អន្តរជាតិ
ឥណ្ឌូណេស៊ី​ចង់ឃើញ​ការដោះស្រាយ​វិបត្តិ​រ៉ូ​ហ៊ី​យ៉ា មិនមែន​សេចក្តីថ្លែងការណ៍​ថ្កោលទោស​មី​យ៉ាន់​ម៉ា​ឡើយ​
04, Sep 2017 , 11:19 pm        
រូបភាព
ប្រជាជនរ៉ូហ៊ីងយ៉ាដែលភៀសខ្លួនតាមទូកដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញឆ្នាំ ២០១៥ (រូបភាព៖ AP)
ប្រជាជនរ៉ូហ៊ីងយ៉ាដែលភៀសខ្លួនតាមទូកដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញឆ្នាំ ២០១៥ (រូបភាព៖ AP)
​ស្ថានភាព​ជម្លោះ​ប្រដាប់អាវុធ​នៅ​រដ្ឋ Rahine ប្រទេស​មី​យ៉ាន់​ម៉ា​នៅតែ​ធ្ងន់ធ្ងរ ដោយ​កងកម្លាំងប្រដាប់អាវុធ​មី​យ៉ាន់​ម៉ាប​ន្ត​ប្រតិបត្តិការ​កម្ចាត់​ក្រុម​សកម្មប្រយុទ្ធ​រ៉ូ​ហ៊ីង​យ៉ា​ដែល​បះបោរ​។ ប្រជាជន​ជាង ៨​ម៉ឺន​នាក់​ត្រូវ​បង្ខំចិត្ត​ភៀសខ្លួន ខណៈដែល​មនុស្ស​ប្រហែល​ជាង ៤០០​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុងការ​ប្រយុទ្ធ​គ្នា​នេះ​ផង​។ សហគមន៍​អន្តរជាតិ​បន្ត​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ឲ្យ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​មានការ​ចោទប្រកាន់ថា ទាហាន​មី​យ៉ាន់​ម៉ា យក​លេស​ធ្វើទុក្ខបុកម្នេញ​ជន​ស៊ីវិល​និង​ដុត​លំនៅដ្ឋាន​ពួកគេ​ផង​។ ឥណ្ឌូណេស៊ី​ដែលជា​បងធំ​អាស៊ាន​និង​ជា​ប្រទេស​ម៉ូ​ស្លី​ម​ធំជាងគេ​ផង​នោះ​អះអាងថា ខ្លួន​ចង់ឃើញ​មាន​ដំណោះស្រាយ តែ​មិន​ចង់ឃើញ​ការបន្ត​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​មី​យ៉ាន់​ម៉ា​ឡើយ​។ រដ្ឋ​នេះ​ក៏បាន​ដុតដៃដុតជើង​ដើម្បី​ជំរុញ​ឲ្យ​មី​យ៉ាន់​ម៉ា​ដោះស្រាយ​បញ្ហា​ដោយ​ត្រឹមត្រូវ មិន​រើសអើង និង​ឈរលើ​គោលការណ៍​មនុស្សធម៌​ដែរ​។​



​ជម្លោះ​ប្រដាប់អាវុធ​នៅ​រដ្ឋ Rakhine កាន់​ធ្ងន់ធ្ងរ​ឡើង​ចាប់​ពីថ្ងៃ ២៥ ខែសីហា​ឆ្នាំ ២០១៧ នៅពេលដែល​ក្រុម​សកម្មប្រយុទ្ធ ទាហាន​រំដោះ​រ៉ូ​ហ៊ី​យ៉ា​នៅ​រដ្ឋ Arakan (The Arakan Rohingya Salvation Army) វាយប្រហារ​លើ​ក្រុម​ទាហាន​រដ្ឋាភិបាល​នោះ​។ រដ្ឋាភិបាល​មាន​លេស​បង្ក្រាប​ចលនា​បះបោរ​នេះ​ដោយ​បន្ត​ប្រតិបត្តិការ​បោសសម្អាត​ទ្រង់ទ្រាយ​ធំ​ឥតឈប់ឈរ​។ អ្វីដែល​គួរ​ឲ្យ​សង្វេគ​នោះ អង្គការ​អន្តរជាតិ​សង្កេតឃើញថា ទាហាន​រដ្ឋាភិបាល​បាន​ឆ្លៀតឱកាស​វាយប្រហារ​លើ​ជន​ស៊ីវិល​ជាពិសេស​ប្រជាជន​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា និង​ដុត​កម្ទេច​ផ្ទះសម្បែង​ពួកគេ​ផង ក្នុង​គោ​ដៅ​បណ្តេញ​ពួកគេ​ទៅ​បង់​ក្លា​ដែ​ស​ឬ​ឲ្យ​ចាក​ចេញពី​ប្រទេស​។​

​របាយការណ៍​ផ្លូវការ​អង្គការសហប្រជាជាតិ​បាន​បង្ហាញថា​ប្រជាជន​រស់នៅ​រដ្ឋ Rakhine ជាង​ប្រាំបី​ម៉ឺន​នាក់​បាន​ភៀសខ្លួន​ពី​លំនៅដ្ឋាន​ដោយសារ​ហិង្សា​ប្រដាប់អាវុធ​នេះ ហើយ​ខាង​រដ្ឋាភិបាល​អះអាងថា​ខ្លួន​សម្លាប់​ក្រុម​ប្រដាប់អាវុធ​អស់​ជាង ៤០០​នាក់​ឯណោះ​។ នេះ​មិន​រាប់ទាំង​ចំនួន​ជន​ស៊ីវិល និង​ទាហាន​រដ្ឋាភិបាល​ឡើយ​។

​ប៉ុន្តែ​ខាង​តំណាង​សកម្មជន​សិទ្ធិមនុស្ស​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ី​យ៉ា បាន​អះអាងថា ក្រុម​កងកម្លាំងប្រដាប់អាវុធ​មី​យ៉ាន់​ម៉ា​បាន​វាយប្រហារ​លើ​ជន​ស៊ីវិល​និង​ដុតបំផ្លាញ​លំនៅដ្ឋាន​ពួកគេ​យ៉ាង​ព្រៃផ្សៃ​បំផុត​។ គេ​បន្ថែមថា ចំនួន​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ដែល​បាន​ស្លាប់​នោះ​មាន​រហូតដល់ មួយ​ពាន់​នាក់​ឯណោះ​។
​ទីភ្នាក់ងារ​ព័ត៌មាន AP បាន​ចុះផ្សាយ​ថា ប្រជាជន​រ៉ូ​ហ៊ី​យ៉ា​ច្រើនជាង ៥០​នាក់​ដែល​បាន​រត់​ភៀសខ្លួន​ទៅដល់​បង់​ក្លា​ដែ​ស ដោយមាន​របួស​ព្រោះ​រង​ការបាញ់ប្រហារ​ថែម​ទៀតផង​។

​ដោយឡែក អង្គការ​អន្តរជាតិ​ជា​ពិ​សេ​ខាង​មនុស្សធម៌​អន្តរជាតិ និង​សង្គម​ស៊ីវិល​ក៏ដូចជា​បណ្តា​ប្រទេស​នានា ព្រួយបារម្ភ​ខ្លាំង​ពី​ស្ថានភាព​ដ៏​អាក្រក់​នេះ​ជា​ពិ​សេ​ស្ថានភាព​ជនភៀសខ្លួន​ដែល​អត់បាយ​ក្រហាយ​ទឹក​គ្មាន​ជំនួយ​និង​ឆ្លង​ជំងឺ​ថែមទៀត​។ ហើយ​គេ​ដូចជា​មិនឃើញ​ខាង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ធ្វើ​សកម្មភាព​ច្រើន​ឡើយ​ដើម្បី​ទប់ស្កាត់​ឬ​ចៀសវាង​ការកើនឡើង​នៃ​ចំនួន​ជន​ស៊ីវិល​ស្លាប់​នោះ​។

​យោងតាម​សារព័ត៌មាន The Guardian  ការិយាល័យ​អង្គការសហប្រជាជាតិ​ប្រចាំ​មី​យ៉ាន់​ម៉ា បាន​អះអាងថា រាល់​ការ​ចែកចាយ​ជំនួយ​មនុស្សធម៌​ត្រូវ​ព្យួរ​ទាំងអស់​ព្រោះ​ស្ថាន​ការ​សន្តិសុខ​អាក្រក់ ហើយ​ណាមួយ​រដ្ឋាភិបាល​នៅ​បន្ត​ហាមឃាត់​ការចុះ​ត្រួតពិនិត្យ​នៅ​តំបន់​ដែល​រងគ្រោះ​ថែមទៀត​។ ដូច្នេះហើយ​ស្ថាប័ន​ពាក់ព័ន្ធ​មិនអាច​បញ្ជូន​ជំនួយ​មនុស្សធម៌​ទៅ​ចែកជូន​ប្រជាជន​ដែល​រងគ្រោះ​បានឡើយ​។​
 
​ស្ថាប័ន​នោះ​បន្តថា​៖« អង្គការសហប្រជាជាតិ​កំពុង​បន្ត​ទាក់ទង​ជាមួយ​ខាង​អាជ្ញាធរ​ដើម្បី​ធានាថា ការចែក​ចាយ​ជំនួយ​មនុស្សធម៌​នឹង​អាច​ចាប់ផ្តើម​ឡើងវិញ​ឲ្យ​កាន់តែ​ឆាប់​។ ប៉ុន្តែ​ជំនួយ​មួយចំនួន​ត្រូវបាន​គេ​ចែកចាយ​ទៅកាន់​ប្រជាជន​នៅ​តំបន់​មួយចំនួន​ផ្សេងទៀត​ក្នុង​រដ្ឋ Rakahine»​។

១.​ចលនា​ប្រឆាំង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ផ្ទុះឡើង​នៅ​ឥណ្ឌូណេស៊ី​?

​ស្រប​ពេលដែល​សហគម​ន៍​អន្តរជាតិ​បន្ត​ដាក់​សម្ពាធ និង​រះ​គន់​រដ្ឋាភិបាល​ក្រុង​ណៃ​ពិ​ដ៏ ដែល​មិនមាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា និង​បន្ត​អនុវត្ត​នយោបាយ​រើសអើង​ពូជសាសន៍ គេ​ឃើញ​មាន​សកម្មភាព​ប្រឆាំង​មី​យ៉ាន់​ម៉ា​នៅតាម​ប្រទេសមួយ​ចំនួន​ផងដែរ​។ នៅ​ឥណ្ឌូណេស៊ី​ដែលជា​ប្រទេស​ម៉ូ​ស្លី​ម​ធំ​បំផុត​និង​ជា​បងធំ​អាស៊ាន​ផង​នោះ គេ​ឃើញ​មាន​ចលនា​បាតុកម្ម​ប្រឆាំង​លោកស្រី​នៅ​ហ្សា​ការ​តា​ផង​នៅ​ថ្ងៃ​សៅរ៍ ហើយ​ក្រោយមក​មានការ​បោះ​គ្រឿងផ្ទុះ​ច្នៃ Molotov cocktail ចូលក្នុង​ស្ថានទូត​មី​យ៉ាន់​ម៉ា​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី​តែម្តង​។

​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia បាន​ផ្សាយ​ថា ប្រជាជន​ដែល​ចូលរួម​បាតុកម្ម​ភាគច្រើន​ជា​សកម្មជន​សិទ្ធិមនុស្ស ហើយ​ពួកគេ​តវ៉ា​ឲ្យ​គណៈកម្មការ​ពានរង្វាន់​ណូបែល​សន្តិភាព​ដកយក​ពាន​រង្វាន់​នោះ​ពី​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី ផង​។

​ក្រោយមក ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បោះ​បោះ​គ្រឿងផ្ទុះ​ទៅក្នុង​ស្ថានទូត​នៅ​ទាបភ្លឺ​ឆ្លង​ចូល​ថ្ងៃអាទិត្យ​ទី ៣ ខែកញ្ញា ប៉ុន្តែ​វា​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកណា​ម្នា​ក់ឡើ​យ​។​

​អ្នកនាំពាក្យ​ប៉ូលិស​ក្រុង​ហ្សា​ការ​តា Argo Yuwono បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា វា​ពិត​មាន​ការបោះ​គ្រោះ​ផ្ទុះ​ចូល​ពិតមែន ប៉ុន្តែ​គ្រឿងផ្ទុះ​នោះ​វា​តូច​ប៉ុណ្ណោះ​។ ការសន្និដ្ឋាន​ជាបឋម​របស់​សមត្ថកិច្ច​គឺ វា​មាន​មនុស្ស​ពីរ​ឬ​បីនាក់​ជាប់​ពាក់ព័ន្ធ​ករណីនេះ ហើយ​ការស៊ើបអង្កេត​កំពុង​បន្ត​ទៅមុខ​នៅឡើយ​។​

២.​ឥណ្ឌូណេស៊ី​ចង់​ឲ្យ​មានការ​ដោះស្រាយ​បញ្ហា​ប្រឈម មិនមែន​ត្រឹម​ថ្កោលទោស

 ដោយឡែក រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ដែល​តែងតែមាន​យោបល់​និង​ជ្រោមជ្រែង​ឲ្យ​មី​យ៉ាន់​ម៉ា​ដោះស្រាយ​បញ្ហា​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​នោះ បានប្រកាសថា ខ្លួន​ចង់ឃើញ​មានការ​ដោះស្រាយ វិបត្តិ​នេះ​ឲ្យ​ខាងតែបាន មិនមែន​ចេញ​សេចក្តី​ថ្លែង​ការ​ថ្កោលទោស​មី​យ៉ាន់​ម៉ា​ឡើយ​។

​ទីភ្នាក់ងារ​ព័ត៌មាន​ម៉ាឡេស៊ី Bernama បាន​ស្រង់​សម្តី​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ ដូច្នេះ​ថា​៖ «​ខ្ញុំ និង​ប្រជាជន​ឥណ្ឌូណេស៊ី​ពិតជា​សោកស្តាយ​ចំពោះ​អំពើហិង្សា​ដែល​កំពុង​កើតឡើង​នៅ​រដ្ឋ Rakhine​។ វា​ចាំបាច់​ត្រូវមាន​ដំណោះស្រាយ និង​មិន​ត្រឹមត្រូវ​ចេញ​សេចក្តី​ថ្លែង​ការ​ឥណ្ឌូណេស៊ី​ឡើយ​។ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ប្តេជ្ញាចិត្ត​ជួយ​ដោះស្រាយ​វិបត្តិ​មនុស្សជាតិ​ដោយ​ការ​មានការ​គាំ​ពី​ប្រជាជន​ឥណ្ឌូណេស៊ី និង​សហការ​ជាមួយ​សហគមន៍​អន្តរជាតិ​ផង​»​។ 

​លោក ចូ​កូ វី​ដូ​ដូ បាន​ចាត់តាំង​រដ្ឋមន្ត្រីការបរទេស​ខ្លួន​ឲ្យ​ទៅ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា​រួចទៅហើយ​ដើម្បី​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់ និង​ដោះស្រាយ​បញ្ហា​នេះ​រួមគ្នា​។

​ទូរទស្សន៍ Channel News Asia បាន​ចុះផ្សាយ​នៅ​ថ្ងៃអាទិត្យ​ថា រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី Retno Marsudi ដែល​តំណាង​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ចាប់ផ្តើម​ទស្សនកិច្ច​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​ដែរ​នៅ​ថ្ងៃ​ចន្ទ​ទី ៤​ខែកញ្ញា​នេះ ដើម្បី​ស្វះ​ស្វែងរក​ការពិភាក្សា​ជាមួយ​ភាគី​មី​យ៉ាន់​ម៉ា​ដើម្បី​ជំរុញ​ឲ្យ​មានការ​ដោះស្រាយ​វិបត្តិ​មនុស្សជាតិ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​នៅ​រដ្ឋ Rakhine​។​

​លោកស្រី​ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី​នឹង​ជួបពិភាក្សា​ជាមួយ​ទីប្រឹក្សា​រដ្ឋ​លោកស្រី អ៊ុង​សាន ស៊ូ​ជី​, ប្រធានាធិបតី Kyaw Tint មេបញ្ជាការ​កំពូល​កង​ទ័ព​មី​យ៉ាន់​ម៉ា Min Aung Hlain និង​ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក Thaung Tun ផងដែរ​។​

​លោកស្រី Retno បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ផងដែរ​ថា លោកស្រី​ទៅ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​ប្រជាជន​ឥណ្ឌូណេស៊ី​ក្នុង​ការជួយ​ដោះស្រាយ​វិបត្តិ និង​ក្តីសង្ឃឹម​សម្រាប់​សហគមន៍​អន្តរជាតិ​ដែល​បញ្ជាក់បាន​ថា វិបត្តិ​នេះ​នឹង​អាច​ត្រូវ​ដោះស្រាយ​ឆាប់ៗ​។

​កន្លងមក​ឥណ្ឌូណេស៊ី បាន​ដុតដៃដុតជើង​ចាត់វិធានការ​ជាច្រើន​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ប្រញាប់​ស្តារ​សន្តិសុខ​និង​ស្ថិរភាព​ក្នុង​រដ្ឋ Rakhine ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើបាន​។  កាលពី​សប្តាហ៍​មុន​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី​រូបនេះ​បាន​ជួបពិភាក្សា​ជាមួយ​បណ្តា​តំណាង​ស្ថាប័ន​សិទ្ធិមនុស្ស រួមទាំង​តំណាង​អង្គការ​សហប្រតិបត្តិកា​រ​ឥស្លាម និង​ក្រុម​សង្គម​ស៊ីវិល​ថែម​ទៀតផង​។​


Tag:
 រ៉ូ​ហ៊ី​យ៉ា​
  Rakhine
  ចូ​កូ​វី​ដូ​ដូ​
  Retno Marsudi
  អ៊ុង​សាន ស៊ូ​ជី
© រក្សាសិទ្ធិដោយ thmeythmey.com