អន្តរជាតិ
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ចោទ​ក្រុមប្រឆាំង​ថា​ប្រើ​សារព័ត៌មាន​អាមេរិក​ដើម្បី​បំបាក់​មុខមាត់​ប្រទេសជាតិ​
11, Sep 2017 , 5:03 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ណា​ជីប រ៉ា​ហ្សា​ក់ បាន​រិះគន់​ក្រុម​បក្សប្រឆាំង និង​សម្ព័ន្ធមិត្ត​របស់​ពួកគេ ដែល​បាន​ប្រើប្រាស់​សារព័ត៌មាន​បរទេស វាយប្រហារ​មុខមាត់​ប្រទេសជាតិ​។ ដោយ​ទាត់ចោល​ការចោទប្រកាន់​ថា​ម៉ាឡេស៊ី​កំពុង​ឈានទៅរក​របប​ផ្ដាច់ការ លោក ណា​ជីប និយាយថា ប្រជាធិបតេយ្យ​កំពុង​លូតលាស់​ពេញលេញ​នៅ​ម៉ាឡេស៊ី ហើយ​ប្រជាជន​ទាំងអស់ រួមទាំង​ក្រុមប្រឆាំង​ផង សុទ្ធ​តែមាន​សិទ្ធិសេរីភាព​បញ្ចេញមតិ​ដោយ​គ្មាន​ការ​រឹតត្បិត​អ្វី​ទេ​។



​នៅមុន​ដំណើរ​ទៅកាន់​អាមេរិក ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី ណា​ជីប រ៉ា​ហ្សា​ក់ បាន​និយាយ​ពី​ការរីកចម្រើន​លទ្ធិប្រជាធិបតេយ្យ​នៅ​ម៉ាឡេស៊ី ក្រោម​ការដឹកនាំ​របស់​លោក ខណៈដែល​ក្រុមប្រឆាំង​និយាយថា​ម៉ាឡេស៊ី​កំពុងស្ថិត​លើផ្លូវ​ទៅកាន់​របប​ផ្ដាច់ការ​។ លោក ណា​ជីប ក៏បាន​ចោទ​ក្រុមប្រឆាំង និង​បក្សពួក​ថា​បាន​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក ដើម្បី​បង្ខូច​មុខមាត់​ប្រទេសជាតិ ខណៈដែល​ពួកគេ​អាច​និយាយស្ដី​គ្រប់យ៉ាង​។ 

​លោក ណា​ជីប ត្រូវ​ទស្សនកិច្ច​នៅ​អាមេរិក ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៣ ខែកញ្ញា តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ នៅមុន​ទស្សនកិច្ច​នេះ សារព័ត៌មាន​អាមេរិក​មួយចំនួន​បាន​សរសេរ​វាយប្រហារ​រដ្ឋាភិបាលរ​បស់​លោក​ដូចជា​ករណី​ពុករលួយ និង​ការបាត់បង់​ប្រជាធិបតេយ្យ​នៅ​ម៉ាឡេស៊ី​ជាដើម​។ លោក ណា​ជីប និយាយថា ក្រុមប្រឆាំង​គឺជា​អ្នក​នៅ​ពីក្រោយ​ព័ត៌មាន​ទាំងនេះ ដែល​លោក​យល់ថា​ជាការ​បំបាក់មុខ​ជាតិ​។​

​ឆ្លើយតប​ការ​ចោទ​របស់​ក្រុមប្រឆាំង នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​រូបនេះ​បាន​សរសេរ​លើ​ប្លុក (Blog) របស់លោក​ថា ការចោទប្រកាន់ ឬ​ការនិយាយ​រិះគន់​រដ្ឋាភិបាល​ខ្លាំងៗ និង​ជា​ចំហ​ពី​សំណាក់​ក្រុមប្រឆាំង គឺជា​ភស្តុតាង​បង្ហាញ​ពី​ការដើរ​ទៅមុខ​នៃ​ប្រជាធិបតេយ្យ និង​ការរីក​ច​ម្រើ​នៃ​សេរីភាព​បញ្ចេញមតិ​ដែល​ប្រជាជន​ម៉ាឡេស៊ី​មាន​។ លោក​បន្តថា រដ្ឋាភិបាល​លោក​ក៏មាន​ការជឿជាក់​លើ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​នៃ​ការនិយាយស្ដី​របស់​ប្រជាជន​។​

​បើតាម​មេដឹកនាំ​ម៉ាឡេស៊ី​រូបនេះ លទ្ធិប្រជាធិបតេយ្យនៅ​ម៉ាឡេស៊ី​ក្រោម​ការដឹកនាំ​របស់លោក មាន​លក្ខណៈ​ល្អប្រសើរ​ជាងគេ​ចាប់តាំងពី​ការទទួលបាន​ឯករាជ្យ​មក​។ លោក ណា​ជីប បាន​លើក​ឧទាហរណ៍​ដូចជា​ការកែប្រែ​ច្បាប់​សន្តិសុខ​ផ្ទៃក្នុង និង​ការលុបចោល​ច្បាប់​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន ដែល​ត្រូវបាន​ប្រើប្រាស់​អស់​ពេល​៦០​ឆ្នាំ​មកហើយ​នោះ ជា​សញ្ញា​នៃ​ការ​ទៅមុខ​នៃ​ប្រជាធិបតេយ្យ​នៅ​ម៉ាឡេស៊ី​។​

​លើសពីនោះ លោក ណា​ជីប ក៏បាន​រិះគន់​អតីត​នាយករដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់ ដែលជា​អតីត​មេ​កើយ​របស់លោក តែ​បច្ចុប្បន្ន​ក្លាយជា​អ្នក​រិះគន់​លោក​មិន​សំចៃមាត់​ឡើយ​។ លោក ណា​ជីប អះអាងថា លោក មហា​ធៀ ដែល​កាន់តំណែង​អស់​ពេល​២២​ឆ្នាំ បាន​សារភាព​នាពេល​កន្លង​មកពី​ការដឹកនាំ​បែប​ផ្ដាច់ការ​របស់ខ្លួន ដោយ​មនុស្ស​ជាច្រើន​ត្រូវបាន​ចាប់ឃុំខ្លួន​ដោយសារតែ​ច្បាប់​សន្តិសុខ​ផ្ទៃក្នុង ដែល​លោក​ផ្ទាល់​ជា​អ្នក​កែប្រែ​ពេល​ក្រោយនេះ​៕ 


Tag:
 ម៉ាឡេស៊ី​
  អាមេរិក​
  ណា​ជីប រ៉ា​ហ្សា​ក់
© រក្សាសិទ្ធិដោយ thmeythmey.com