កីឡាជាតិ
ការ​ប្រកួត​ប្រណាំង​កង់​ឡើង​ភ្នំ​ពានរង្វាន់ ​SMART ឆ្នាំ២០១៣ ចាប់ផ្តើមនៅ​ថ្ងៃទី​២១
19, Apr 2013 , 1:49 pm        
រូបភាព
ដោយ:
ដូច​ឆ្នាំ​កន្លងទៅ​ដែរ កា​ប្រណាំង​កង់​ឡើង​ភ្នំ​ពានរង្វាន់ SMART ឆ្នាំ២០១៣ នឹង​ប្រព្រឹត្ត ទៅ​ចំនួន៥ជុំ លើ​ទីតាំង៥កន្លែងខុសៗគ្នា​ផងដែរ ដោយ​ការប្រណាំង​នៅ​ជុំ​ទី១ នឹងធ្វើ​ឡើង​នៅ ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៣ នៅ​តំបន់​កោះដាច់​ខាងមុខនេះ។



តាមរយ:សន្និសីទ​សារព័ត៌​មាននៅ​ទីស្នាក់ការ​គណ:ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា ព្រឹក​មិញ​នេះ សហព័ន្ធ​ប្រណាំង​ទោចក្រយាន​កម្ពុជា បានប្រកាសថា​ការប្រណាំង​កង់​នៅ​ជុំ​ទី១ នឹងធ្វើ​នៅ​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៣ នៅ​តំបន់​រមណី​ដ្ឋា​ន​កោះដាច់ ដោយ​សង្ឃឹមថា នឹង មាន​កីឡាករ កីឡាការិនី​ជនជាតិខ្មែរ និង​បរទេស​ចូលរួម​ជិត ២០០នាក់ ដោយ​បែង​ចែកជា ៨វិញ្ញាសា (មាន​តាំងពី​អ្នក ចេះ​ជិះ​ដើម្បី​កម្សាន្ត​រហូតដល់​កម្រិត​អាជីព) ខណ:កាលពី​ឆ្នាំ ២០១២ មានតែ១៥០នាក់​ប៉ុណ្ណោះ។
ដោយ​យោងតាម​ប្រសាសន៍​លោក អ៊ីវ ព្យែ​រកា​ទ្រី  អគ្គលេខាធិការរង​សហប័ន្ធ​កីឡា ទោចក្រយាន និង​ជា​អ្នករៀបចំ​កម្មវិធី​នៃ​ការប្រកួត​បាន​ឲ្យ​ដឹងថា ការប្រណាំង​នេះ​ជាការ ប្រណាំង​បែប​ឆ្លងកាត់​ឧបសគ្គ (Cross Country Racing) ជា​ប្រភេទ​វិ​ញ្ញា សា​កីឡា​អូឡាំពិក​នា ឆ្នាំ១៩៩៦ ហើយ​វិញ្ញាសា​ប្រណាំង​កង់​ឆ្លងកាត់​ឧបសគ្គ​នេះ ធ្វើឡើង​នៅលើ​ប្រភេទ​ផ្លូវ​ដែល មាន​ស្ថាន​ភាពលំបាក ចុះ​ទឹក ឆ្លង​អូរ ឡើង​ភ្នំ ចុះ​ភ្នំ ឆ្លងកាត់​ផ្លូវលំ​តូចធំ​ជាដើម តែមាន​សភាព សប្បាយរីករាយ។
លោក​បាន​បន្តទៀតថា សម្រាប់​ការប្រណាំង​នៅ​ជុំ​ទី១ ដែល​ធ្វើឡើង​នៅ​តំបន់​រមណី ដ្ឋា​ន​កោះដាច់ ជា​ប្រភេទ​ផ្លូវ​ដែលមាន​លក្ខណ:លំបាក និង​ងាយស្រួល ដែល​សមស្រប​តាម សមត្ថភាព នៃ​ប្រភេទ​កីឡាករ ម្នាក់ៗ និង​ក្នុង​គោលបំណង​ទាក់ទាញ​កីឡាករ​ឲ្យ​ចូលរួម​ឲ្យ បាន​ច្រើន។
ចំពោះ​កាលវិភាគ​នៃ​ការប្រកួត​រួមមាន
លើក​ទី១  ថ្ងៃទី២១ ខែមេសា ឆ្នាំ ២០១៣ នៅ​កោះដាច់
លើក​ទី២  ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣ នៅ​ខេត្ត​កែប
លើក​ទី៣ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣ នៅ​ព្រែកលៀប
លើក​ទី៤ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៣ នៅ​ភ្នំ​លៀប
លើក​ទី៥ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅ​ភ្នំ​បាសិត៕  

© រក្សាសិទ្ធិដោយ thmeythmey.com