ជាតិ
អ្នកនយោបាយ សម្តែង​ការសោកស្តាយ​ចំពោះ​មរណភាព​របស់​ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលី​វណ្ណ​
29, Sep 2017 , 8:39 am        
រូបភាព
​ភ្នំពេញ​៖ ដំណឹង​មរណភាព​របស់លោក​ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលី​វណ្ណ ដែលជា​បញ្ញវន្ត​ជាន់ខ្ពស់​មួយរូប​ខាង​ស្ថាបត្យកម្ម​នៅ​កម្ពុជា ធ្វើ​ឲ្យ​អ្នកនយោបាយ នៅតាម​បណ្តា​បក្សនយោបាយ​ផ្សេងៗ សោកស្តាយ​យ៉ាងខ្លាំង​។ អ្នកនយោបាយ​ទាំងនោះ ចាត់ទុក​មរណភាពរ​បស់​លោក​ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលី​វណ្ណ ថា​ជាការ​បាត់បង់​ធនធានមនុស្ស​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​។



​លោក ប៉ុល ហំ​ម តំណាងរាស្ត្រ និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​៖«​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ក្តុកក្តួល​ក្នុង​ចិត្ត​ណាស់​។ ខ្ញុំ​ធ្លាប់​ស្គាល់​គាត់​តាំងពីក្មេង តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មក ហើយ​អ្នក​គ្រប់គ្នា ក៏​គោរព​គាត់​ដែរ ថា ជា​អ្នកចេះដឹង​ម្នាក់​ខាង​ស្ថាបត្យកម្ម មិន​ចាញ់​បរទេស​ទេ​។ ការបាត់បង់​គាត់ គឺជា​ការបាត់បង់​បញ្ញវន្ត​ខ្មែរ​ជាន់ខ្ពស់​ម្នាក់​។ ខ្ញុំ សោកស្តាយ​ណាស់​។ ខ្ញុំ​គ្មាន​អី្វ​ក្រៅពី​សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​របស់​គាត់​ទេ​។ សូម​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ ព្យាយាម​សិក្សា​ឲ្យ​ចេះដឹង​ដូចគាត់​»​។

​លោក សុខ ឥសាន តំណាងរាស្ត្រ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​៖«​ខ្ញុំ​ជា​ក្មេង​ជំនា​ន់​ក្រោយ ខ្ញុំ​ទទួលស្គាល់​ស្នាដៃ​របស់គាត់​ខាង​ស្ថាបត្យកម្ម ដែល​បាន​ចូលរួម​លើ​កត​ម្កើង​ប្រទេសជាតិ​យើង​។ ខ្ញុំ ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ សូម​ចូលរួម​សោកស្តាយ​ជាមួយ​ក្រុមគ្រួសារ​របស់​គាត់​។ យើង សូម​តម្កល់​គាត់​ជា​វីរជន ដែល​បាន​បណ្តុះបណ្តាល ដល់​អ្នកជំនាន់ក្រោយ​។ ហើយ​សូមអ្នក​ដែល​ទទួល​ចំណេះដឹង​ពី​គាត់ ត្រូវអនុវត្ត​តាម​គំរូ​វីរភាព​របស់គាត់​។ នេះ​ជា​សក្ខីកម្ម ដល់​អ្នកជំនាន់ក្រោយ  ដើម្បី​ពង្រឹង​ចំណេះដឹង​ខ្លួនឯង​ឲ្យ​បាន​មុតមាំ មិនត្រូវ​ពឹង​តែ​ចំណេះដឹង​របស់​ជនបរទេស​ទេ​»​។

​លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង អតីត​អ្នកនយោបាយ​ជាន់ខ្ពស់​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​៖«​នៅ​ស្រុក​ខ្មែរ គាត់​ហ្នឹងហើយ ដែល​ខ្លាំងជាងគេ​ខាង​ស្ថាបត្យកម្ម​។ ខ្ញុំ​សោកស្តាយ​ខ្លាំងណាស់​»​។​

​លោក ជិន ថុ​ន អគ្គលេខាធិការ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​៖«​គ្មានអ្វី​ផ្សេង​ទេ គឺ​មានតែ​សោកស្តាយ​និង​អាណិត​ហ្នឹងហើយ​។ គាត់ ជា​អ្នកចេះដឹង​ម្នាក់ ហើយ​យើង​ទទួលស្គាល់​ចំណេះដឹង​របស់គាត់​ខាង​បច្ចេកទេស​។ គាត់​អាចជា​គំរូ​របស់​អ្នកជំនាន់ក្រោយ សម្រាប់​ផ្នែក​បច្ចេកទេស​»​។​

​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​៖«​កម្ពុជា បាត់បង់​អ្នក​ពូកែ អ្នក​ឆ្នើម​ម្នាក់​ទៀតហើយ​។ គាត់ ជា​អ្នក​ជួយ​អភិវឌ្ឍ​ប្រទេសជាតិ ហើយ​ធ្វើ​ឲ្យ​ប្រ​ទេ​ជាតិ ល្បីល្បាញ​ខាង​ស្ថាបត្យកម្ម​។ សូម​ឲ្យ​អ្នក​ជំនា​ក់​ក្រោយ ជាពិសេស​រដ្ឋាភិបាល ជួយ​រក្សា​ស្នាដៃ​និង​កេរដំណែល​របស់គាត់ កុំ​ឲ្យ​បាត់បង់​»​។

​សូម​រម្លឹកថា លោក​ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលី​វណ្ណ បានទទួល​មរណភាព ក្នុង​ជន្មាយុ​៩១ ឆ្នាំ នៅ​ពេលា​ម៉ោង​៩ និង​៤៥​នាទី​ព្រឹក នា​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២0១៧៕
 


Tag:
 វណ្ណ ម៉ូលី​វណ្ណ​
  មរណភាព​
  អ្នកនយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com