ពីនេះ ពីនោះ
ព័ត៍មានសុខភាព
របប​អាហារ​ពិសេស​សម្រាប់​អ្នក​ឧស្សាហ៍​ក្អក​
06, Sep 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​ក្អក​មិនមែន​តែងតែ​ជា​ជំងឺ​នោះទេ​ថ្វីបើ​ការ​ក្អក​អាច​បញ្ជាក់ថា​ក្នុង​ខ្លួន​មាន​ជំងឺ ឬ​ការបង្ក​រោគ​ណាមួយ​ក៏ដោយ​។ ការ​ក្អក​គ្រាន់តែ​ជា​រោគសញ្ញា​មួយ​ប៉ុណ្ណោះ​ដែល​វា​អាចជា​ភាព​រ៉េ​ផ្លិ​ច​ធម្មតាៗ​របស់​រាងកាយ​ដោយសារ​តែមាន​អ្វី​ខុសធម្មតា​ចូលក្នុង​បំពង់ខ្យល់​។ យ៉ាងណាមិញ​បើសិនជា​អ្នក​គ្រាន់តែ​ក្អក​ធម្មតា ហើយក៏​មិនមាន​ជំងឺ​អ្វី​ក្នុង​ខ្លួន​នោះ យក​ល្អ​គួរតែ​ជ្រើសរើស​របប​អាហារ​ដែល​ត្រឹមត្រូវ​សម្រាប់​អាកា​រៈ​នេះ​ឆាប់​ធូរស្បើយ​ទៅវិញ​ផង​ទៅ​។​



​ទឹក​ផ្លែក្រូច​ច្របាច់ និង​ទឹក​ធម្មតា​

​ក្នុងករណី​ក្អក​ខ្លាំង អ្នគជំងឺ​គួរតែ​ស្វែងរក​ការទទួល​ទាន​ទឹក​ផ្លែក្រូច​ច្របាច់ និង​ទឹក​ធម្មតា​ញ៉ាំ​ឲ្យ​បាន​លឿន​រហូតដល់​ភាព​ធ្ងន់ធ្ងរ​នេះ​ថយចុះ​វិញ​។ យក​ល្អ​ទឹកក្រូច​ច្របាច់​នោះ​គួរតែ​លាយ​ជាមួយនឹង​ទឹក​ក្តៅ​ឧណ្ហៗ​មួយ​ពែង និង​ញ៉ាំ​វា​ជា​រៀងរាល់​ពីរ​ម៉ោង​ម្តង ចាប់ពី​ម៉ោង ៨​ព្រឹក ដល់ ៨​យប់​។​

​ផ្លែឈើ​គ្រប់​ប្រភេទ​

​ក្រោយពី​ញ៉ាំ​ទឹក​ផ្លែឈើ អ្នកជំងឺ​គួរតែ​សម្រប​ខ្លួន​លើ​ការ​ញ៉ាំ​ផ្លែឈើ​គ្រប់​ប្រភេទ​ក្នុង​រយៈពេល​ពីរ​ទៅ​បី​ថ្ងៃ​ផង​។ ករណី​ក្អក​តិចតួច អ្នកជំងឺ​អាច​ចាប់ផ្តើម​ជាមួយនឹង​ការ​ញ៉ាំ​ផ្លែឈើ​រយៈពេល ៥ ទៅ​៧​ថ្ងៃ​ដែលមាន​ដូចជា ផ្លែ​ប៉ោម ផ្លែ​សារី ទំពាំងបាយជូរ ក្រូច ម្នាស់ និង​ឪឡឹក​ជាដើម​។ សម្រាប់​ភេសជ្ជៈ​វិញ អ្នក​គួរតែ​ញ៉ាំ​ទឹក​ក្រូចឆ្មា​ដែល​មិន​ផ្អែម​ពេក ឬ​ទឹក​ក្តៅ​ឧណ្ហៗ​។​

​របប​អាហារ​គួរតែមាន​តុល្យ​ភាពល្អ​
​ក្រោយពី​ញ៉ាំ​ផ្លែឈើ អ្នកជំងឺ​គួរតែមាន​ទម្លាប់​ញ៉ាំ​អាហារ​បី​ពេល​ដែលមាន​តុល្យភាព ដោយ​ក្នុងនោះ​គួរតែមាន គ្រាប់​ធញ្ញជាតិ បន្លែ​ឆៅ ឬ​ឆ្អិន​តិចតួច និង​ផ្លែឈើ​ស្រស់​។​

​អាហារ​ដែល​ចៀសវាង​
​អ្នកជំងឺ​គួរតែ​ចៀសវាង​ការ​ញ៉ាំ​សាច់ របស់​ផ្អែម តែ កាហ្វេ ជ្រួក​និង​អាហារ​កៃ​ឆ្នៃ​។ ក្រៅពីនេះ​គួរតែ​ចៀស​ផងដែរ​ដូចជា ភេសជ្ជៈ​កំប៉ុង ស្ករ​គ្រាប់ កា​រ៉ែ​ម និង​ផលិតផល​មាន​ជាតិ​ផ្អែម​ខ្លាំង​គ្រប់​ប្រភេទ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com