អន្តរជាតិ
ប្រមុខ UN ថ្កោលទោស​កូរ៉េខាងជើង ខណៈ​ក្រុមប្រឹក្សាសន្តិសុខ​ចាប់ផ្តើម​ប្រជុំ​រក​វិធាន​ការដាក់​សម្ពាធ​
05, Sep 2017 , 8:59 am        
រូបភាព
ដោយ:
​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បើក​កិច្ចប្រជុំ​ពិភាក្សា​ដើម្បី​ឆ្លើយតប​នឹង​ការបាញ់​សាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​កាលពី​ថ្ងៃអាទិត្យ​ទី​៣​ខែកញ្ញា​។ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​ថ្កោលទោស​ការបាញ់​សាកល្បង​មី​ស៊ី​ល​នេះ និង​ហៅ​សកម្មភាព​នេះ​ថា ជាការ​បង្ក​អស្ថេរភាព​ដល់ តំបន់​។​



​ថ្ងៃ​ចន្ទ​ទី ៤ ខែកញ្ញា​នេះ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ចាប់ផ្តើម​បើក​កិច្ចប្រជុំ​ពិភាក្សា​ជាបន្ទាន់​ជុំវិញ​ការបាញ់​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​របស់​កូរ៉េខាងជើង​។ កិច្ចប្រជុំ​បន្ទាន់​នេះ​ត្រូវបាន​ស្នើឡើង​ដោយ​អាមេរិក កូរ៉េខាងត្បូង បារាំង ជប៉ុន និង​អង់គ្លេស​។​

​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ស្រង់​សម្ដី​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​Antonio Guterres ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដូច្នេះ​ថា​៖«​សកម្មភាព​បែបនេះ​ល្មើ​សនឹង​កាតព្វកិច្ច​អន្តរជាតិ​របស់​កូរ៉េខាងជើង និង​បំផ្លាញ​ការខិតខំ​ប្រឹងប្រែង​រប​ស់​សហគមន៍​អន្តរជាតិ​ក្នុងការ​រំសាយ​និង​ទប់ស្កាត់​ការ​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​។ ម្យ៉ាងវិញទៀត ការធ្វើ​បែបនេះ​បាន​បង្ក​អស្ថេរភាព​ដល់​សន្តិសុខ​តំបន់​យ៉ាងខ្លាំង ហើយ​កូរ៉េខាងជើង​នេះហើយ​ជា​ប្រទេស​តែមួយគត់​ដែល​នៅ​បន្ត​បំពាន​ច្បាប់​ដែល​ហាមឃាត់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​»​។

​លោក Guterres បានស្នើ​បន្ថែម​ឲ្យ​កូរ៉េខាងជើង​បញ្ឈប់​សកម្មភាព​បែបនេះ និង​គោរព​ឲ្យ​បាន​នូវ​កាតព្វកិច្ច​អន្តរជាតិ​របស់ខ្លួន​។ លើសពីនេះទៅទៀត សេចក្ដីសម្រេច​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ក៏បាន​ហាមប្រាម​ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​កូរ៉េខាងជើង​ផងដែរ​។​

​ដោយឡែក លោក Antonio Guterres កាលពី​ថ្ងៃអាទិត្យ​ក៏បាន​ថ្កោលទោស​កូរ៉េខាងជើង​ជុំវិញ​ការបាញ់​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន និង​ចាត់ទុកថា វា​ជាការ​បង្ក​អស្ថេរភាព​ដល់​សន្តិសុខ​តំបន់​យ៉ាងខ្លាំង​។ លោក ក៏បាន​ស្នើ​ឲ្យ​កូរ៉េខាងជើង​បញ្ឈប់​សកម្មភាព​បែបនេះ​ដែរ​។​

​ចំណែកឯ ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ឯណោះ​វិញ បាន​កោះប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អាមេរិក​នៅ​ថ្ងៃអាទិត្យ​ទី​៣​ខែកញ្ញា ដើម្បី​ពិចារណា​ទណ្ឌកម្ម​ផ្សេងៗ​ក៏ដូចជា​ទណ្ឌកម្មសេដ្ឋកិច្ច​ដើម្បី​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​ផងដែរ​។​

​លោក​ត្រាំ​ក៏បាន​សរសេរ​ក្នុង​គណនី​Twitter ខ្លួន​ថា វា​ដល់ពេល ដែល​អាមេរិក​មិនត្រូវ​បន្ត​អត់ទ្រាំ​ទៀត​ទេ ហើយ​សកម្មភាព​កូរ៉េខាងជើង​បង្ក​ការគំរាមកំហែង​ដល់​អាមេរិក​ខ្លាំងណាស់​។​
​សូម​ជម្រាប​ដែរ​ថា សហរដ្ឋអាមេរិក​កន្ល​ង​មក​ស្ទើរតែ​គ្មាន​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េខាងជើង​ឡើយ ហើយ​បើសិនជា​អាមេរិក​ចង់​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​កូរ៉េខាងជើង នោះ​បន្ទុក​ទាំងនេះ​នឹងត្រូវ​ធ្លាក់​ទៅលើ​ចិន​។ មូលហេតុ ក៏ដោយ​សារ​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​កូរ៉េខាងជើង​៕


Tag:
 ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​
 ​ ​កូរ៉េខាងជើង​
 ​ អាមេរិក​
 ​ ​Antonio Guterres
© រក្សាសិទ្ធិដោយ thmeythmey.com