អន្តរជាតិ
អាមេរិក​ត្រៀមខ្លួន​ប្រើ «​នុយក្លេអ៊ែរ​» ដើម្បី​ការពារ​ខ្លួន​និង​សម្ព័ន្ធមិត្ត​
04, Sep 2017 , 9:19 pm        
រូបភាព
​សេត​វិមាន នៅ​ថ្ងៃទី​៣ ខែកញ្ញា បាន​ព្រមាន​ថា ក្រុង​វ៉ាស៊ីនតោន​បាន​ត្រៀមខ្លួន​ប្រើប្រាស់​គ្រប់​លទ្ធភាព​ទាំងអស់​ដើម្បី​ការពារ​ខ្លួន និង​សម្ព័ន្ធមិត្ត​ទាំងឡាយ​ពី​ការគំរាមកំហែង​របស់​កូរ៉េខាងជើង​។ ជាមួយ​ការកើនឡើង​កាន់តែខ្លាំង​នៃ​ការ​គំរាម​របស់​ព្យុងយ៉ាង និង​ការសាកល្បង​គ្រាប់បែក​ប្រល័យ​លោក​លើក​ទី​៦ ក្រុង​វ៉ាស៊ីនតោន​បាន​គំរាម​ប្រើ​កម្លាំងយោធា​ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ បើ​របប​កុម្មុយនីស្ត​ព្យុងយ៉ាង​មិន​បញ្ឈប់​ទង្វើ​គឃ្លើន​របស់ខ្លួន​ទេនោះ​។​



​ភ្លាមៗ​បន្ទាប់ពី​កូរ៉េខាងជើង​ប្រកាស​ពី​ជោគជ័យ​ក្នុងការ​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានបញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត​របស់​អាមេរិក​ក្នុងការ​ការពារ​ខ្លួន និង​សម្ព័ន្ធមិត្ត​ទៅតាម​សមត្ថភាព​ដែល​ខ្លួន​មាន​។ លោក ត្រាំ បញ្ជាក់​ដូចនេះ អំឡុងពេល​ការជជែក​តាម​ទូរ​សព្ទ​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ នៅ​ថ្ងៃទី​៣ ខែកញ្ញា ។ លោក ត្រាំ ក៏បាន​ជួប​ជាមួយ​បណ្ដា​មន្ត្រី​ទទួល​កិច្ចការ​សន្តិសុខ​ដើម្បី​រិះរក​ចំណាត់ការ​ថ្មី​ប្រឆាំង​កូរ៉េខាងជើង​ដែរ​។​

​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​សេត​វិមាន ប្រធានាធិបតី​អាមេរិក និង​នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​ថ្កោលទោស​ទង្វើ​របស់​កូរ៉េខាងជើង និង​ចាត់ទុកជា​សកម្មភាព​បង្កហេតុ និង​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​ក្នុង​តំបន់​។ លោក ត្រាំ បញ្ជាក់​ទៅកាន់​លោក អា​បេ ថា អាមេរិក​ត្រៀម​រួចហើយ​ក្នុង​ការពារ​ទឹកដី និង​សម្ព័ន្ធមិត្ត​ក្នុង​តំបន់ តាមរយៈ​ការប្រើប្រាស់​គ្រប់​លទ្ធភាព​ទាំងអស់ ទាំង​ផ្លូវ​ការទូត យោធា និង​សមត្ថភាព​នុយក្លេអ៊ែរ​ផងដែរ​។​

​អាច​ចាត់ទុកថា នេះ​ជាការ​គំរាម​ដ៏​ខ្លាំង​ពី​សំណាក់​ប្រធានាធិបតី ត្រាំ ដ្បិត​កន្លងមក លោក​បាន​និយាយ​ត្រឹម​ការប្រើប្រាស់​កម្លាំងយោធា​ដើម្បី​បញ្ចប់​បញ្ហា​ប៉ុណ្ណោះ​។  ជាមួយគ្នា​នោះ តាមរយៈ​បណ្ដាញ Twitter លោក ត្រាំ ក៏បាន​បន្ត​រិះគន់​កូរ៉េខាងជើង ដោយ​ចាត់ទុក​របប​ឯកោ​នេះ​ជា​រដ្ឋ​សាហាវ និង​ជាការ​គំរាមកំហែង​មួយ​ដែរ​។ លោក ត្រាំ ក៏បាន​ហៅ​សកម្មភាព​ចុងក្រោយ​របស់​កូរ៉េខាងជើង ជា​គ្រោះថ្នាក់​សម្រាប់​អាមេរិក​ទៀតផង​។​

​ក្រោយ​ជជែក​ជាមួយ​នាយករដ្ឋមន្ត្រី​អា​បេ លោក ត្រាំ ក៏បាន​ជួបប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ ជេ​ម ម៉ា​ធី​ស និង​ប្រធាន​បុគ្គលិក​សេត​វិមាន ច​ន ខេ​ល្លី ជុំវិញ​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​។ ប្រមុខ​ការពារជាតិ​អាមេរិក លោក ម៉ា​ធី​ស ក៏បាន​ព្រមាន​កូរ៉េខាងជើង​ទុក​មុន​ថា ការវាយប្រហារ​ណាមួយ​មកលើ​អាមេរិក និង​សម្ព័ន្ធមិត្ត នឹងត្រូវ​រង​ការឆ្លើយតប​ធ្ងន់ៗ​វិញ​មិន​ខាន​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន RT ។

​ថ្លែង​ក្រោយ​ជួប​ជាមួយ​ប្រធានាធិបតី ត្រាំ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​រូបនេះ​បញ្ជាក់​ច្បាស់​ថា អាមេរិក​គ្មាន​បំណង​បំផ្លាញ​ប្រទេស​ណាមួយ​ទេ សូម្បីតែ​កូរ៉េខាងជើង​ក្ដី ប៉ុន្តែ​អាមេរិក​នៅមាន​ជម្រើស​ច្រើន​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។ នេះ​ជាការ​ព្រមាន​ថ្មី​មួយទៀត​ទៅកាន់​កូរ៉េខាងជើង​ពី​សំណាក់​អាមេរិក ក្រោយ​រដ្ឋ​មួយ​នេះ​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​នៅ​ថ្ងៃទី​៣ ខែកញ្ញា​៕


Tag:
 អាមេរិក​
  ជប៉ុន​
  កូរ៉េខាងត្បូង​
  ដូ​ណា​ល់ ត្រាំ​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com