អន្តរជាតិ
កូរ៉េខាងជើង​គំរាម​បាញ់​ពន្លិច​ជប៉ុន​ឲ្យ​បាត់​ក្នុង​សមុទ្រ​ហើយ​អាមេរិក​នឹង​ក្លាយជា​ផេះ​
15, Sep 2017 , 8:59 am        
រូបភាព
ដោយ:
នៅ​ថ្ងៃទី​១៤​ខែកញ្ញា កូរ៉េខាងជើង​បាន​គំរាមថា​ខ្លួន​នឹង​បាញ់​នុយក្លេអ៊ែរ​ពន្លិច​ជប៉ុន ហើយ​កម្ទេច​អាមេរិក​ឲ្យ​ក្លាយជា​ផេះ​។ គណៈកម្មការ​សន្តិភាព​អាស៊ី​ប៉ាស៊ីហ្វិក​របស់​ក្រុង​ព្យុងយ៉ាង បាន​អះអាងថា កូរ៉េខាងជើង​នឹង​រៀបចំ​សងសឹក​អាមេរិក​ចាប់ពីពេលនេះ​ទៅដោយ​កម្ទេច​អាមេរិក​ឲ្យ​ទៅជា​ផេះ ហើយ​មិនយូរ​ទៀត​ទេ ជប៉ុន​នឹង​លិចទៅ​ក្នុង​សមុទ្រ​ដែរ​ហើយ ព្រោះ​ហ៊ាន​គាំទ្រ​ការដាក់ទណ្ឌកម្ម​ថ្មី​លើ​ខ្លួន​។​



​បន្ទាប់ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បានចេញ​សេចក្ដីសម្រេច​ថ្មី​លើ​កូរ៉េខាងជើង នៅ​ថ្ងៃទី​១១ ខែកញ្ញា កូរ៉េខាងជើង​បាន​ព្រមាន​ថា ជប៉ុន​មិនយូរ​ទៀត​នោះទេ​នឹងត្រូវ​លិច​ក្នុង​សមុទ្រ​ដោយ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ហើយ​អាមេរិក​នឹង​ក្លាយជា​ផេះ​។ កូរ៉េខាងជើង​គំរាម​បែបនេះ ក៏​ដោយសារតែ​ប្រទេស​ទាំងពីរ​នេះ​បាន​គាំទ្រ​ការដាក់ទណ្ឌកម្ម​ថ្មី​លើ​កូរ៉េខាងជើង​។​

«​ជប៉ុន​គួរតែ​លិច​ចូលក្នុង​សមុទ្រ​ដោយ​អាវុធ​នុយក្លេអ៊ែរ​។ ដូច្នេះហើយ មិនយូរ​នោះទេ ជប៉ុន​នឹងមិន​នៅ​ជិត​យើង​ទៀតឡើយ​។ ចាប់ពីពេលនេះ យើង​ក៏​នឹង​សងសឹក​ដោយ​ធ្វើ​ឲ្យ​អាមេរិក​ក្លាយជា​ផេះ​ដែរ​»​។ នេះ​ជាការ​ប្រកាស​របស់​គណៈ​កម្ម​ការ​សន្តិភាព​ក្រុង​ព្យុងយ៉ាង​នៅ​ថ្ងៃទី​១៤ ដែល​ស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​

​កូរ៉េខាងជើង​ខឹងច្រឡោត​យ៉ាងខ្លាំង​នឹង​ទណ្ឌកម្ម​ថ្មី ហើយ​ក៏បាន​សន្យាថា​បង្កើន​ការអភិវឌ្ឍ​បន្ថែម​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន ថែមទាំង​គំរាម​កម្ទេច​ជប៉ុន កូរ៉េខាងត្បូង​និង​អាមេរិក​ផងដែរ​។ កូរ៉េខាងជើង​ក៏​រិះគន់​ជប៉ុន​ដែល​ស្ដាប់​តាម​បញ្ជា​អាមេរិក​។ កូរ៉េខាងជើង​បាន​រំឭក​សកម្មភាព​របស់​ជប៉ុន​សម័យ​សង្គ្រាម និង​អះអាងថា ជប៉ុន​មិនបាន​សូមទោស​ដោយស្មោះ​ពី​សកម្មភាព​របស់ខ្លួន ដូចនេះ​ជប៉ុន​មិនគួរ​ទទួលបាន​ការលើក​លែង​ទោស​ឡើយ​។​

​ឆ្លើយតប​ការ​គំរាម​របស់​កូរ៉េខាងជើង មន្ត្រី​រដ្ឋាភិបាល​ជប៉ុន លោក Yoshihide Suga បាន​ពាក្យ​គំរាមកំហែង​នេះ​ថា ជា​សកម្មភាព​បង្ក​ការក្ដៅក្រហាយ និង​អាក្រក់​ខ្លាំងណាស់​។ លោក​បន្តថា ការគំរាមកំហែង​រប​ស់​ក្រុង​ព្យុងយ៉ាង​ជា​អ្វី​មិនអាច​ទទួលយកបាន ហើយ​ភាព​តានតឹង​ក្នុង​តំបន់​នឹង​កើនឡើង​។​

​កន្លងមក លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ធ្លាប់បាន​សន្យា​មិន​អនុញ្ញាតិ​ឲ្យ​កូរ៉េខាងជើង​គំរាម​អាមេរិក​ដោយ​អាវុធ​នុយក្លេអ៊ែរ​ទៀតឡើយ​។ អាមេរិក​បានស្នើ​សុំ​ចិន​ដែលជា​សម្ព័ន្ធមិត្ត​កូរ៉េខាងជើង​ឲ្យ​បញ្ឈប់​ក្រុង​ព្យុងយ៉ាង ស្របពេល​ដែល​ចិន​ក៏បាន​គាំទ្រ​សេចក្ដីសម្រេច​ថ្មី​របស់​អង្គការសហប្រជាជាតិ​ផងដែរ​។​

​សូម​រម្លឹក​បន្តិច​ថា ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នៅ​ដើម​សប្ដាហ៍​នេះ​បាន​យល់ព្រម​ជា​ឯកច្ឆន្ទ​ក្នុងការ​ដាក់ទណ្ឌកម្ម​ថ្មី​លើ​កូរ៉េខាងជើង​។ ទណ្ឌកម្ម​ថ្មី​នេះ​រួមមាន​ហាមឃាត់​ការនាំចេញ​វាយ​ន​ភណ្ឌ និង​ការ​កាត់ផ្ដាច់​ការផ្គត់ផ្គង់​ប្រេង​ឆៅ​ផងដែរ​៕


Tag:
 កូរ៉េខាងជើង​
  ជប៉ុន​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com