ជាតិ
កម្ពុជា​ត្រៀម​រៀបចំ​សំណើសុំ​ពន្ធ​សេរី​-​កូតា​សេរី​ពី​អាមេរិក សម្រាប់​ផលិត​ស្បែកជើង
17, Sep 2017 , 11:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម បានរៀបចំ​កិច្ចប្រជុំ​មួយ​នៅ​ទី​ស្តី​ក្រសួងពាណិជ្ជកម្ម​កាលពី​ចុង​សប្តាហ៍​កន្លងទៅ ដើម្បី​ត្រៀម​រៀបចំ​សំណើរ​សុំ​ពន្ធ​សេរី​-​កូតា​សេរី​(Duty Free- Quota Free, DFQF) ពី​សហរដ្ឋអាមេរិក​ស​ម្រា​ប់​ផលិតផល​ស្បែកជើង​។

   


​ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា បាន​បើក​កិច្ចប្រជុំ​មួយ ជាមួយ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC) ដើម្បី​រួមគ្នា​ត្រៀមខ្លួន​ក្នុងការ​ស្នើសុំ​ពន្ធ​សេរី​-​កូតា​សេរី​ពី​សហរដ្ឋអាមេរិក សម្រាប់​ផលិតផល​ស្បែកជើង​។ បើ​ការស្នើសុំ DFQF នេះ​សម្រេចបាន   នោះ​នឹង​ផ្តល់​ផលប្រយោជន៍​ជាច្រើន​ដល់​កម្ពុជា និង​បណ្តា​រោងចក្រ​នៅ​កម្ពុជា  ដែលជា​ការបង្កើន​ចង្វាក់​ផលិតកម្ម​ផលិតផល​ស្បែកជើង សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​អាមេរិក​ក្នុង​អាត្រា​ពន្ធ​សូន្យ និង​មិនមាន​កំណត់​កូតា​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួងពាណិជ្ជកម្ម​។  

​លោក ឱក ប៊ុង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​នេះ បាន​ថ្លែងថា  ក្រសួងពាណិជ្ជកម្ម​បាន​នឹង​កំពុង​បន្ត​ទាមទារ​ឲ្យ​អាមេរិក ព​ន្លឿ​ន​ការអនុវត្តន៍​កាតព្វកិច្ច​របស់ខ្លួន ក្នុង​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ដើម្បី​ផ្តល់ DFQF ឲ្យ​បាន​យ៉ាងតិច ៩៧% ដល់​ប្រទេស​ដែលមាន​ការអភិវឌ្ឍន៍​តិចតួច (LDCs) ក្នុងនោះ​រួមមាន​កម្ពុជា​ផង ដូចដែល​ខ្លួន​បាន​សន្យា​ក្នុង​សន្និសីទ​រដ្ឋមន្ត្រី​នៅ​ទីក្រុង​ហុងកុង​កាលពី​ឆ្នាំ​២០០៥​។ 

​បើតាម​លោក ឱក ប៊ុង ច្បាប់​ស្តីពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​អាមេរិក​លើ​ផលិតផល​ស្បែកជើង​ឆ្នាំ​២០១៧ (US’s GSP Footwear Act of ២០១៧) ទើប​ដាក់​ទៅកាន់​សភា​អាមេរិក កាលពី​ខែឧសភា ហើយនឹង​ត្រូវបាន​អនុម័ត​ដោយ​សភា​នេះ នាពេលខាងមុខ បន្ទាប់ពី​ទទួលបាន​សំណើ​ពី​ប្រទេស​ដែល​ពាក់ព័ន្ធ​។

​សហរដ្ឋអាមេរិក​មិនទាន់បាន​បំពេញ​កាតព្វកិច្ច​ពេញលេញ ដល់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​(LDCs)  ដូចដែល​ខ្លួន​បាន​សន្យា នៅក្នុង​សន្និសីទ​រដ្ឋមន្ត្រី​នៅ​ទីក្រុង​ហុងកុង ឆ្នាំ​២០០៥ នៅឡើយ ខណៈ​ប្រទេស​អូស្ត្រាលី ណូ​វែ​ល​សេ​ឡង់ ន័​រវេ និង​ស្វី​ស បានផ្តល់​១០០​ភាគរយ សហគមន៍​អឺរ៉ុប ៩៩​ភាគរយ កាណាដា ៩៨.៦​ភាគរយ ជប៉ុន ៩៧.៩​ភាគរយ និង​ចិន ៩៧​ភាគរយ​។  នេះ​បើតាម​ក្រសួង​ពា​ណិ​ជ្ចក​ម្ម​។​

​កន្លងមក សហរដ្ឋអាមេរិក​បាន​អនុគ្រោះ​ពន្ធ​ទូទៅ​(GSP) តែ​លើ​ផលិតផល​ធ្វើដំណើរ​ប៉ុណ្ណោះ​។ ការផ្តល់​នេះ​បានធ្វើ​ឲ្យ​កម្ពុជា មានលទ្ធភាព​នាំចេញ​ផលិត​នេះ​ទៅកាន់​អាមេរិក កើនឡើង​ពី​ប្រហែល ៥៣ លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៥ និង​ជាង​១០០​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៦ ព្រមទាំង​អាច​បន្ត​កើន​ដល់​ប្រហែល ២០០​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៧​នេះ​៕       


Tag:
 ពន្ធ​
  កាត់ដេរ​
© រក្សាសិទ្ធិដោយ thmeythmey.com