អន្តរជាតិ
​អាមេរិក​ស្នើ​ឲ្យ​មី​យ៉ាន់​ម៉ា​ទប់ស្កាត់​ហិង្សា​ប្រឆាំង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​នៅ​រដ្ឋ Rakhine
08, Sep 2017 , 9:19 pm        
រូបភាព
​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​បានស្នើ​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បញ្ឈប់​ហិង្សា​ប្រឆាំង​ជន​ស៊ីវិល និង បើកផ្លូវ​ឲ្យ​ក្រុមការងារ​មនុស្សធម៌​បញ្ជូន​ជំនួយ​ទៅកាន់​រដ្ឋ Rakhine ដែល​បន្ត​រងគ្រោះ​ដោយ​ការប្រយុទ្ធ​គ្នា​រវាង​កម្លាំង​សន្តិសុខ និង​ក្រុម​បះបោរ​នោះ​។ អាមេរិក​ក៏បាន​ថ្កោលទោស​ភាគី​ទាំងសងខាង​ទាំង​យោធា​និង​ក្រុម​ឧទ្ទាម​ពាក់ព័ន្ធ​ការបង្ក​គ្រោះថ្នាក់​ដល់​ជន​ស៊ីវិល​នោះ​។​



​ស្រប​ពេលដែល​ស្ថានការណ៍​វិបត្តិ​នៅ​រដ្ឋ Rakhine កាន់តែ​ធ្ងន់ធ្ងរ​នោះ សហរដ្ឋអាមេរិក​បាន​ចេញមុខ​ស្នើ​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បើកផ្លូវ​ឲ្យ​ក្រុមការងារ​មនុស្សធម៌​បំពេញ​ប្រតិបត្តិការ​ចែកចាយ​ជំនួយ​ដល់​ជនរងគ្រោះ​នៅ​រដ្ឋ Rakhine.

​ទីភ្នាក់ងារ​ព័ត៌មាន APF ផ្សាយ​ថា សហរដ្ឋអាមេរិក​ព្រួយបារម្ភ​ខ្លាំង​ពី​ស្ថានការណ៍​ធ្ងន់ធ្ងរ​នៃ​វិបត្តិ ហើយ​អាមេរិក​រំពឹងថា​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​នឹង​ដោះស្រាយ​បញ្ហា​ជំនួយ​មនុស្សធម៌​ឲ្យ​បាន​រហ័ស​ព្រោះ​ជន​ស៊ីវិល​ដែល​រងគ្រោះ​កើនឡើង​ខ្លាំង​។ បច្ចុប្បន្ននេះ​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា ១៦៤០០០​នាក់​បាន​ភៀសខ្លួន​ទៅកាន់​ទឹកដី​បង់​ក្លា​ដែ​ស​ចាប់​ពីថ្ងៃ ២៥​ខែសីហា​មក​នោះ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​លោកស្រី Heather Nauert បានបញ្ជាក់​ដូច្នេះ​៖ « វា​មានការ​ភៀសខ្លួន​របស់​ប្រជាជន​ច្រើន​គួរ​ឲ្យ​បារម្ភ​ក្រោយ​មានការ​ចោទប្រកាន់ថា ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​កើតឡើង រួមទាំង​ការដុត​ភូមិ​អ្នកស្រុក និង​អំពើហិង្សា​ប្រឆាំង​ជន​ស៊ីវិល​បង្កឡើង​ដោយ​ក្រុម​ប្រដាប់អាវុធ និង​ទាហាន​រដ្ឋាភិបាល​»​។​

​តំណាង​រដ្ឋាភិបាល​អាមេរិក​រូបនេះ​បាន​បន្តថា​៖« យើង​ក៏​ថ្កោលទោស​ការវាយប្រហារ​លើ​កម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា​ជាថ្មី ប៉ុន្តែ​យើង​ក៏​ចូលរួម​ជាមួយ​សហគម​ន៍​អន្តរជាតិ​ដើម្បី​ស្នើ​ឲ្យ​កងសន្តិសុខ​ទប់ស្កាត់​ឲ្យ​បាន​រាល់​ការវាយប្រហារ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាជន​ដែរ​»​។​

​សហរដ្ឋអាមេរិក​ស្នើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោ ដោះស្រាយ​វិបត្តិ​មនុស្សជាតិ​ដ៏​ធ្ងន់ធ្ងរ ដូច​បណ្តា​ប្រទេស​ដទៃ និង​អង្គការសិទ្ធិមនុស្ស​ដទៃ​ទៀត​ដែរ​។  ប៉ុន្តែ​គេ​មិនដឹងថា រដ្ឋាភិបាល​ស៊ីវិល​មី​យ៉ាន់​ម៉ា​នឹងមាន​ដំណោះស្រាយ​បែបណា​ទៀតឡើយ ព្រោះ​បច្ចុប្បន្ន​គេ​មិនឃើញ​មាន​ចំណាត់ការ​ដុំកំភួន​ត្រូវបាន​ដាក់ចេញ​ឡើយ​។​

​រដ្ឋាភិបាល​នេះ​បាន​ប្រឹងប្រែង​ការពារ​ទង្វើ​របស់ខ្លួន​នៅក្នុង​រដ្ឋ Rakhine ក្រោមលេស​កម្ចាត់​ក្រុម​បះបោរ ខណៈដែល​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​អះអាងថា ទាហាន​មី​យ៉ាន់​ម៉ា​វាយប្រហារ​លើ​ជន​ស៊ីវិល​ជាពិសេស​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​។ គេ​សង្ឃ័​យ​ថា មី​យ៉ាន់​ម៉ា​កំពុង​ប្រើប្រាស់​វិធី​ផ្សៃ​ព្រៃ​នេះ​ដើម្បី​បណ្តេញ​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​ជា​ជនជាតិភាគតិច​គ្មាន​សញ្ជាតិ​ចេញ​ព្រោះ​ពួកគេ​បន្ត​ចាត់ទុក​ជនជាតិភាគតិច​នេះ​ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់​៕


Tag:
 អាមេរិក​
  រ៉ូ​ហ៊ីង​យ៉ា​
  Heather Nauert
© រក្សាសិទ្ធិដោយ thmeythmey.com