អន្តរជាតិ
ព្យុះ Irma បង្ក​មហន្តរាយ​នៅ​តំបន់​កា​រ៉ា​អ៊ី​ប មុន​ទៅដល់​រដ្ឋ Florida
07, Sep 2017 , 9:39 pm        
រូបភាព
​ខ្យល់ព្យុះ​កម្រិត​៥ Irma បាន​បង្ក​មហន្តរាយ​យ៉ាង​ធ្ងន់​នៅ​តំបន់​កា​រ៉ា​អ៊ី​ប ខណៈដែល​ព្យុះ​នេះ​កំពុង​តម្រង់ទិស​សំដៅ​រដ្ឋ Florida របស់​អាមេរិក​។ នៅ​ព័រ​តូ​រី​កូ ព្យុះ​បាន​កាត់ផ្ដាច់​ការផ្គត់ផ្គង់​អគ្គិសនី​ស្ទើរ​មួយ​ប្រទេស ចំណែក​កោះ​អង់​ទី​ហ្គា និង​បា​ប៊ុ​យ​ដា បាន​រងគ្រោះ​ធ្ងន់ធ្ងរ​ដូចគ្នា​ដែរ​។ ស្របពេល​គ្នា​នេះ ព្យុះ​ពីរ​ទៀត​កំពុង​លេច​ជា​រូបរាង​នៅ​តំបន់​នេះដែរ ហើយ​គេ​រំពឹងថា​ផលប៉ះពាល់​នឹង​កើន​ឡើងជា​បន្តទៀត​។



​ព្យុះសង្ឃរា Irma ត្រូវបាន​ចាត់ទុកជា​ព្យុះ​ចំណាត់​ទី​៥ ដែលជា​កម្រិត​គ្រោះថ្នាក់​បំផុត​ដោយ​ស្ថាប័ន​ព្យាករណ៍​អាកាសធាតុ​អាមេរិក​។ ព្យុះ​ដ៏​ខ្លាំង​នេះ​បាន​វាយប្រហារ​នៅ​ចំ​កោះ​ចំនួន​បួន ដែល​ក្នុងនោះ​ព័រ​តូ​រី​កូ និង​កោះ​អង់​ទី​ហ្គា និង​បា​ប៊ុ​យ​ដា រងគ្រោះ​ជាងគេ មុននឹង​ព្យុះ​នេះ​បន្តដំណើរ​ឆ្ពោះទៅកាន់​ទឹកដី​ឆ្នេរ​ភាគខាងត្បូង​រដ្ឋ Florida របស់​អាមេរិក​។ ព្យុះ Irma បាន​បោកបក់​ដោយ​នាំមក​ជាមួយ​ទឹកភ្លៀង​កម្ពស់​កន្លះ​ម៉ែត្រ​ឯណោះ​។​

​នៅ​ព័រ​តូ​រី​កូ មនុស្ស​យ៉ាងតិច​៨​នាក់​ត្រូវបាន​សម្លាប់ ហើយ​ស្ទើរ​តែមួយ​ចំហៀង​ប្រទេស​គ្មាន​អគ្គិសនី​ប្រើប្រាស់ បន្ទាប់​ព្យុះ Irma បាន​បោកបក់​នៅ​ថ្ងៃទី​៦ ខែកញ្ញា​។ កោះ​អង់​ទី​ហ្គា និង​បា​ប៊ុ​យ​ដា​ក្បែរ​ខាង បាន​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងនេះទៅទៀត​។ នាយករដ្ឋមន្ត្រី​កោះ​នេះ លោក Gaston Browne និយាយថា កោះ​បា​ប៊ុ​យ​ដា ដែលមាន​ប្រជាជន​ជិត​ពីរពាន់​នាក់ ត្រូវបាន​បំផ្លាញ​ស្ទើរ​ទាំងស្រុង​ដោយសារ​ខ្យល់ព្យុះ​មាន​ល្បឿន​ដល់​ទៅ​២៩០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ព្យុះ Irma អាច​ទៅដល់​ឆ្នេរ​នៃ​រដ្ឋ Florida នៅ​ចុង​សប្ដាហ៍​នេះ ដោយ​គេ​រំពឹងថា ព្យុះ​នេះ​អាច​ទម្លាក់ខ្លួន​មក​ត្រឹម​កម្រិត​ទី​បួន​វិញ​។ ការ​ទៅដល់​របស់​ព្យុះ Irma គឺជា​ការវាយប្រហារ​លើ​ក​ទី​ពី​រលើ​ទឹកដី​អាមេរិក ក្រោយ​ព្យុះ Harvey ដែលមាន​កម្រិត​ទី​៥ ទើបបាន​បង្ក​មហន្តរាយ​នៅ​រដ្ឋ Texas ។ អាមេរិក​ក៏បាន​ចាប់ផ្ដើម​ជម្លៀស​ប្រជាជន​បណ្ដើរ​ហើយ​ដែរ មុន​ព្យុះ​វាយប្រហារ​នោះ​។

​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ ព្យុះ Irma នឹង​ចាកចេញ​ទៅកាន់​រដ្ឋ Florida នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត ប៉ុន្តែ​ព្យុះ​ថ្មី​ពីរ​ទៀត​កំពុង​កកើត​ខ្លួន​នៅ​តំបន់​កា​រ៉ា​អ៊ី​ប​នេះ​។ ព្យុះ Katia បាន​លេច​ជា​រូប​ហើយ​នៅ​ឈូង​សមុទ្រ​ម៉ិ​ក​ស៊ិ​កនៅ​ថ្ងៃទី​៦ ខែកញ្ញា និង​មាន​ចំណាត់​ទី​១​នៅឡើយ​។ ព្យុះ​នេះ​នឹង​បង្ក​ជា​ភ្លៀង​ធ្លាក់​នៅ​ម៉ិ​ក​ស៊ិ​កនៅ​ចុង​សប្ដាហ៍​នេះដែរ ដោយ​អាចធ្វើ​ឲ្យ​មាន​ទឹកភ្លៀង​កម្ពស់​២៥​សង្ទីម៉ែត្រ​ទៀតផង​។ ព្យុះ Katia អាច​បង្ក​ជា​ទឹកជំនន់​ដ៏​ខ្លាំង និង​ការបាក់​ដី​ផងដែរ​។​

​ព្រម​គ្នា​នេះដែរ ព្យុះ Jose ក៏​លេច​ជា​រូបរាង​នៅ​តំបន់​សមុទ្រ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ខណៈដែល​ព្យុះ Irma មិនទាន់​ឆ្លង​ផុត​តំបន់​នេះ​ផង​។ ដូច Katia ដែរ ព្យុះ Jose ស្ថិតនៅ​ដំណាក់កាល​ដំបូង​នៅឡើយ ដោយមាន​ល្បឿន​ខ្យល់​៧៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ព្យុះ​កម្រិត​មួយ​នេះ នឹង​ចូលដល់​តំបន់​កា​រ៉ា​អ៊ី​ប បន្ទាប់ពី​ព្យុះ Irma ប៉ុន្តែ​ទំនងជា​មិន​បង្ក​មហន្តរាយ​ធ្ងន់ធ្ងរ​ពេក​ឡើយ​៕


Tag:
 កា​រ៉ា​អ៊ី​ប​
  អាមេរិក​
  Irma
© រក្សាសិទ្ធិដោយ thmeythmey.com