អន្តរជាតិ
កូរ៉េខាងជើង​ត្រៀម​កាដូ​ច្រើន​ទៀត​សម្រាប់​អាមេរិក​
06, Sep 2017 , 10:36 am        
រូបភាព
​កូរ៉េខាងជើង​ហាក់​មិន​ខ្វល់ខ្វាយ​ការ​ថ្កោលទោស និង​ការ​គំរាម​ដាក់ទណ្ឌកម្ម​រប​ស់​អន្តរជាតិ​ជុំវិញ​ការសាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​របស់ខ្លួន​ឡើយ​។ ខណៈដែល​មហាអំណាច​កំពុង​ពិភាក្សាគ្នា​យ៉ាង​តឹង​ស​សៃ​ក​ដើម្បី​រក​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​ខ្លួន​នោះ មន្ត្រីការទូត​ជាន់ខ្ពស់​កូរ៉េខាងជើង​បានប្រកាស​ក្ដែ​ងៗ​ថា ខ្លួន​មាន​កាដូ​អនុស្សាវរីយ៍​ច្រើន​ទៀត​សម្រាប់​អាមេរិក បើ​នៅតែ​បន្ត​អនុវត្ត​នយោបាយ​ព្រហើន និង​ចង់​ដាក់​សម្ពាធ​បន្ថែមទៀត​នោះ​។



​មន្ត្រីការទូត​កូរ៉េខាងជើង Han Tae Song នៅ​ថ្ងៃទី​៥ ខែកញ្ញា បានប្រកាស​ពី​ការសាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​នៅ​ថ្ងៃទី​៣ ខែកញ្ញា ដែលជា​ការធ្វើ​តេស្ត​លើក​ទី​៦ និង​មាន​អានុភាព​ខ្លាំង​ជាង​គ្រាប់បែក​លើក​មុនៗ​។ លោក Han Tae Song និយាយថា ការសាកល្បង​នេះ គឺជា​វិធានការ​ការពារ​ខ្លួន​របស់​កូរ៉េខាងជើង និង​ក៏​ជា​កាដូ​អនុស្សាវរីយ៍​សម្រាប់​អាមេរិក​ផងដែរ​។ ការប្រកាស​បែបនេះ ធ្វើឡើង​ស្របពេល​អាមេរិក​កំពុង​បបួល​គេឯង​ឲ្យ​ដាក់​សម្ពាធ​បន្ថែម​លើ​រដ្ឋ​ក្បាលរឹង​មួយ​នេះ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Han Tae Song ដែលជា​អគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ បាន​និយាយថា សកម្មភាព​ថ្មីៗ​នេះ​របស់​កូរ៉េខាងជើង គឺជា​កញ្ចប់​វត្ថុ​អនុស្សាវរីយ៍​សម្រាប់​អាមេរិក​តែ​ម្នាក់​គត់ ហើយ​អាមេរិក​នឹង​ទទួល​កាដូ​របៀបនេះ​ទៀត បើ​នៅតែ​បន្តធ្វើ​ទង្វើ​គឃ្លើន និង​ប្រើប្រាស់​ទណ្ឌកម្ម​ដើម្បី​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​ទៀត​នោះ​។​

​ក្នុង​កិច្ចប្រជុំ​បន្ទាន់​ក្រុមប្រឹក្សាសន្តិសុខ តំណាង​អាមេរិក​បាន​និយាយថា កូរ៉េខាងជើង​កំពុងតែ​អង្វរ​ចង់បាន​សង្គ្រាម ព្រោះ​ហ៊ាន​សាកល្បង​គ្រាប់​នុយក្លេអ៊ែរ​បំពាន​ច្បាប់​អន្តរជាតិ​។ អាមេរិក បានស្នើ​ឲ្យ​សមាជិក​ទាំងអស់​អនុម័ត​ទណ្ឌកម្ម​ដ៏​ខ្លាំង​បំផុត​មិន​ធ្លាប់​លើ​កូរ៉េខាងជើង ដើម្បី​ឲ្យ​រដ្ឋ​មួយ​នេះ​រាងចាល និង​ឈប់​ធ្វើ​ទង្វើ​គឃ្លើន​។ អាមេរិក​ក៏បាន​បង្ហាញ​ផែនការ​ក្នុងការ​ដាក់ចេញ​ទណ្ឌកម្ម​ថ្មី​នៅក្នុង​សប្ដាហ៍​នេះ ដើម្បី​ដាក់​ឲ្យ​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ទាំង​១៤​ផ្សេងទៀត​អនុម័ត​នៅ​ដើម​សប្ដាហ៍​ក្រោយ​។​

​យ៉ាងណាក្ដី អគ្គរដ្ឋទូត​រុស្ស៊ី​យល់ថា​ការចង់​ដាក់ទណ្ឌកម្ម​យ៉ាង​ប្រញាប់ប្រញាល់​បែបនេះ ទំនងជា​មិនអាច​ទៅរួច​ទេ​។ ចំណែកឯ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ឯណោះ​វិញ​ចាត់ទុក​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង ជា​រឿង​គ្មាន​ប្រយោជន៍​ប៉ុណ្ណោះ​។ លោក ពូ​ទីន ជឿជាក់ថា ទោះ​ដាក់ទណ្ឌកម្ម​ខ្លាំង​យ៉ាងណាក៏ដោយ ក៏​មិនអាច​បង្ខំ​ឲ្យ​កូរ៉េខាងជើង​បោះបង់​មហិច្ឆតា​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ឡើយ​។ លោក​ក៏​ធ្លាប់​និយាយ​ដែរ​ថា ការចរចា​ជា​ផ្លូវ​ចេញ​ប្រសើរ​បំផុត​។​

​កញ្ចប់​វត្ថុ​អនុស្សាវរីយ៍​ដែល​កូរ៉េខាងជើង​រៀបចំ​ជាពិសេស​សម្រាប់​អាមេរិក ទំនងជា​គ្មានអ្វី​ក្រៅពី​ការសាកល្បង​នុយក្លេអ៊ែរ ឬក៏​ការបាញ់​មី​ស៊ី​ល​រំលង​ទ្វីប​នោះទេ​។ កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ជា​ញឹកញាប់​ក្នុងពេល​ប៉ុន្មាន​ឆ្នាំនេះ ហើយ​ដែលជា​សញ្ញា​នៃ​ការរីកចម្រើន​កាន់តែ​លឿ​នៃ​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់​រដ្ឋ​ឯកោ​មួយ​នេះ ទោះជា​ត្រូវ​រង​ទណ្ឌកម្ម​ឥតឈប់ឈរ​ក្ដី​។ ចុងក្រោយ​នេះ កូរ៉េខាងជើង​ក៏មាន​សមត្ថភាព​ផលិត​មី​ស៊ី​លបាញ់​ដល់​ទឹកដី​អាមេរិក​ផងដែរ​៕


Tag:
 ​កូរ៉េខាងជើង​
  អាមេរិក​
  នុយក្លេអ៊ែរ​
© រក្សាសិទ្ធិដោយ thmeythmey.com