អន្តរជាតិ
កូរ៉េខាងជើង​ជប់លៀង​ជោគជ័យ​ការសាកល្បង​គ្រាប់​អ៊ីដ្រូសែន ឯ​អាមេរិក​រក​ផ្លូវ​ដាក់ទណ្ឌកម្ម​បន្ថែម​
10, Sep 2017 , 8:19 pm        
រូបភាព
​កូរ៉េខាងជើង​បានរៀបចំ​ពិធីជប់លៀង​ដ៏​ធំ​មួយ ដើម្បី​អបអរ​ជោគជ័យ​ក្នុងការ​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​កាលពី​សប្ដាហ៍​មុន​។ មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ចាត់ទុក​ការសាកល្បង​នេះ គឺជា​ជោគជ័យ​ដ៏​ត្រចះត្រចង់​សម្រាប់​ប្រទេសជាតិ និង​បាន​សរសើរ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ដែល​រួមចំណែក​ក្នុង​កិច្ចការ​នេះដែរ​។ នៅឯ​ក្រុង​ញូវយ៉ក​ឯណោះ​វិញ អាមេរិក​កំពុង​រក​ផ្លូវ​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ជុំវិញ​ការសាកល្បង​លើក​នេះ​។​



​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បានបង្ហាញ​វត្តមាន​ក្នុង​ពិធីជប់លៀង​អបអរ​ការធ្វើ​តេស្ត​គ្រាប់បែក​អ៊ីដ្រូសែន​ដោយ​ជោគជ័យ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ផ្សាយ​នៅ​ថ្ងៃទី​១០ ខែកញ្ញា​នេះ ដោយ​បន្តថា លោក គីម ជុង​អ៊ុន បាន​កោតសរសើរ​មន្ត្រី​យោធា និង​អ្នកវិទ្យាសាស្ត្រ​កូរ៉េខាងជើង ដែល​ប្រឹងប្រែង​ធ្វើ​ឲ្យ​ការសាកល្បង​គ្រាប់​អ៊ីដ្រូសែន​ពេលនេះ ទទួលបាន​ជោគជ័យ​អស្ចារ្យ​។​

​កូរ៉េខាងជើង​បាន​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​កាលពី​ថ្ងៃទី​៣ ខែកញ្ញា នៅឯ​ទីតាំង​សាកល្បង Punggye-ri ។ វា​ជាការ​សាកល្បង​លើក​ទី​៦ របស់​កូរ៉េខាងជើង និង​ត្រូវបាន​ចាត់ទុកជា​គ្រាប់បែក​ដែលមាន​កម្លាំង​ខ្លាំង​ជាង​ការសាកល្បង​លើក​មុនៗ​។ កូរ៉េខាងជើង​និយាយថា គ្រាប់បែក​អ៊ីដ្រូសែន​នេះ​ត្រូវបាន​ផលិត​ដោយ​អ្នកវិទ្យាសាស្ត្រ​ក្នុងស្រុក​សុទ្ធសាធ ហើយ​អាច​បំពាក់​លើ​មី​ស៊ី​ល​រំលង​ទ្វីប​ដែល​អាច​បាញ់​ដល់​ទឹកដី​អាមេរិក​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ពិធីជប់លៀង​ខាងលើ​អាច​រៀបចំ​នៅ​ថ្ងៃទី​៩ ខែកញ្ញា ដែលជា​ទិវា​លើក​ទី​៦៩ នៃ​ការបង្កើត​របប​ដឹកនាំ​កូរ៉េខាងជើង​។ ការសាកល្បង​ចុងក្រោយ​នេះ បង្ក​ជា​ភាព​តានតឹង​នៅក្នុង​តំបន់ ខណៈដែល​អាមេរិក​ឯណោះ​កំពុង​រក​ផ្លូវ​ដាក់ទណ្ឌកម្ម​ថ្មីៗ​ទៀត​។ ក្រុង​វ៉ាស៊ីនតោន​ចង់​កាត់ផ្ដាច់​ការផ្គត់ផ្គង់​ប្រេង​ទៅកាន់​កូរ៉េខាងជើង ក៏ដូចជា​បង្កក​ទ្រព្យសម្បត្តិ​របស់លោក គីម ជុង​អ៊ុន ទៀត​។​

​នៅ​ថ្ងៃទី​៨ ខែកញ្ញា តំណាង​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ និយាយថា​ខ្លួន​មានបំណង​កោះប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​នៅ​ថ្ងៃទី​១១ ខែកញ្ញា ដើម្បី​អនុម័ត​លើ​ទណ្ឌកម្ម​ដែល​ខ្លួន​បានរៀបចំ​ជាស្រេច​។ បន្ថែម​ពីលើ​នេះ អាមេរិក​ក៏​ចង់​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​លើ​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​របស់​កូរ៉េខាងជើង សំដៅ​កាត់ផ្ដាច់​ប្រភព​ហិរញ្ញវត្ថុ​របស់​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​។​

​យ៉ាងណាក្ដី ចិន និង​រុស្ស៊ី ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង ទំនងជា​បោះឆ្នោត​ប្រឆាំង​សំណើ​ទណ្ឌកម្ម​ថ្មី​ទាំងអស់​របស់​អាមេរិក លើកលែងតែ​ការ​ទណ្ឌកម្ម​លើ​វិស័យ​វាយ​ន​ភណ្ឌ​ប៉ុណ្ណោះ​។ តាំងពីដើម​មក ចិន និង​រុស្ស៊ី មិន​ពេញចិត្ត​ការដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ឡើយ ដោយ​អះអាងថា​ជា​រឿង​គ្មាន​បានការ​។ ប៉ុន្តែ​ទង្វើ​គឃ្លើន​របស់​កូរ៉េខាងជើង ក៏​បង្ខំ​ឲ្យ​មហាអំណាច​ទាំងពីរ​បោះឆ្នោត​ស្របតាម​ការចង់បានរ​បស់​អាមេរិក​ដែរ​៕


Tag:
 កូរ៉េខាងជើង​
  អាមេរិក​
  នុយក្លេអ៊ែរ​
© រក្សាសិទ្ធិដោយ thmeythmey.com