ជាតិ
ADB បន្ថែម​ជំនួយ​៥០​លាន​ដុល្លារ​ដល់​កម្ពុជា ដើម្បី​គាំទ្រ​គម្រោង​កសិកម្ម​ធន់​នឹង​គ្រោះមហន្តរាយ
29, Sep 2017 , 7:59 am        
រូបភាព
​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័ត​លើ​ហិរញ្ញប្បទាន ៥០ លាន​ដុល្លារ បន្ថែម​ដល់​កម្ពុជា ដើម្បី​បង្កើន​ផលិតភាព​កសិកម្ម និង​លើកកម្ពស់​លទ្ធភាព​ទទួល​បាន​ទីផ្សារ​របស់​កសិក​រ​ខ្នាតតូច នៅ​ជុំវិញ​បឹង​ទន្លេសាប ដែល​ងាយ​រងគ្រោះ​ដោយសារ​គ្រោះមហន្តរាយធម្មជាតិ​។ តាម ADB ហិរញ្ញប្បទាន​បន្ថែម​នេះ នឹង​ជួយ​ដល់​ការអភិវឌ្ឍ​ប្រព័ន្ធធារាសាស្ត្រ​ខ្នាតតូច ក៏ដូចជា​ការបញ្ចូល​ការគ្រប់គ្រង​ហានិភ័យ​គ្រោះមហន្តរាយ ទៅក្នុង​ការរៀបចំ​គម្រោង​កសាង និង​ការ​ស្តារឡើងវិញ​ផ្លូវលំ​ជនបទ​ផង​។



​ក្រុមប្រឹក្សាភិបាល​ធនាគា​រ​អភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័ត​ហិរញ្ញប្បទាន​បន្ថែម​ដល់​កម្ពុជា ក្នុង​ទឹកប្រាក់​៥០​លាន​ដុល្លារ ដើម្បី​ជួយ​បង្កើន​ផលិតភាព​កសិកម្ម និង​លើកកម្ពស់​លទ្ធភាព​ទទួល​បាន​ទីផ្សារ របស់​កសិករ​ខ្នាតតូច ដែល​ងាយ​រងគ្រោះ​ដោយសារ​គ្រោះមហន្តរាយធម្មជាតិ​។

​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​នៅ​ថ្ងៃទី​២៨ ខែកញ្ញា អ្នកឯកទេស​ផ្នែក​ធនធានទឹក នៃ​ADB  អ្នកស្រី Thuy Trang Dang បាន​បញ្ជាក់ថា ហិរញ្ញប្បទាន​បន្ថែម​នេះ នឹង​ជួយ​រដ្ឋាភិបាល​បង្កើន​ផលិតភាព​កសិកម្ម ធ្វើ​ពិពិធ​កម្ម​សកម្មភាព​សេដ្ឋកិច្ច​នៅ​ជុំវិញ​បឹង​ទន្លេសាប ដើម្បី​ផ្តល់​ប្រយោជន៍​ដល់​កសិករ​ខ្នាតតូច និង​បង្កើតជា​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍ ដែល​ឆ្លុះបញ្ចាំង​ពី​តម្រូវការ​របស់​សហគម​ន៍​មូលដ្ឋាន​។ អ្នកឯកទេស​ដដែល បញ្ជាក់ទៀតថា សហគមន៍​ដែល​ហេដ្ឋារចនាសម្ព័ន្ធ កាន់តែ​អាច​ធន់​ទ្រាំ​នឹង​អាកាសធាតុ នឹង​អាច​ធូរស្រាល​ពី​គ្រោះមហន្តរាយធម្មជាតិ​នានា បាន​យ៉ាង​រហ័ស​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច​នៅ​តំបន់​ទន្លេសាប ត្រូវបាន​អនុម័ត​លើកដំបូង​កាលពី​ខែធ្នូ ឆ្នាំ​២០០៩ ជាមួយនឹង​ទឹកប្រាក់​សរុប ៥១.១៥​លាន​ដុល្លារ​។ ចាប់ពីពេលនោះ​មក គម្រោង​នេះ​បាន​ជួយ​គាំទ្រ​សកម្មភាព​អភិវឌ្ឍន៍​ជាច្រើន ដូចជា​ផ្លូវលំ​ជនបទ ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ និង​បាន​លើកកម្ពស់​ការងារ​កសិក​ម្ម ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ចំនួន​១៩៦ ក្នុង​ខេត្តបន្ទាយមានជ័យ កំពង់ចាម កំពង់ធំ សៀមរាប និង​ត្បូងឃ្មុំ​។ ហិរញ្ញប្បទាន​នេះ នឹង​ជួយ​បន្ថែម​សមត្ថភាព​គ្រប់គ្រង​ហានិភ័យ​គ្រោះមហន្តរាយ និង​ពង្រីក​វិសាលភាព​នៃ​កម្មវិធី​នេះ ដល់​ឃុំ​ចំនួន​៧៥​ទៀត ក្នុង​ខេត្តកំពង់ធំ និង​ខេត្ត​ថ្មី​២​ទៀត គឺ​បាត់ដំបង និង​ព្រៃវែង​។​

​ហិរញ្ញប្បទាន​នេះ ក៏​នឹង​ជួយ​អភិវឌ្ឍ​ប្រព័ន្ធធារាសាស្ត្រ​ខ្នាតតូច កសាង និង​ការ​ស្តារឡើងវិញ​ផ្លូវលំ​ជនបទ ដោយ​បញ្ចូល​ការគ្រប់គ្រង​ហានិភ័យ​គ្រោះមហន្តរាយ ទៅក្នុង​គម្រោង​ទាំងនោះ​។ ជាមួយគ្នានេះ វា​ក៏​នឹង​ជួយ​ឲ្យ​សហគមន៍ ធ្វើ​កសិកម្ម​តាម​ស្ថានភាព​អាកាសធាតុ ជួយ​បង្កើន​លទ្ធភាព​កសិករ​ឲ្យ​ទទួលបាន​ទិន្នន័យទីផ្សារ និង​តម្លៃ​សមរម្យ​សម្រាប់​កសិផល​របស់ខ្លួន​។

​វិស័យ​កសិកម្ម មាន​សារសំខាន់​ណាស់​ក្នុង​សេដ្ឋកិច្ចកម្ពុជា   ដោយសារ​វា​បានផ្តល់​ការងារ​ដល់​ប្រមាណ​៧០​ភាគរយ នៃ​គ្រួសារ​ដែល​រស់​នៅតាម​តំបន់​ជនបទ និង​បានរួម​ចំណែក​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​កាត់បន្ថយ​ភាពក្រីក្រ​កាលពីពេល​ថ្មីៗ​នេះ​។ ភាពក្រីក្រ​របស់​កម្ពុជា បាន​ថយចុះ​ពី​អត្រា ៥៣​ភាគរយ នៅ​ឆ្នាំ​២០០៤ មក​នៅក្រោម ១៤​ភាគរយ ក្នុង​ឆ្នាំ​២០១៤​។  ប៉ុន្តែ​ការ​អត្រា​នេះ បាន​ថមថយ​ក្នុង​ឆ្នាំ​កន្លងទៅ ដោយសារ​វិស័យ​កសិក​ម្ម ប្រឈម​នឹង​បញ្ហា​មួយចំនួន ដូចជា​ការរិចរឹល​នៃ​ធនធានធម្មជាតិ ផលិតភាព​មាន​កម្រិត​ទាប សង្វាក់​តម្លៃ​នៅ​ទន់ខ្សោយ និង​ភាព​ងាយ​រងគ្រោះ​ខ្ពស់ ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​។

​គម្រោង​នេះ ទទួលបាន​សហ​ហិរញ្ញប្បទាន​ពី​ហិរញ្ញប្បទាន​សម្បទាន ១០​លាន​ដុល្លារ ពី​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍ៍​កសិកម្ម និង​ការគាំទ្រ​ពី​រដ្ឋាភិបាល​សមមូល​នឹង​ទឹកប្រាក់​៦​លាន​ដុល្លារ​។ នេះ​បើតាម ADB​ដដែល​៕

Tag:
 ADB
 ​ ជំនួយ​
  កសិកម្ម​
 ​មហន្តរាយ​
© រក្សាសិទ្ធិដោយ thmeythmey.com