អន្តរជាតិ
កូរ៉េខាងជើង​ព្រមាន​អាមេរិក បើ​ហ៊ាន​ដាក់ទណ្ឌកម្ម​ហួសហេតុ​លើ​ខ្លួន​
11, Sep 2017 , 7:39 pm        
រូបភាព
ដោយ:
​បន្ទាប់ពី​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​ប្រាំមួយ អាមេរិក​កំពុង​ស្វែងរក​ផ្លូវ​ដាក់ទណ្ឌកម្ម​ថ្មី​លើ​រដ្ឋ​កុម្មុយនីស្ដ​នេះ​។ ចំណែកឯ​កូរ៉េខាងជើង​វិញ​ក៏បាន​ព្រមាន​ថា បើ​អាមេរិក​នៅតែ​បន្ត​ដាក់ទណ្ឌកម្ម​តឹងរ៉ឹង​លើ​ប្រទេស​ខ្លួន​ទៀត អាមេរិក​នឹង​ទទួលបាន​ការឈឺចាប់​យ៉ាង​ស័​ក្ត​សម​ទង្វើ​របស់ខ្លួន​មិន​ខាន​។​



​នៅ​ថ្ងៃទី​១១ ខែកញ្ញា កូរ៉េខាងជើង​បាន​ព្រមាន​ថា អាមេរិក​នឹង​ទទួលបាន​ការឈឺចាប់​មិន​ធ្លាប់មាន បើ​អាមេរិក​បន្ត​ដាក់ទណ្ឌកម្ម​ធ្ងន់ៗ​ហួសហេតុ​លើ​ខ្លួន​ទៀត​។ ការព្រមាន​នេះ​កើតឡើង​ស្រប​ពេលដែល​អាមេរិក​កំពុង​ស្វែងរក​ទណ្ឌកម្ម​ថ្មី​ដើម្បី​បន្ថែម​សម្ពាធ​លើ​កូរ៉េខាងជើង​តាមរយៈ​ក្រុមប្រឹក្សាសន្តិសុខ បន្ទាប់ពី​រដ្ឋ​កុ​ម្មុនី​យ​ស្ដ​នេះ​បាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​៦​។​

​ក្នុង​កិច្ចប្រជុំ​ស្ដីពី​សេចក្ដីសម្រេច​ថ្មី​លើ​កូរ៉េខាងជើង អាមេរិក​ស្នើ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​យល់ព្រម​លើ​ទណ្ឌកម្ម​ថ្មី​ដែល​ខ្លួន​មានបំណង​ដាក់​លើ​ក្រុង​ព្យុងយ៉ាង ទោះ​រង​ការប្រឆាំង​ពី​ចិន​និង​រុស្សី​ក្ដី​។ ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក​សម្រាប់​កូរ៉េខាងជើង​រួមមាន បង្កក​ទ្រព្យសម្បត្តិ​លោក​គីម ជុង​អ៊ុន ហាមឃាត់​ការនាំចេញ​វាយ​ន​ភណ្ឌ ការបញ្ឈប់​ការផ្គត់ផ្គង់​ប្រេង និង​ការផ្ដល់​បៀវត្ស​ដល់​ពលករ​កូរ៉េខាងជើង​ផង​។​

​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ស្រង់​សម្ដី​ក្រសួងការបរទេស​កូរ៉េខាងជើង​ដូច្នេះ​ថា​៖ «​បើ​អាមេរិក​នៅតែ​បន្ត​ដាក់ទណ្ឌកម្ម​តឹងរ៉ឹង​ហួសហេតុ​លើ​កូរ៉េខាងជើង​ទៀត ក្រុង​ព្យុង​យ៉ាងច្បាស់​ជា​ឲ្យ​អាមេរិក​ទទួលបាន​វិញ​នូវ​ការឈឺចាប់​ដ៏​ខ្លាំងក្លា​បំផុត​។ ចំណាត់ការ​ថ្មី​កូរ៉េខាងជើង​នឹងធ្វើ​ឲ្យ​អាមេរិក​រង​ការឈឺចាប់​ដូចនឹង​ការឆ្លងកាត់​កន្លងមក ហើយ​ពិភពលោក​នឹង​បាន​ឃើញថា​កូរ៉េខាងជើង​អាច​បង្ក្រាប​អាមេរិក​ដោយ​ចំណាត់ការ​ដ៏​តឹងរ៉ឹង​របស់ខ្លួន​បែបណាខ្លះ​»​។​

​ជុំវិញ​បញ្ហា​នេះ ក្រុង​ព្យុងយ៉ាង​អះអាង​ច្រើនលើក​ច្រើន​ហើយ​ថា ខ្លួន​ត្រូវការ​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ការពារ​ខ្លួន​ប៉ុណ្ណោះ ប៉ុន្តែ​បែរជា​ត្រូវ​អាមេរិក​ចោទថា​ចង់​ប្រកាសសង្គ្រាម​ទៅវិញ​។ នៅក្នុង​ពិធីជប់លៀង​អបអរ​ជោគជ័យ​ការបាញ់​គ្រាប់បែក​អ៊ីដ្រូសែន​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​សរសើរ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ទាំងអស់ ហើយ​ថែមទាំង​ជំរុញ​ឲ្យ​ពួកគេ​ផលិត​អាវុធ​បន្ថែមទៀត​ផងដែរ​។​

​សូម​រម្លឹក​បន្តិច​ថា កាលពី​ថ្ងៃទី​៣​ខែកញ្ញា កូរ៉េខាងជើង​បាន​ជោគជ័យ​ក្នុង​ការបាញ់​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​ដែលជា​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​៦​របស់ខ្លួន ហើយ​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​សំណាក់​អន្តរជាតិ​យ៉ាងខ្លាំង​។ អាមេរិក​ក៏​ស្នើ​កិច្ចប្រជុំ​បន្ទាន់​នៅ​ក្រុមប្រឹក្សាសន្តិសុខ​ដើម្បី​អនុម័ត​ទណ្ឌកម្ម​ថ្មី​ដែល​ខ្លួន​ត្រៀម​រួចជាស្រេច​៕


Tag:
 កូរ៉េខាងជើង​
  អាមេរិក​
  ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com