អន្តរជាតិ
ទូត​អាមេរិក​ប្រចាំ​UN ៖ កូរ៉េខាងជើង​កំពុង​ចង់បាន​សង្គ្រាម ព្រោះ​ហ៊ាន​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​
05, Sep 2017 , 3:50 pm        
រូបភាព
​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ លោកស្រី Nikki Haley បាន​និយាយ កូរ៉េខាងជើង​កំពុង​អង្វរ​ចង់បាន​សង្គ្រាម​ហើយ ព្រោះ​ហ៊ាន​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន បំពាន​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​។ ចំពោះមុខ​កិច្ចប្រជុំ​បន្ទាន់​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ថ្ងៃទី​៤ ខែកញ្ញា លោកស្រី Haley បានស្នើ​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​កូរ៉េខាងជើង ហើយ​អាមេរិក​ក៏​មិន​ចង់បាន​សង្គ្រាម​ឥឡូវ​ដែរ​។​



​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​កោះប្រជុំ​បន្ទាន់​មួយ​ដើម្បី​រិះរក​ចំណាត់ការ​ឆ្លើយតប​ការសាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​របស់​កូរ៉េខាងជើង​។ កិច្ចប្រជុំ​បន្ទាន់​នេះ​ត្រូវបាន​ស្នើឡើង​ដោយ​អាមេរិក កូរ៉េខាងត្បូង បារាំង ជប៉ុន និង​អង់គ្លេស​។ អគ្គរដ្ឋទូត​អាមេរិក Nikki Haley បានស្នើ​ឲ្យ​សមាជិក​ទាំងអស់​អនុម័ត​ទណ្ឌកម្ម​ដ៏​ខ្លាំង​បំផុត​មិន​ធ្លាប់​លើ​កូរ៉េខាងជើង ដើម្បី​ឲ្យ​រដ្ឋ​មួយ​នេះ​រាងចាល និង​ឈប់​ធ្វើ​ទង្វើ​គឃ្លើន​ទៀត​។​

​ក្នុង​កិច្ចប្រជុំ​បន្ទាន់​នេះ លោកស្រី Haley បានចាត់ទុក​ការសាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​របស់​កូរ៉េខាងជើង ដែលជា​ការសាកល្បង​លើក​ទី​៦ ជាការ​ចង់បាន​សង្គ្រាម​របស់​មេដឹកនាំ​កូរ៉េខាងជើង​។ យ៉ាងណាក្ដី អគ្គរដ្ឋទូត​អាមេរិក​រូបនេះ​បញ្ជាក់ថា សង្គ្រាម​មិនមែនជា​អ្វីដែល​អាមេរិក​ចង់បាន​ទេ ហើយ​អាមេរិក​ក៏​មិនទាន់​ចង់​សង្គ្រាម​ពេលនេះ​ដែរ ប៉ុន្តែ​ការអត់ធ្មត់​របស់​អាមេរិក​ក៏​មិនមែន​គ្មាន​ព្រំដែន​ដែរ គឺ​អាមេរិក​នឹង​ការពារ​ខ្លួន និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​ជានិច្ច​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters អំឡុង​កិច្ចប្រជុំ​នេះ តំណាង​អាមេរិក​ក៏បាន​បង្ហាញ​ផែនការ​របស់​ក្រុង​វ៉ាស៊ីនតោន​ក្នុងការ​ដាក់ចេញ​ទណ្ឌកម្ម​ថ្មី​នៅក្នុង​សប្ដាហ៍​នេះ ដើម្បី​ដាក់​ឲ្យ​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ទាំង​១៤​ផ្សេងទៀត​អនុម័ត​នៅ​ដើម​សប្ដាហ៍​ក្រោយ​។ ជាមួយគ្នា​នោះ អា​មេ​រិ​ក៏​នឹង​ត្រួតពិនិត្យ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​កូរ៉េខាងជើង និង​ប្រទេស​ផ្សេង ដែល​ខ្លួន​អះអាងថា គឺជា​ប្រភព​ហិរញ្ញវត្ថុ​ដ៏​សំខាន់​របស់​កូរ៉េខាងជើង​ក្នុងការ​អភិវឌ្ឍ​នុយក្លេអ៊ែរ​។​

​ការដាក់ទណ្ឌកម្ម​លើ​ប្រទេស​រកស៊ី​ជាមួយ​កូរ៉េខាងជើង អាចជា​ចំណាត់ការ​បន្ទាប់​របស់​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ដើម្បី​ទប់ស្កាត់​មហិច្ឆតា​កូរ៉េខាងជើង​។ លោក ត្រាំ បាន​ព្រមាន​បណ្តា​ប្រទេស​ដែលមាន​ជំនួញ​ជាមួយ​កូរ៉េខាងជើង​ឲ្យ​ដកខ្លួន​ឲ្យ​ឆ្ងាយ​ឈប់​រកស៊ី​ជាមួយ​ប្រទេស​នេះ បើ​មិន​ចង់​ខាតបង់​ប្រយោជន៍​។ លោក​បាន​សង្កត់ធ្ងន់ថា ការ​កាត់​ផ្តាច់ទំនាក់ទំនង​ពាណិជ្ជកម្ម​ទាំងស្រុង​ជាមួយ​ប្រទេស​ហ៊ាន​រកស៊ី​ជាមួយ​កូរ៉េខាងជើង ជា​វិធាន​ការដែល​អាមេរិក​កំពុង​ពិចារណា​។​

​ការ​កាត់​ផ្តាច់ចំណង​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​រដ្ឋ​ដែលមាន​ជំនួញ​ជាមួយ​កូរ៉េខាងជើង ជា​វិធានការ​មាន​ប្រសិទ្ធភាព​ក្នុងការ​កាត់ផ្តាច់​ចរន្ត​ហិរញ្ញវត្ថុ​ដែល​កូរ៉េខាងជើង​មាន​។  ប៉ុន្តែ​គេ​មិនទាន់​ដឹង​ច្បាស់​ថា វិធានការ​នេះ​នឹងត្រូវ​អនុវត្ត​នៅពេលណា​ឡើយ ដ្បិតថា មន្ត្រីជាន់ខ្ពស់​អាមេរិក​ធ្លាប់​លើកឡើង​ពី​បញ្ហា​នេះដែរ​កន្លងមក​។ ច្បាស់​ថា អ​ម្រែ​ក​ទណ្ឌកម្ម​ប្រឆាំង​អ្នកធ្វើ​ជំនួញ​ជាមួយ​កូរ៉េខាងជើង នឹង​ធ្លាក់​ទៅលើ​ចិន​ដែលជា​ខ្នងបង្អែក​ការទូត និង​សេដ្ឋកិច្ច​ដ៏​ចម្បង​របស់​ក្រុង​ព្យុងយ៉ាង​៕


Tag:
 UN
  អាមេរិក​
  កូរ៉េខាងជើង​
  Nikki Haley
© រក្សាសិទ្ធិដោយ thmeythmey.com