ជាតិ
សិស្ស​និទ្ទេស​A ទាំង​៤៧​នាក់​នៅ​សៀមរាប ទទួលបាន​ម៉ូតូ​ម្នាក់​១​គ្រឿង​ពីស​ម្តេច ទៀ បាញ់​
17, Sep 2017 , 2:39 pm        
រូបភាព
​សៀមរាប​៖ សិស្ស​ជាប់​និទ្ទេស A ទាំង​៤៧​រូប​នៅក្នុង​ខេត្តសៀមរាប បានទទួល​ម៉ូតូ​ម្នាក់​មួយគ្រឿង ថ្ងៃទី​១៧ ខែកញ្ញា​នេះ ។ សម្តេច​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​លោក​អភិបាលខេត្ត ឃឹម ប៊ុន​សុង បាន​ចូលរួម​ក្នុង​ពិធី​ប្រគល់​ម៉ូតូ​នេះ​។​



​នា​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ កន្លងមក ខេត្តសៀមរាប ជាប់​ចំណាត់ថ្នាក់​លេខ​២ ក្នុងចំណោម​បណ្តា​ខេត្ត​-​រាជធានី ដែលមាន​ជ័យលាភី​និទ្ទេស A ច្រើនជាងគេ ដោយ​ក្នុងនោះ​មាន​រហូតដល់​ទៅ​៤៧​នាក់​។ ជ័យលាភី​ទាំង​៤៧​នាក់ មាន​សិស្ស​នៅ​វិទ្យាល័យ ១០ មករា ១៩៧៩ ចំនួន ២២​រូប វិទ្យាល័យ អង្គរ ៦​រូប វិទ្យាល័យ ពួក ៤​រូប វិទ្យាល័យ​អន្តរជាតិ​ភ្យូ​ឆឺ​ប្រាយ ៨​រូប វិទ្យាល័យ ហ៊ុន សែន វត្ត​ស្វាយ ១​រូប វិទ្យាល័យ អេស​អូ​អេស ២​រូប វិទ្យាល័យ បន្ទាយស្រី ១​រូប វិទ្យាល័យ ដុំ​ដែក ២​រូប និង​វិទ្យាល័យ កំពង់ក្តី ចំនួន​១​រូប​។



​នៅ​ថ្ងៃទី​១៧ ខែកញ្ញា​នេះ ពួកគេ​ទាំង​៤៧​នាក់ បានទទួល​បាន​ម៉ូតូ​ម្នាក់​១​គ្រឿង ពី​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​លោក​អភិបាលខេត្ត ឃឹម ប៊ុន​សុង​។ ក្រៅពី​ផ្តល់​ម៉ូតូ​មួយគ្រឿង សិស្ស​និទ្ទេស A ទាំង​៤៧​នាក់ ក៏​ទទួលបាន​លិខិត​សរសើរ ប្រេងសាំង​ម្នាក់​៥០​លីត្រ ប្រាក់​លើកទឹកចិត្ត​ម្នាក់​១០​ម៉ឺន​រៀល ស្លាក​លេខ​ម៉ូតូ និង​មួកសុវត្ថិភាព​ម្នាក់​មួយ​ផងដែរ​។ 

​នៅក្នុង​ពិធី​នេះ សម្តេច​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រ សួង​ការពារជាតិ  រីករាយ​ដែល​សិស្ស​ក្នុង​ខេត្តសៀមរាប​ទាំងមូល​ទ​ទួលបាន​និទ្ទេស A កើនឡើង​ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ និង​បាន​អរគុណ​ចំពោះ​អាណាព្យាបាល​សិស្ស ដែល​បាន​ជំរុញ​ឲ្យ​កូនៗ​បាន​រៀន​ពូកែ​។ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ក៏បាន​គូស​បញ្ជាក់ដែរថា នេះ​ជាស​ញ្ញា​ល្អ​សម្រាប់​សង្គមជាតិ ដែលមាន​យុវជន​ជំនាន់​ក្រោយ មានចំណេះដឹង​ពិតប្រាកដ ដើម្បី​ក្នុងការ​រួមចំណែក​អភិវឌ្ឍន៍​ប្រទេស​។​

​សូមបញ្ជាក់ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ​២០១៧​នេះ មាន​បេក្ខជន​ជាប់​និទ្ទេស​A សរុប ៤២៤​នាក់ B ២,៤៦៤​នាក់ C ៥​ពាន់​នាក់ D ៩,១២៣​នាក់ និង E ៤៦,៦៥៧​នាក់​។ ដោយឡែក អ្នក​ជាប់​ទូទាំងប្រទេស​មាន​ចំនួន ៦៣,៦៦៨​នាក់ ស្មើនឹង ៦៣,៨៤​ភាគរយ​៕




Tag:
 បាក់​ឌុប​
 ​ និទ្ទេស​A
  ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com