ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យុវជន​សោកស្តាយ ចំពោះ​ការបាត់បង់​ស្ថាបត្យករ​ឯក​លោកតា វណ្ណ ម៉ូលី​វណ្ណ​
28, Sep 2017 , 10:59 pm        
រូបភាព
ដោយ:
​យុវជន​បានបង្ហាញ​ពី​ការសោកស្តាយ​ចំពោះ មរណភាព លោកតា វណ្ណ ម៉ូលី​វណ្ណ​។ ពួកគេ​សោកស្តាយ​ដោយសារ​លោកតា គឺជា​បុគ្គ​ម​ឆ្នើម​ដ៏​កម្រ​មួយរូប​ផ្នែក​ស្ថាបត្យកម្ម​របស់​កម្ពុជា​។ បើទោះបីជា​លោកតា​បានទទួល​មរណភាព ប៉ុន្តែ​យុវជន​ជំនាន់​ក្រោយ​នូវតែ​គោរព កោតសរសើរ ចង់ចាំ​វីរភាព និង​ស្នាដៃ​ស្ថាប​ត្យ​ឯក​ជាច្រើន​ទៀត​។​



​កញ្ញា អ៊ុយ ច័ន្ទ​បរ​មី និស្សិត​ឆ្នាំ​ទី​៣ មហាវិទ្យាល័យ​ឱសថ​សាស្ត្រ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បាន​ថ្លែងថា​រូបនាង​សោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ការបាត់បង់​លោកតា ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលី​វណ្ណ ដែល​កញ្ញា ចាត់ទុកជា​វីរជន​នៅក្នុង​បេះដូង​។ ច័ន្ទ​បរ​មី ថ្លែងបន្ត​ដូច្នេះ​ថា​៖«​អ្វីដែល​ខ្ញុំ​ចងចាំ​ពី​លោកតា មិនអាច​បំភ្លេច គ្មានអ្វី​ក្រៅពី​សំណង់​ស្ថាបត្យកម្ម សាលា IFL សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ វិមានឯករាជ្យ ស្តា​ត​អូឡាំពិក និង​មាន​កន្លែង​ផ្សេងៗ​ជាច្រើន​ទៀត​។ នៅពេលដែល​ដើរកាត់​អគារ​នោះ ប្រាកដជា​នឹកឃើញ​ដល់​លោកតា​ជាក់​ជាមិនខាន​»​។ សំណង់​ស្ថាបត្យកម្ម​របស់​លោកតា ពិតជា​អស្ចារ្យ​មែនទែន ជា​សំណង់​តែមួយ​គ្មាន​ពីរ​។ នេះ​ជាការ​បន្ថែម​របស់​កញ្ញា អ៊ុយ ច័ន្ទ​បរ​មី​។​

​យុវជន អ៊ា​ន ប៊ុនហេង ជា​និស្សិត​ឆ្នាំ​ទី​៣ ជំនាញ​អក្ស​សាស្ត្រ​អង់គ្លេស នៃ​វិទ្យាស្ថាន​ភាសាបរទេស ក៏​សម្តែង​ក្តី​សោកស្តាយ ចំពោះ​មរណភាព​របស់លោក វណ្ណ ម៉ូលី​វណ្ណ​ដែរ​។ យុវជន រូបនេះ​បន្ថែមថា ការបាត់បង់​ដ៏​ធំ​បំផុត​ចំពោះ​កម្ពុជា ដែលជា​បុគ្គល​ដ៏​អស្ចារ្យ​ទាំង​សម្រាប់​កម្ពុជា និង​ពិភពលោក​។ ប៊ុនហេង បន្ថែម​ដូច្នេះ​៖« លោកតា គឺជា​បុគ្គល​ល្បី និង​មានគំនិត​កសាង​សំណង់​ស្ថាបត្យកម្ម​ដ៏​ឆ្នើម​។ ខ្ញុំ​នៅតែ​ចាំ​លោកតា មិនអាច​បំភ្លេចបាន​»​។​

​ការបាត់បង់​លោកតា ក៏បាន​ធ្វើ​ឲ្យ កញ្ញា ភ សុ​វណ្ណា រំជួលចិត្ត​ដែរ បើទោះជា​យុវតី​រូបនេះ មិន​ធ្លាប់បាន​ជួប​លោកតា ក៏ដោយ​។ កញ្ញា ភ សុ​វណ្ណា បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា នាង​នឹង​ចង់ចាំ​លោកតា​ជានិច្ច​។​

​អារម្មណ៍​សោកស្តាយ រំជួលចិត្ត ក៏បាន​កើតឡើង​ចំពោះ​សិស្សសាលា​ភូមិន្ទ​រដ្ឋបាល ឈាន ប៊ុន​ឈឿន ដោយ​រូបគេ បាន​គូស​បញ្ជាក់បន្ថែម​ដូច្នេះ​៖«​នឹង​ចង់ចាំ នូវ​វីរភាព និង​ការ​លៈបង់​របស់​លោកតា វណ្ណ ម៉ូលី​វណ្ណ​ចំពោះ​កម្ពុជា​។ ខ្ញុំ​នឹង​រៀនសូត្រ និង​ធ្វើតាម​ពី​គំរូ​របស់​លោកតា ដែល​បានធ្វើ​ចំពោះ​ប្រទេសជាតិ​»​។​

​ពាណិជ្ជករ​វ័យក្មេង នាង កុសល ក៏​ស្តាយ​ណាស់ដែរ ការបាត់បង់​ស្ថាបត្យករ​ឯក វណ្ណ ម៉ូលី​វណ្ណ​។ លោក កុសល បន្តថា​មាន​ស្នាដៃ​ច្រើនណាស់ ដែល​លោក​បាន​កសាង និង​លះបង់​ចំពោះ​កម្ពុជា ដែល​យុវជន​ខ្មែរ​ត្រូវ​រៀនសូត្រ តាម​ពី​គំរូ​វីរភាព​របស់​លោកតា​។

​លោក​ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលី​វណ្ណ បានទទួល​មរណភាព​ក្នុង​ជន្មាយុ​៩១​ឆ្នាំ នៅ​ម៉ោង ៩ និង ៤៥​នាទី ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា​។ ពិធី​បុណ្យសព​របស់​ស្ថាបត្យករ​ខ្មែរ​ដ៏​ល្បីល្បាញ​រូបនេះ ធ្វើឡើង​នៅ​គេហដ្ឋាន​របស់លោក​ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលី​វណ្ណ ក្នុងភូមិ​មណ្ឌល​៣​សង្កាត់​ស្លក្រាម  ក្រុង​សៀមរាប ខេត្តសៀមរាប​។

​ស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ កើត​នៅ​ឆ្នាំ​១៩២៦ នៅក្នុង​ខេត្តកំពត​។ លោក វណ្ណ ម៉ូលីវណ្ណ គឺជា​សិស្ស​ទី​១​ដែល​បាន​ប្រឡង​ជាប់​បាក់​ឌុប នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​នៅ​ឆ្នាំ​១៩៤៤ ។ នៅ​ឆ្នាំ​១៩៤៧-១៩៥៦ លោក​បាន​ទៅ​សិក្សា​ផ្នែក​ស្ថាបត្យកម្ម​នៅ​ទីក្រុង​បារី​ស ប្រទេស​បារាំង​។ នៅ​ជំនាន់​នោះ កម្ពុជា​គ្មាន​ស្ថាបត្យករ​ច្រើន​ទេ ហើយ​ប្រជាជន​ទូទៅ​ក៏​មិនសូវ​ស្គាល់​អាជីព​នេះដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កាលពី​ជំនាន់​នោះ ស្ថាបត្យករ ពិបាក​រកប្រពន្ធ​ជាង​វិស្វករ​សំណង់​៕


Tag:
 យុវជន​
  វណ្ណ មូលី​វណ្ណ
© រក្សាសិទ្ធិដោយ thmeythmey.com