ​កូរ៉េខាងជើង​បញ្ឈប់​ទង្វើ​គំរាម​គេឯង​បែបនេះ​។​

​នៅ​ថ្ងៃទី​៤ ខែកញ្ញា ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​និយាយថា កូរ៉េខាងត្បូង​និង​អាមេរិក​នឹង​ស្វះ​ស្វែងរក​ការពង្រាយ​នាវា​យន្តហោះ យន្តហោះ​ទម្លាក់​គ្រាប់បែក និង​សព្វាវុធ​យុទ្ធសាស្ត្រ​ដទៃទៀត​នៅ​កូរ៉េខាងត្បូង ដើម្បី​ជាការ​សម្ញែង​កម្លាំងយោធា​ដាក់​កូរ៉េខាងជើង​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ដែល​បន្តថា ក្រុង​សេ​អ៊ូ​ល​នឹង​រៀបចំ​លំ​ហាត់​យោធា​ឯកតោភាគី​ជាថ្មីទៀត​ក្នុង​ខែកញ្ញា​នេះ​ដែល​នឹងមាន​វត្តមាន​មី​ស៊ី​ល​ប្រភេទ​ថ្មីៗ​ទៀត​។​

​បន្ទាប់ពី​កូរ៉េខាងជើង​សាកល្បង​គ្រាប់​អ៊ីដ្រូសែន​នៅ​ថ្ងៃទី​៣ ខែកញ្ញា កូរ៉េខាងត្បូង​ក៏បាន​ធ្វើ​សមយុទ្ធ​បាញ់​មី​ស៊ី​ល​ពិត​ភ្លាម​ដែរ ដើម្បី​ជា​សារ​ព្រមាន​កូរ៉េខាងជើង​វិញ​។ យោធា​កូរ៉េខាងត្បូង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក Hyunmoo-2A និង​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ SLAM-ER ដែល​បំពាក់​លើ​យន្តហោះ F-15K ទៅកាន់​គោលដៅ​នៅ​សមុទ្រ​ខាងកើត​។ យោធា​កូរ៉េខាងត្បូង​បញ្ជាក់ថា សមយុទ្ធ​នេះ​គឺជា​ការធ្វើ​ត្រាប់​ក្នុងការ​វាយប្រហារ​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ Punggye-ri របស់​កូរ៉េខាងជើង​។​

​សូមបញ្ជាក់ថា ក្រៅពី​ទាហាន និង​សព្វាវុធ​មួយចំនួនទៀត​នោះ អាមេរិក​មិនបាន​ពង្រាយ​នាវា​ដឹក​យន្តហោះ ឬ​យន្តហោះ​ចម្បាំង​ជា​អចិន្ត្រៃយ៍​នៅ​ឧបទ្វីប​កូរ៉េ​ទេ ដែល​ខុសពី​ជប៉ុន​មាន​នាវា​ដឹកនាំ​យន្តហោះ​ប្រចាំការ​នៅ​ទីនោះ​។ ប៉ុន្តែ​ជារឿយៗ ក្នុងន័យ​បង្ហាញ​អានុភាព​យោធា អាមេរិក​ក៏បាន​បញ្ជូន​នាវា​ដឹក​យន្តហោះ ឬ​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ B-1B Lancer ទៅកាន់​ឧបទ្វីប​កូរ៉េ​ដើម្បី​កំញើញ​របប​ដឹកនាំ​ព្យុងយ៉ាង​ដែរ​។​

​បន្ថែម​ពីលើ​នេះ កូរ៉េខាងត្បូង​ក៏​នឹង​ពង្រាយ​ជើង​ទម្រ​បាញ់​មី​ស៊ី​ល​នៃ​ប្រព័ន្ធ​កា​ពារ THAAD ចំនួន​បួន​គ្រឿង​ទៀត សំដៅ​ទប់ទល់​ការគំរាមកំហែង​របស់​កូរ៉េខាងជើង​។ ទាំង​អាមេរិក ទាំង​កូរ៉េខាងត្បូង បាន​មូលមតិ​គ្នា​ហើយ​ថា​នឹង​ចាត់វិធានការ​យោធា​ដ៏​មាន​ប្រសិទ្ធភាព​តបត​សកម្មភាព​ព្រហើន​របស់​កូរ៉េខាងជើង​។ យោធា​ប្រទេស​ទាំងពីរ​ក៏​ឯកភាពគ្នា​ក្នុង​ការចេញ​ចំណាត់​យោធា​រួមគ្នា​ឲ្យ​បាន​លឿន​បំផុត​ផងដែរ​៕


Tag:
 អាមេរិក​
  កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com