អន្តរជាតិ
មហាអំណាច​សេដ្ឋកិច្ច​ថ្មី BRICS ផ្តើម​កិច្ចប្រជុំ​នៅ​ចិន ចំពេល​ឧបទ្វីប​កូរ៉េ​កើន​កម្តៅ​
04, Sep 2017 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​កិច្ចប្រជុំ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ថ្មី BRICS ចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ​ទី ៤ ខែកញ្ញា​នេះ​នៅក្នុង​ទីក្រុង Xiamen ប្រទេស​ចិន​។ កិច្ចប្រជុំ​ចាប់​ផ្តើមឡើង​ដោយ​ហ៊ុមព័ទ្ធ​ដោយ​បញ្ហា​ក្តៅ​តំបន់​ពោលគឺ​ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​ប្រាំមួយ​របស់​កូរ៉េខាងជើង​តែម្តង ហើយ​ម្យ៉ាង​សមាជិក​ក្រុម​នេះ​មកដល់​បច្ចុប្បន្ន​សុទ្ធតែ​ប្រឈម​បញ្ហា​រៀងខ្លួន​ទៀត​។



​មហា​យក្ស​ចិន​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ថ្មី BRICS ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ​នេះ​។ ប៉ុន្តែ​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ស្រប​ពេលដែល​គ្រប់គ្នា​ផ្តោតអារម្មណ៍​ខ្លាំង​លើ​ឧបទ្វីប​កូរ៉េ បន្ទាប់ពី​រដ្ឋ​ឯកោ​សង្គមនិយម​នោះ​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជា​លើក​ទី​ប្រាំមួយ​ចុង​សប្តាហ៍​កន្លងទៅនេះ​។​

​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ចុះផ្សាយ​ថា សមាជិក​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ថ្មី​មាន ប្រេ​ស៊ី​ល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិក​ខាងត្បូង​នោះបាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ថ្កោលទោស​កូរ៉េខាងជើង​ដែល​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​នេះ​ផងដែរ បន្ទាប់ពី​កិច្ចប្រជុំ​ចាប់ផ្តើម​។​

​មុន​កិច្ចប្រជុំ​ចាប់ផ្តើម មេដឹកនាំ​ចិន​លោក ស៊ី ជិន​ភីង និង​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ជួប​ពិភាក្សាគ្នា​នៅ​ល្ងាច​ថ្ងៃអាទិត្យ ហើយ​មេដឹកនាំ​ទាំងពីរ​ក៏បាន​ជជែក​ពិភាក្សាគ្នា​ផងដែរ​ដើម្បី​រក​ដំណោះស្រាយ​សមស្រប​ឆ្លើយតប​បញ្ហា​ឧបទ្វីប​កូ​រ៉​ដែរ​។ ប៉ុន្តែ​កិច្ចពិភាក្សា​លម្អិត​បែបណា​នោះ គឺ​មិនអាច​ដឹង​ច្បាស់​ឡើយ​។

​ដោយឡែក គេ​មើលឃើញថា បណ្តា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ថ្មី​ដែល​ប្រមូល​ផ្តុំគ្នា​ប្រជុំ​នៅ​ចិន​ថ្ងៃនេះ​សុទ្ធតែ​ជួប​ប្រឈម​បញ្ហា​រៀងខ្លួន​។ វា​មានការ​រិះគន់ថា ប្រទេស​ជា​សមាជិក​ក្រុម​នេះ​ហាក់បីដូចជា​មិនមាន​ការឯកភាព​គ្នា​លើ​បញ្ហា​រួម និង​គ្មាន​លទ្ធភាព​ក្នុងការ​ដោះស្រាយ​ប​ញ្ហ​ប្រឈម​ផ្នែក​សេដ្ឋកិច្ច​ឡើយ ហើយ​ជោគជ័យ​ធំ​បំផុត​របស់​ក្រុម​នេះ​ប្រហែល​ជាមាន​តែមួយ​គឺ​ការបង្កើត​ធនាគារ​អភិវឌ្ឍន៍ BRICS កាលពី​ឆ្នាំ ២០១៦ ប៉ុណ្ណោះ​។   

​ដូច​ឃើញស្រាប់​ឥណ្ឌា និង​ចិន ដែលជា​មិត្ត​ជិតខាង​នោះ​ទើបតែ​បញ្ចប់​ការប្រឈមមុខ​ដាក់គ្នា​ពាក់ព័ន្ធ​បញ្ហា​ព្រំដែន​នៅ​សប្តាហ៍​មុន​ប៉ុណ្ណោះ ហើយ​ប្រទេស​មហាអំណាច​ទាំងពីរ​ក៏​មិន​ទុកចិត្ត​គ្នា​ប៉ុន្មាន​ដែរ​។ បញ្ហា​នេះ​នឹង​បន្ត​ក្លាយជា​ឧបសគ្គ​សម្រាប់​ការកសាង​ទំនាក់ទំនង និង​បង្កើន​ទំនុកចិត្ត​រវាង​គ្នា​នៅពេល​អនាគត​។​

​ចំណែក​បញ្ហា​សេដ្ឋកិច្ច​វិញ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​សមាជិក​ក្រុម BRICS ក៏​មិនសូវ​សកម្ម ហើយ​ប្រទេស​ទាំងនោះ​ក៏​មិនសូវមាន​ជំហរ​រួមគ្នា​ក្នុងការ​ប្រឆាំង​គោលនយោបាយ​គាំពារ​និយម និង​លើកកម្ពស់​សេដ្ឋកិច្ច​ទីផ្សារសេរី​ដូចគ្នា​ដែរ​។ បើ​ក្រឡេក​ទៅ​មើល​ប្រទេស​អាហ្វ្រិក​ខាងត្បូង និង​ប្រេ​ស៊ី​ល ក៏​សុទ្ធតែ​ប្រឈម​បញ្ហានយោបាយ​ក្នុងស្រុក​មិនចេះចប់​ដូចគ្នា​។


Tag:
 BRICS
  Xiamen
  ស៊ី ជិន​ភីង​
  វ៉ា្ល​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com