ជាតិ
ម្ចាស់ខេមបូឌាដេលី សុំអន្តរាគមន៍ពីសម្តេច ហ៊ុន សែន
09, Sep 2017 , 8:35 pm        
រូបភាព
 លោកស្រី Deborah Krisher Steele ម្ចាស់កាសែត The Cambodia Daily បានសុំអន្តរាគមន៍ពីសម្តេច ហ៊ុន សែន ឲ្យជួយដោះស្រាយបញ្ហារវាងកាសែតThe Cambodia Daily  ជាមួយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីបើកលទ្ធភាពឲ្យកាសែតដែលមានអាយុ២៤ឆ្នាំនេះ អាចបើកដំណើរការឡើងវិញ។



លោកស្រី Deborah Krisher Steele ម្ចាស់កាសែត The Cambodia Daily បានសុំអន្តរាគមន៍ពីសម្តេច ហ៊ុន សែន ឲ្យជួយដោះស្រាយរឿងប្រាក់ពន្ធ រវាងកាសែតខ្លួន ជាមួយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីបើកលទ្ធភាពឲ្យកាសែតដែលមានអាយុ២៤ឆ្នាំនេះ អាចបើកដំណើរការឡើងវិញ។ នេះបើយោងតាមលិខិតដែលបានចុះផ្សាយដោយ សារព័ត៌មាន fresh News និងគេហទំព័រដើមអំពិល នៅថ្ងៃទី៩ ខែកញ្ញា។ តាមរយៈលិខិតចុះថ្ងៃទី៩ ខែកញ្ញា ពីក្រុងតូក្យូ លោកស្រី Deborah Krisher Steele បានសរសេរដូច្នេះ៖««ខ្ញុំសង្ឃឹមថា សម្តេចតេជោ ពិតជាអាចជួយដោះស្រាយបញ្ហា រវាងព្រឹត្តិបត្រខេមបូឌា ដេលី ជាមួយនឹងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីព្រឹត្តិបត្រខេមបូឌាដេលី អាចដំណើរការរបស់ខ្លួន​ឡើងវិញបាន»។

ម្ចាស់កាសែត The Cambodia Daily ក៏បានបញ្ជាក់ផងដែរថា ការបិទកាសែត The Cambodia Daily  គ្មានពាក់ព័ន្ធបន្តិចសោះឡើយជាមួយនឹងរឿងនយោបាយ។ លោកស្រីសោកស្តាយ ចំពោះការអត្ថធិប្បាយនានាដែល​ចាត់ទុកការបិទកាសែតអាយ២៤ឆ្នាំនេះ ភ្ជាប់នឹងរឿងនយោបាយនាពេលកន្លងមកនោះ។ ទន្ទឹមនឹង ម្ចាស់កាសែត The Cambodia Daily ដដែល 
ក៏បានបញ្ជាក់បន្ថែមទៀតថា លោកស្រី និងឪពុកគ្មានបំណងគេចវេសពីការទទួលខុសត្រូវ ចំពោះច្បាប់ពន្ធដារ និងច្បាប់នានារបស់កម្ពុជានោះឡើយ។

សូមបញ្ជាក់ថា កាសែត ភាសាអង់គ្លេស និងភាសាខ្មែរ The Cambodia Daily នៅថ្ងៃទី៤ ខែកញ្ញាកន្លងទៅបានបិទទ្វារដោយខ្លួនឯង ពោលគឺបិទមុនមួយថ្ងៃ នៃឱសានវាទនៃការកំណត់ឲ្យបង់ប្រាក់ពន្ធ ចំនួន៦លាន ៣សែនដុល្លារ ដោយអគ្គនាយកដ្ឋានពន្ធដារ ៕
 



© រក្សាសិទ្ធិដោយ thmeythmey.com