អន្តរជាតិ
នាយករដ្ឋមន្ត្រី ណា​ជីប ៖ សត្រូវ​របស់​អាមេរិក ក៏​ជាស​ត្រូវ​របស់​ម៉ាឡេស៊ី​ដែរ​
12, Sep 2017 , 2:10 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ណា​ជីប រ៉ា​ហ្សា​ក់ បាន​និយាយថា ម៉ាឡេស៊ី គឺជា​មិត្ត​គួរ​ឲ្យ​ទុកចិត្ត​សម្រាប់​អាមេរិក ដោយ​អាមេរិក​អាច​ពឹងពាក់​ម៉ាឡេស៊ី​បាន​ក្នុង​ការរក្សា​ស្ថិរភាព និង​សន្តិភាព​នៅ​ជុំវិញ​ពិភពលោក​។ លោក ណា​ជីប និយាយ​បែបនេះ​ពេលទៅដល់​ទឹកដី​អាមេរិក ដើម្បី​ទស្សនកិច្ច​បី​ថ្ងៃ​នៅ​ទីនោះ​តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។

 


​មេដឹកនាំ​ម៉ាឡេស៊ី​បានប្រកាស​ជំហរ​បន្ត​ប្រកៀក​ស្មា​ជាមួយ​អាមេរិក ក្នុងការ​ថែរក្សា​ស្ថិរភាព សន្តិភាព និង​សុខដុម​រម​នីយកម្ម​ក្នុង​សតវត្សរ៍​ទី​២១ នេះ​។ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ណា​ជីប រ៉ា​ហ្សា​ក់ បាន​សរសេរ​ក្នុង​អត្ថបទ​ចុះផ្សាយ​លើ​សារព័ត៌មាន​អាមេរិក The Hill ថា អាមេរិក​អាច​ចាត់ទុក​ម៉ាឡេស៊ី ជា​មិត្តភក្តិ​ស្មោះត្រង់ មិន​ប្រែប្រួល ហើយ​ម៉ាឡេស៊ី​អាច​ចាប់ដៃ​ជាមួយ​អាមេរិក​ក្នុងការ​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​និយម​ដែរ​។​

​លោក ណា​ជីប ដែល​កំពុងស្ថិត​លើទឹក​ដី​អាមេរិក បាន​និយាយថា សត្រូវ​របស់​អាមេរិក ដែល​ប្រើប្រាស់​សាសនា​ឥស្លាម​ដើម្បី​បុព្វហេតុ​ផ្ទាល់ខ្លួន ក៏​ជាស​ត្រូវ​របស់​ម៉ាឡេស៊ី​ដែរ​។ ពោល គឺ​ម៉ាឡេស៊ី​មានការ​ប្ដេជ្ញាចិត្ត​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ជ្រុលនិយម និង​ភេរវកម្ម​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​ម៉ាឡេស៊ី The Malay One Online ដែល​បន្តថា លោក ណា​ជីប នឹង​ជួប​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១២ ខែកញ្ញា ដើម្បី​ពិភាក្សា​ទំនាក់ទំនង​ទ្វេភាគី​។​

​ជុំវិញ​ចំណង​ការទូត​ទ្វេភាគី​រយៈពេល​៦០​ឆ្នាំ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​រូបនេះ​អះអាងថា​ទំនាក់ទំនង​រវាង​ម៉ាឡេស៊ី និង​អាមេរិក មិន​មែនមាន​ត្រឹមតែ​ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​ទេ តែ​ឈានដល់​ការធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នយោបាយ អប់រំ សន្តិសុខ ក៏ដូចជា​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​ផងដែរ​។ លើសពីនេះ លោក ណា​ជីប ចាត់ទុក​ការ​រួមដៃគ្នា​ប្រយុទ្ធប្រឆាំង​ក្រុម​ភេរ​វករ គឺជា​ឧទាហរណ៍​ដ៏​ល្អ​បង្ហាញ​ពី​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ​។​

​ជា​សារ​បង្ហាញ​ពី​ជំហរ​ងាក​ទៅរក​អាមេរិក លោក ណា​ជីប ដែល​រង​ការចោទប្រកាន់ថា​កំពុង​ដឹកនាំ​ម៉ាឡេស៊ី​ទៅកាន់​របប​ផ្ដាច់ការ រំពឹង​ដែរ​ថា ទំនាក់ទំនង​ទ្វេភាគី​ដែល​កំពុង​ល្អ​ស្រាប់ នឹង​កាន់តែ​រឹងមាំ​បន្ថែមទៀត​អំឡុងពេល​ទស្សនកិច្ចរ​ប​ស់លោក​។ ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ក៏បាន​ធានាថា ម៉ាឡេស៊ី​នឹង​បន្ត​ឈរ​ជាមួយ​អាមេរិក​ក្នុង​យុទ្ធនាការ​បោសសម្អាត​ក្រុម​ភេរវ​ករ​ជ្រុលនិយម​ដែល​ព្យាយាម​បំផ្លិចបំផ្លាញ​តម្លៃ​មនុស្សជាតិ​។​

«​ប្រសិនបើ​អាមេរិក​មានបំណង​ស្វែងរក​ដៃគូ​សម្រាប់​សន្តិភាព និង​ស្ថិរភាព​នៅពេល​ខាងមុខ​នោះ អាមេរិក​មាន​ម៉ាឡេស៊ី​ដែលជា​មិត្តភក្តិ​ដ៏​ស្មោះត្រង់​បំផុត​»​។ នេះ​ជាការ​សន្យា​របស់​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ដែល​នៅតែ​ចង់​ក្រសោប​អាមេរិក​ដដែល ទោះជា​កន្លងមក ម៉ាឡេស៊ី​ហាក់​បោះដៃ​ទៅរក​ចិន​ខ្លាំង​ជាង​អាមេរិក​ក៏ដោយ​៕


Tag:
 ម៉ាឡេស៊ី​
  អាមេរិក​
  ណា​ជីប រ៉ា​ហ្សា​ក់
© រក្សាសិទ្ធិដោយ thmeythmey.com