ជាតិ
កម្ពុជា​មិន​ទទួលស្គាល់ «​សមាជិកសភា​អាស៊ាន ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស APHR»
29, Sep 2017 , 2:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋសភា​កម្ពុជា បានប្រកាសថា មិន​ទទួលស្គាល់​បណ្តុំ​សមាជិកសភា​ជា​លក្ខណ​អន្តរជាតិ​មួយ ដែលមាន​ឈ្មោះថា សមាជិកសភា​អាស៊ាន ទទួលបន្ទុក​សិទ្ធិមនុស្ស (Asean Parliamentarians for Human Rights) ។



​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន រដ្ឋសភា​កម្ពុជា អះអាងថា កន្លងមក សមាជិកសភា​អាស៊ាន ទទួលបន្ទុក​សិទ្ធិមនុស្ស បានចេញ​សេចក្តីថ្លែងការណ៍ ដែលមាន​លក្ខណ​ជ្រៀត​ជ្រែកចូល​ផ្ទៃ​ក្នុងនៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយចំនួន ដោយ​ល្មើស​នឹង​គោលការណ៍​ចម្បង​របស់​អាស៊ាន​។ សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​កម្ពុជា សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​គេ ហៅ​សមាជិកសភា​អាស៊ាន ទទួលបន្ទុក​សិទ្ធិមនុស្ស គ្រាន់តែ​ជាការ​រៀបចំ​របស់​មនុស្ស​មួយក្រុម​តូច ដែល​ឆ្លៀត​ប្រើ​ឈ្មោះ​សភា​អាស៊ាន ដោយ​ខុសច្បាប់​តែប៉ុណ្ណោះ​។ សូម​សាធារណជន កុំ​មានការ​ភាន់ច្រឡំ​»​។​

​អន្តរ​សភា​អាស៊ាន (Asean Inter-Parliamentary Assembly)  គឺជា​ស្ថាប័ន​អន្តរជាតិ​តែមួយគត់ ដែល​តំណាង​ឲ្យ​សមាជិកសភា​អាស៊ាន​។ នេះ​ជាការ​អះអាង​របស់​អគ្គ​លេខាធិការដ្ឋាន​នៃ​អន្តរ​សភា​អាស៊ាន ដែល​រដ្ឋសភា​កម្ពុជា ដកស្រង់​យកមក​សរ​សេរ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ខាងលើ​។

​កន្លងមក គេ​សង្កេតឃើញថា សមាជិកសភា​អាស៊ាន ទទួលបន្ទុក​សិទ្ធិមនុស្ស ធ្លាប់​ចេញ​សេចក្តីថ្លែងការណ៍ ទាក់ទង​នឹង​កម្ពុជា​។ ជាក់ស្តែង ថ្មីៗ​នេះ ស្ថាប័ន​អន្តរជាតិ​មួយ​នេះ បានចេញ​សេចក្តីថ្លែងការណ៍ ដោយ​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា ក្រោយ​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ចាប់ខ្លួន​។

​សូមបញ្ជាក់ថា សមាជិកសភា​អាស៊ាន ទទួលបន្ទុក​សិ​ទិ្ធ​មនុស្ស (APHR) ដែល​ត្រូវបាន​បង្កើតឡើង ក្នុង​ឆ្នាំ​២0១៣ គឺជា​កម្លាំង​អន្តរាគមន៍​ផ្នែក​សិទ្ធិមនុស្ស​របស់​សមាជិក​សភា​អាស៊ាន ដើម្បី​ទប់ស្កាត់​ការរើសអើង ហើយ​លើកកម្ពស់​សេរីភាព​នយោបាយ និង​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ រួមទាំង​សិទ្ធិមនុស្ស​នៅក្នុង​តំបន់​។ នេះ​បើតាម​គេហទំព័រ​របស់​សមាជិក​សភា​អាស៊ាន ទទួលបន្ទុក​សិ​ទិ្ធ​មនុស្ស ៕


Tag:
 សភា​
  APHR
  មិន​ទទួលស្គាល់
© រក្សាសិទ្ធិដោយ thmeythmey.com