ជាតិ
សហការី​ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលី​វណ្ណ រម្លឹក​ពី​ស្នាដៃ និង​អនុស្សាវរីយ៍​ដែល​មិនអាច​បំភ្លេចបាន​
29, Sep 2017 , 11:15 am        
រូបភាព
«លោកតា វណ្ណ ម៉ូលីវណ្ណ ថតនៅស្ថានីយ៍ស្រាវជ្រាវឡដុតកុលាលភាជន៍ទី១នៅស្រុកខ្មែរ ក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាឆ្នាំ ១៩៩៦» រូបភាព៖ លោក អ៊ឹម សុខរិទ្ធី
«លោកតា វណ្ណ ម៉ូលីវណ្ណ ថតនៅស្ថានីយ៍ស្រាវជ្រាវឡដុតកុលាលភាជន៍ទី១នៅស្រុកខ្មែរ ក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាឆ្នាំ ១៩៩៦» រូបភាព៖ លោក អ៊ឹម សុខរិទ្ធី
​សៀមរាប​៖ សម្រាប់​អ្នក​ដែល​ស្និទ្ធ និង​ជាស​ហការី​ព្រឹទ្ធាចារ្យ វណ្ណ មូ៉លី​វណ្ណ នៅមាន​អារម្មណ៍​ក្តុកក្តួល ចំពោះរ​មណ​ភាព​របស់​លោកតា វណ្ណ ម៉ូលី​វណ្ណ​។ បិតា​ស្ថាបត្យករ​រូបនេះ បានទទួល​មរណភាព​នៅ​ព្រឹក​ថ្ងៃទី​២៨ កញ្ញា ឆ្នាំ​២០១៧ នៅ​គេហដ្ឋាន​របស់លោក នាទី​ក្រុង​សៀមរាប​។



​សហការី និង​អ្នក​ដែល​ស្និទ្ធស្នាល​នឹង​លោកតា វណ្ណ ម៉ូលី​វណ្ណ នៅមាន​អារម្មណ៍​ក្តុកក្តួល ជុំវិញ​ដំ​ណឹ​មរណភាព​របស់​លោកតា​។ ពួកគេ​បានបង្ហាញ​អារម្មណ៍ ដែល​ធ្លាប់​គោរព និង​ស្រឡាញ់​លោកតា រួម​និង​អនុស្សាវរីយ៍​ជាច្រើន​អំឡុងពេល​ធ្វើការ​រួមគ្នា​។



​លោក ខៀវ ច័ន្ទ អតីត​សហការី​របស់​លោកតា វណ្ណ ម៉ូលី​វណ្ណ បានបង្ហាញ​អារម្មណ៍​សោកស្តាយ​ជាខ្លាំង ព្រោះថា លោកតា​មាន​ទស្សនៈ​វែងឆ្ងាយ​ក្នុង​ការរៀបចំ​នគរូបនីយកម្ម​ឲ្យ​បានល្អ​។ លោក ខៀវ ច័ន្ទ ចាត់ទុក​មរណភាពរ​បស់​លោកតា វណ្ណ ម៉ូលី​វណ្ណ ដូច​ទៅនឹង​ការបាត់បង់​នូវ​បណ្ណាល័យ​ដ៏​ធំ​មួយ​យ៉ាង​ដូច្នោះ​ដែរ​។​

​សំឡេង​លោក ខៀវ ច័ន្ទ




​ចំណែក​អតីត​សហការី​មួយរូប​ទៀត ក៏បាន​បង្ហាញ​អារម្មណ៍​សោកសៅ​ចំពោះរ​មណ​ភាព​លោកតា វណ្ណ ម៉ូលី​វណ្ណ ផងដែរ​។ លោក អ៊ឹម សុខ​រិទ្ធី  ដែលជា​សហការី​ធ្វើការ​ជាមួយ​លោកតា ពី​ឆ្នាំ​១៩៩៩ ដល់​ចុងឆ្នាំ​២០០២ រៀបចំ​ថា លោកតា វណ្ណ មាន​ទស្សនៈ​វែងឆ្ងាយ​ទាក់ទង​នឹង​រឿង​សង្គម ការរៀបចំ​នគរូបនីយកម្ម វិទ្យាសាស្ត្រ​។ លោកតា​ជា​ស្ថាបត្យករ​ម្នាក់ ក្នុង​ចំពោះ​ស្ថាបត្យករ ៥០០​នាក់ ក្នុង​បញ្ជី​អ្នកល្បី​ល្បាញ​លើ​ពិភពលោក​។ លោកតា​បាន​បង្កើត​ទម្រង់ការ​រៀបចំ​ក្រុង​របៀប​ខ្មែរ​សម័យ​ទំនើប ដែលមាន​តែមួយ​ក្នុង​អាស៊ី​។

​បើតាម​លោក អ៊ឹម សុខ​រិទ្ធី ខ្មែរ​យើង​ពិតជា​មានសំណាង​ដោយសារ​មាន​ស្ថាបត្យកម្ម​ពីមួយ​សម័យកាល​ទៅមួយ​សម័យកាល ត​មិន​ដាច់​។ ចំណុច​សំខាន់​ដែល​លោក សុខ​រិទ្ធី ចាំ​មិន​ភ្លេច​នោះ គឺ​ការបណ្តុះបណ្តាល និង​ការ​ផ្តល់ឱកាស​ឲ្យ​ក្មេងៗ​បញ្ចេញស្នាដៃ ពេល​លោកតា វណ្ណ ម៉ូលី​វណ្ណ គ្រប់គ្រង​អាជ្ញាធរ​អប្សរា​។​

​សំឡេង​លោក អ៊ឹម សុខ​រិទ្ធី​






Tag:
 វណ្ណ ម៉ូលីវណ្ណ
© រក្សាសិទ្ធិដោយ thmeythmey.com