អន្តរជាតិ
ម៉ាឡេស៊ី​ចាប់ខ្លួន​ជនសង្ស័យ​៧​នាក់​ជា​បណ្តាញ​ក្រុម​ជ្រុល​ភេរវជន​អា​ប៊ូ​សា​យ៉ាវ​
04, Sep 2017 , 5:00 pm        
រូបភាព
រូបភាព៖ The Indian Express
រូបភាព៖ The Indian Express
ដោយ:
​ម៉ាឡេស៊ី​បាន​ចាប់ខ្លួន​ជនសង្ស័យ​ជា​មេដឹកនាំ និង​សមាជិក​ក្រុម​ជ្រុលនិយម​អា​ប៊ូ​សា​យ៉ាវ (Abu Sayyaf) ចំនួន ប្រាំពីរ​នាក់​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​មួយ​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ ក្នុងចំណោម​ជនសង្ស័យ​ទាំងនេះ​អ្នកខ្លះ​ជា​កងសន្តិសុខ ចំណែកឯ​អ្នក​ខ្លះទៀត​ជា​សមាជិក​អង្គភាព​ស៊ីវិល​ស្ម័គ្រចិត្ត​។​



​នៅ​ថ្ងៃអាទិត្យ​ទី​៣​ខែកញ្ញា ប៉ូលិស​ម៉ាឡេស៊ី​បាន​ចាប់ខ្លួន​ជនសង្ស័យ​ប្រាំពីរ​នាក់​ក្នុងនោះ​អាចជា​សមាជិក​និង​មេដឹកនាំ​ក្រុម​អា​ប៊ូ​សា​យ៉ាវ ដែលជា​បណ្ដាញ​ក្រុម​ភេរវជន​ដែ​ស្ហ (Daesh)​។​ក្នុងចំណោម​ជនសង្ស័យ​ទាំងនេះ ប្រាំ​នាក់​ជា​ជនជាតិ​ម៉ាឡេស៊ី និង​ពីរ​នាក់​ទៀត​ជា​ហ្វីលីពីន ហើយ​ពួកគេ​ត្រូវបាន​ចាប់ខ្លួន​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ជាច្រើន​ថ្ងៃ​នៅ​ក្រុងគ​ឡា​ឡាំ​ពួ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters  ក្នុងចំណោម​ជនសង្ស័យ​ហ្វីលីពីន​ពីរ​នាក់​នេះ​មាន​ម្នាក់​ឈ្មោះ Abu Asrie ត្រូវបាន​គេ​ស្គាល់​ថា​ជា សមាជិក​ក្រុម​ចាប់​ជម្រិត Lucky9​ដែលជា​បណ្ដាញ​របស់​ក្រុម​ជ្រុលនិយម​អា​ប៊ូ​សា​យ៉ាវ នៅ​ភាគខាងត្បូង​ហ្វីលីពីន​។ Abu Asrie បាន​ឆ្លងដែន​ចូលមក​ម៉ាឡេស៊ី​តាំងពី​ឆ្នាំ ២០១៥​មកម្ល៉េះ ហើយ​ជននេះ​ត្រូវបាន​ប៉ូលិស​ម៉ាឡេស៊ី​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​។​

​គេ​ជឿថា ជនសង្ស័យ​ម៉ាឡេស៊ី​ប្រាំ​នាក់​ទៀត មកពី​ក្រុង Sandakan ហើយ​ធ្វើការ​នៅ​ក្រុង​គូ​ឡា​ឡាំ​ពួ​។​ម្យ៉ាងវិញទៀត ជនសង្ស័យ​ទាំង​៧​នាក់​នេះ​មាន​ខ្លះ​ជា​កងសន្តិសុខ និង​ខ្លះទៀត​ជា​សមាជិក​អង្គភាព​កងទ័ព​ស៊ីវិល​ស្ម័គ្រចិត្ត​ផងដែរ​។​

​គួរ​បញ្ជាក់ដែរថា ក្រុម​ជ្រុលនិយម​អា​ប៊ូ​សា​យ៉ាវ ត្រូវបាន​គេ​ស្គាល់​ថា​ជា​ក្រុម​ដែល​បន្ត​បំផ្ទុះ​គ្រាប់បែក កា​ត់ក គំរាមកំហែង និង​ចាប់ជំរិត​នៅ​តំបន់​ភាគខាងត្បូង​ហ្វីលីពីន​។ ចាប់តាំងពី​ឆ្នាំ​២០១៣​ដល់​២០១៦ ជនសង្ស័យ​ជាង ២៥០ នាក់​ត្រូវបាន​ចាប់ខ្លួន​ដោយសារ​សង្ស័យ​មាន​ជាប់​ពាក់ព័ន្ធ​ក្រុម​ភេរវជន​ដែ​ស្ហ​។​

​សូម​ជម្រាប​ដែរ​ថា  ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ព្រួយបារម្ភ​ពី​ការពង្រីក​ឥទ្ធិពល និង​បណ្តាញ​របស់​ក្រុម​ភេរវជន​ដែ​ស្ហ​នៅក្នុង​តំបន់​។ នោះ​ក៏​ដោយសារតែ​ក្រុម​ភេរវជន​ជាច្រើន​បាន​ត្រឡប់មក​ប្រទេស​ខ្លួន​វិញ​បន្ទាប់ពី​រចនាសម្ព័ន្ធ​ដឹកនាំ​ក្រុម​ភេរវជន​ដែ​ស្ហ​ដួលរលំ​នៅ​តំបន់​មជ្ឈិមបូព៌ា​នោះ​៕


Tag:
 Abu Sayyaf​
  ​Abu Asrie​
  ​ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com